អន្តរជាតិ
កូរ៉េខាងជើង បិទរដ្ឋធានីព្យុងយ៉ាង៥ថ្ងៃ ក្រោយរាលដាលជំងឺផ្លូវដង្ហើមម៉្យាង
25, Jan 2023 , 4:29 pm        
រូបភាព
អាជ្ញាធរនៅក្នុងរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើងបានបញ្ជាឱ្យបិទទីក្រុងរយៈពេល៥ថ្ងៃ ដោយសារកើតមានករណីឆ្លងជំងឺផ្លូវដង្ហើមម៉្យាង តែមិនបានបញ្ជាក់ឈ្មោះជំងឺឡើយ។ នេះបើតាមសារព័ត៌មាន NK News រាយការណ៍នៅថ្ងៃទី២៥ ខែមករា។


ស្រដៀងគ្នានឹងការបិទប្រទេសក្រោយបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ លើកដំបូងកាលពីខែឧសភា ឆ្នាំ២០២២ កូរ៉េខាងជើងបានប្រកាសបិទរដ្ឋធានីរបស់ខ្លួនរយៈពេល ៥ថ្ងៃដោយសារមានករណីឆ្លងរាលដាលជំងឺផ្លូវដង្ហើមម៉្យាង។ បើតាមការរាយការណ៍របស់សារព័ត៌មាន NK News នៅថ្ងៃទី២៥ ខែមករា ដោយដកស្រង់ចេញពីសេចក្តីជូនដំណឹងផ្លូវការរបស់រដ្ឋាភិបាលកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាង មិនបានបញ្ជាក់ពីប្រភេទជាជំងឺអ្វីទេ ហើយក៏មិនបានលើកឡើងទាក់ទងនឹងជំងឺកូវីដ-១៩ ដែរ។
 
បើតាមប្រភពព័ត៌មានដដែល រដ្ឋាភិបាលកូរ៉េខាងជើងបានរៀបរាប់ថាជំងឺផ្លូវដង្ហើមនេះដូចនឹងជំងឺផ្ដាសាយធម្មតា ហើយបានបញ្ជាឱ្យប្រជាជនក្នុងរដ្ឋធានីនៅតែក្នុងផ្ទះរហូតដល់ផុតសប្ដាហ៍នេះ ហើយត្រូវស្ទង់កម្ដៅខ្លួនឱ្យបានច្រើនដងក្នុងមួយថ្ងៃ។ 
 
សារព័ត៌មានខាងលើដែលតាមដានស្ថានភាពនៅកូរ៉េខាងជើង រាយការណ៍ទៀតថ ប្រជាជនក្នុងទីក្រុងព្យុងយ៉ាងបាននាំគ្នាទៅទិញឥវ៉ាន់ស្ដុកទុកសម្រាប់ប្រើប្រាស់ ព្រោះមុនឈានដល់ការប្រកាសបិទរដ្ឋធានីជាផ្លូវការ ព្រោះអាជ្ញាធរបានផ្ដល់ដំណឹងទុកមុនដែរដើម្បីឱ្យប្រជាជនបានត្រៀមខ្លួន។ ចំណែកទីក្រុងផ្សេងក្រៅពីរដ្ឋធានីព្យុងយ៉ាង មិនទាន់មានតម្រុយអំពីការបិទខ្ទប់អ្វីទេ។
 
ជាទម្លាប់ក្នុងប្រទេសដ៏អាថ៌កំបាំងនេះ ព័ត៌មានអ្វីឡើយជុំវិញបញ្ហាក្នុងប្រទេសពិសេសជុំវិញការរាលដាលជំងឺបែបនេះ មិនមានអ្វីដែលលម្អិតឡើយ មិនថាករណីឆ្លង ឬស្ថានភាពធ្ងន់ធ្ងរអ្វីដែរ ដែលមិនខុសគ្នាប៉ុន្មានពីស្ថានភាពអំឡុងជំងឺកូវីដ-១៩ ឡើយ។ 
 
យ៉ាងណាមិញ ការរាលដាលជំងឺផ្លូវដង្ហើមបានកើតឡើង មុនថ្ងៃកំណើតកងទ័ពលើកទី៧៥ឆ្នាំ ដែលជាធម្មតាមានមនុស្សចូលរួមច្រើនកុះករ៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com