សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រេស៊ីល និងអាហ្សង់ទីនគ្រោងដាក់ឱ្យប្រើរូបិយប័ណ្ណរួមដើម្បីកាត់បន្តយការប្រើប្រាក់ដុល្លារ
24, Jan 2023 , 9:29 pm        
រូបភាព
ទង់ជាតិប្រទេសប្រេស៊ីល និងអាហ្សង់ទីន។ រូបភាព ៖ Getty Images ។
ទង់ជាតិប្រទេសប្រេស៊ីល និងអាហ្សង់ទីន។ រូបភាព ៖ Getty Images ។
ប្រេស៊ីល និងអាហ្សង់ទីនមានបំណងធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែច្រើនបន្ថែមទៀត រួមទាំងផែនការដាក់ឱ្យប្រើប្រាស់នូវរូបិយប័ណ្ណរួមគ្នា។ ផែនការនេះ មានគោលដៅក្នុងការពង្រឹងសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់ និងកាត់បន្ថយហានិភ័យនៃការប្រើប្រាស់ប្រាក់ដុល្លារ។


បើតាមកាសែត Financial Times ប្រេស៊ីល និងអាហ្សង់ទីន នឹងប្រកាសអំពីការចាប់ផ្តើមដំណើរការនៃការដាក់ឱ្យប្រើនូវរូបិយប័ណ្ណរួមគ្នានៅសប្តាហ៍ក្រោយក្នុងអំឡុងពេលសន្និសីទមួយនៅទីក្រុងប៊ុយណូស៊ែ។ គោលបំណងនៃការប្រើប្រាស់រូបិយប័ណ្ណររួមគ្នានេះ គឺផ្តោតសំខាន់លើរបៀបដែលអាចជំរុញពាណិជ្ជកម្មក្នុងតំបន់ លំហូរហិរញ្ញវត្ថុ កាត់បន្ថយប្រតិបត្តិការចំណាយ ជាពិសេសកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ។
 
ប្រេស៊ីលបានស្នើឱ្យដាក់ឈ្មោះនៃរូបិយប័ណ្ណនេះថា«sur»  ដែលមានន័យថាភាគខាងត្បូង។ នៅក្នុងបទសម្ភាសជាមួយកាសែត Financial Times រដ្ឋមន្ត្រីហិរញ្ញវត្ថុអាហ្សង់ទីន លោក Sergio Massa បានអះអាងថា​ ភាគីនានានឹងធ្វើការសម្រេចចិត្តជាផ្លូវការមួយស្តីពីការចាប់ផ្តើមសិក្សាភាពចាំបាច់សម្រាប់ការប្រើប្រាស់រូបិយប័ណ្ណរួមនេះ ដោយរួមបញ្ចូលទាំងបញ្ហាស្តីពីហិរញ្ញវត្ថុ ទំហំសេដ្ឋកិច្ច និងតួនាទីរបស់ធនាគារកណ្តាល។
 
គំនិតផ្តួចផ្តើមខាងលើនេះ ត្រូវបានអ្នកនយោបាយនៃប្រទេសទាំងពីរបានពិភាក្សាគ្នាតាំងពីឆ្នាំ ២០១៩ ប៉ុន្តែនាពេលនោះ មានការប្រឆាំងពីធនាគារកណ្តាលរបស់ប្រេស៊ីល។ ការចាប់ផ្តើមដំបូងជាគម្រោងទ្វេភាគី ហើយជាបន្តបន្ទាប់គំនិតផ្តួចផ្តើមនេះ នឹងត្រូវបានពង្រីកដោយរួមបញ្ចូលប្រទេសអាម៉េរិកឡាទីនផ្សេងទៀតនាពេលក្រោយ។ 
 
កាសែត Financial Times បានបន្ថែមថា ការសម្រេចចិត្តជាផ្លូវការក្នុងការដាក់ឱ្យប្រើប្រាស់រូបិយប័ណ្ណរួមនេះ ត្រូវបានគេរំពឹងថានឹងប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ទៅកាន់ប្រទេសអាហ្សង់ទីនចាប់ពីថ្ងៃទី ២២ ខែមករា៕
 

Tag:
 ប្រេស៊ីល អាហ្សង់ទីន រូបិយប័ណ្ណរួម
© រក្សាសិទ្ធិដោយ thmeythmey.com