ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូតអង់គ្លេស និងលោក កឹម សុខា ពិភាក្សាគ្នាពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា
24, Jan 2023 , 6:04 pm        
រូបភាព
រាប់តែ៣នាក់ពីឆ្វេងដៃទៅ៖ លោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា, លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ, និងលោក ដូមីនិក វីលៀម ឯកអគ្គរាជទូតអង់គ្លេស។ រូបពីស្ថានទូតអង់គ្លេស
រាប់តែ៣នាក់ពីឆ្វេងដៃទៅ៖ លោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា, លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ, និងលោក ដូមីនិក វីលៀម ឯកអគ្គរាជទូតអង់គ្លេស។ រូបពីស្ថានទូតអង់គ្លេស
លោក ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតថ្មីនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា និងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានជួបពិភាក្សាលើបញ្ហានានា រួមមាន ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាដើម។ ជំនួបនេះ ប្រព្រឹត្តទៅនៅនិវេសនដ្ឋានលោកឯកអគ្គរាជទូត នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។


ទាំងលោក កឹម សុខា ទាំងស្ថានទូតអង់គ្លេស សុទ្ធតែបង្ហោះព័ត៌មានអំពីជំនួបនេះលើបណ្តាញសង្គម។ លោក កឹម សុខា សរសេរថា ជំនួបរវាងលោក និងលោក ដូមីនិក វីលៀម ប្រព្រឹត្តទៅដោយភាពស្និទ្ធស្នាល ការគោរព និងការផ្តល់តម្លៃគ្នាទៅវិញទៅមក។ មេដឹកនាំប្រឆាំងរូបនេះ បញ្ជាក់ដូច្នេះថា៖«យើង បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាមួយចំនួន ដូចជាដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាជាដើម»។

រីឯស្ថានទូតអង់គ្លេស លើកឡើងថា ភាគីទាំង២ បានពិភាក្សាគ្នាអំពីបញ្ហាជាច្រើន ដោយបូករួមទាំងដំណើរការកាត់ក្តីលើសំណុំរឿងរបស់លោក កឹម សុខា ផងដែរ។ ស្ថានទូតអង់គ្លេស អះអាងដូច្នេះថា៖«ស្ថានទូតអង់គ្លេស ទទួលស្គាល់ពីសារសំខាន់នៃការចូលរួមយ៉ាងទូលំទូលាយនៅទូទាំងសង្គមកម្ពុជា ហើយយើង ទន្ទឹងរង់ចាំការពិភាក្សាបន្ថែមទៀតជាមួយឥស្សរជនជាន់ខ្ពស់ក្នុងប៉ុន្មានខែខាងមុខ»។

តាមរយៈសំណេររបស់ខ្លួនដដែល លោក កឹម សុខា រំលេចថា នាដើមឆ្នាំ២០២៣នេះ លោក បានទទួលជួបទូតនៃប្រទេសមហាអំណាច និងទូតនៃបណ្តាប្រទេសនានាជាបន្តបន្ទាប់។ លោក បានថ្លែងអំណរគុណចំពោះទូត និងតំណាងបរទេសទាំនោះ ដែលបានផ្តល់កិត្តិយសដល់លោក ដោយបានទៅជួបលោកដល់គេហដ្ឋាន។ លោក តែងទទួលបានពាក្យពីតំណាងបរទេសខាងលើថា ប្រទេសរបស់ពួកគេ គឺជាមិត្តរបស់ប្រជាពលរដ្ឋខ្មែរ ហើយនៅតែចង់ជួយប្រជាពលរដ្ឋខ្មែរ ពិសេសក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។

និយាយពីសំណុំរឿងរបស់លោក កឹម សុខា វិញ គឺបានឆ្លងកាត់ការជំនុំជម្រះចប់ហើយ ដោយរង់ចាំតែថ្ងៃប្រកាសសាលក្រមប៉ុណ្ណោះ។ សាលក្រមលើសំណុំរឿងដ៏ធំនេះ នឹងត្រូវប្រកាសនៅថ្ងៃទី៣ ខែ៣ ឆ្នាំ២០២៣។ ទម្រាំឈានដល់ការបញ្ចប់ការជំនុំជម្រះ សំណុំរឿងនេះ ត្រូវចំណាយពេលអស់ជាង៥ឆ្នាំ ហើយលោក កឹម សុខា ក៏ត្រូវខាតពេលក្នុងការធ្វើនយោយបាយអស់រយៈប៉ុណ្ណឹងដែរ៕

Tag:
 កឹម សុខា
  Dominic Williams
© រក្សាសិទ្ធិដោយ thmeythmey.com