អន្តរជាតិ
អ្នកនេសាទ​កាមេរូន​ជំរុញ​ឱ្យ​បញ្ឈប់​ការនេសាទ​ខុសច្បាប់​ នៅក្នុង​ឈូងសមុទ្រ​ហ្គីណេ​ ដើម្បី​ឱ្យ​សហភាព​អឺរ៉ុប​លុបចោល​បម្រាម
25, Jan 2023 , 7:29 pm        
រូបភាព
រូបឯកសារ៖ អ្នកនេសាទ​ម្នាក់​លក់​ត្រី​នៅ​ផ្សារ​ត្រី​ស្រស់​ក្នុង​ទីក្រុង Limbe ប្រទេស​កាមេរូន កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។
រូបឯកសារ៖ អ្នកនេសាទ​ម្នាក់​លក់​ត្រី​នៅ​ផ្សារ​ត្រី​ស្រស់​ក្នុង​ទីក្រុង Limbe ប្រទេស​កាមេរូន កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។
ដោយ: VOA
បណ្តាទូកនេសាទ​បាន​វិល​ត្រឡប់​មក​ដល់ភូមិនេសាទ Idenau វិញ ដែលស្ថិតនៅមាត់សមុទ្រ​ជិត​ព្រំប្រទល់ខាង​លិច​រវាង​ប្រទេសកាមេរូន និង​ប្រទេស​នេហ្សេរីយ៉ា។ អាជ្ញាធរ​និយាយ​ថា​ ​មាន​អ្នក​នេសាទ​រាប់រយ​នាក់ នៅក្នុង​ភូមិ Idenau ហើយ​ត្រីភាគ​ច្រើន​ដែល​ពួក​គេ​នេសាទ​បាន​ គឺ​ត្រូវ​នាំចេញ​ទៅ​កាន់​ប្រទេស​ជិតខាង​ខ្លួន​ ដូច​ជា​នីហ្សេរីយ៉ា និង​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​ជា​ដើម។ ប៉ុន្តែ​អាជ្ញាធរដែលមើល​ការ​ខុសត្រូវលើ​ការ​នេសាទ​ទាំង​នោះ​និយាយថា​ ​ក្រុម​អ្នក​នេសាទ ដែល​កំពុង​ប្រតិបត្តិការនៅ​លើ​ដែន​ទឹក​ប្រទេស​កាមេរូន​ក្នុង​ឈូងសមុទ្រ​ហ្គីណេ​នោះ​ មិន​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ និង​មិន​មែន​ជា​អ្នកនេសាទ​មក​ពី​ប្រទេស​កាមេរូនទេ។​
 
អ្នកនេសាទ​ជន​ជាតិ​បេណាំង​ម្នាក់​ឈ្មោះ Thomas Wessie អាយុ​៤៥​ឆ្នាំ​ និយាយ​ថា​ គាត់​បាន​ចាកចេញ​ពី​ស្រុក ​Djougou ក្នុង​ឆ្នាំ​២០១៧​ ដើម្បី​មកប្រកប​របរ​នេសាទ​ក្នុង​តំបន់​ភាគ​និរតី​ប្រទេស​កាមេរូន​ ដែលមានភូមិ Idenau​ ស្ថិត​នៅទីនោះ។

លោកថ្លែងថា៖ «ក្រុមហ៊ុន​របស់​ខ្ញុំមានទូកនេសាទ​ទំហំធម្យម​៧​គ្រឿង​ សម្រាប់ធ្វើ​ការ​នេសាទក្នុងទ្រង់​ទ្រាយពាក់កណ្តាល​ឧស្សាហកម្ម។​ ក្រៅ​ពី​ជនជាតិ​កាមេរូន​ តូហ្គោ បេណាំង​ ហ្កាណា​ និង​នីហ្សេរីយ៉ា ជនជាតិ​ចិនជា​ច្រើន​ ក៏​កំពុង​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​នេសាទ​ដែល​មាន​លក្ខណៈ ពាក់​កណ្តាល​ឧស្សាហកម្ម ឬ​ធ្វើ​កសិដ្ឋាន​ចិញ្ចឹមត្រី​តាមបែប​ឧស្សាហកម្ម​ នៅ​ក្នុង​ដែន​ទឹករបស់ប្រទេស​កាមេរូន​ ក្នុង​មហាសមុទ្រ​អាត្លង់ទិក​ផង​ដែរ។ ទូក​នេសាទ​ចូលចិត្ត​នេសាទ​ត្រីក្នុង​ដែន​ទឹក​របស់​ប្រទេស​កាមេរូន​ ពី​ព្រោះប្រទេសហ្គីណេអេក្វាទ័រ ហ្គាបុង និង​នីហ្សេរីយ៉ា​ ដែល​នៅ​ក្បែរ​ប្រទេស​កាមេរូន​នោះ​ មាន​ក្រុមកងទ័ព​ត្រួតពិនិត្យយ៉ាង​តឹងរឹង​ ដើម្បី​បញ្ឈប់ការ​នេសាទ​ខុសច្បាប់។
 
ផែនទីនៃ​ឈូងសមុទ្រហ្គីណេ
 
សហភាព​អឺរ៉ុបកាល​ពី​ថ្ងៃ​ទី​៥​ ខែ​មករា​ បាន​ដាក់​បម្រាម​ទៅ​លើម្ហូប​គ្រឿង​សមុទ្រដែល​នាំ​ចូល​មក​ពី​ប្រទេស​កាមេរូន​ ដោយ​លើក​ឡើង​ពីគោលនយោបាយ​មិន​អនុគ្រោះទៅលើ​ការ​នេសាទខុសច្បាប់​ គ្មាន​ច្បាប់​អនុញ្ញាត​ ឬ​ការ​នេសាទ​ទាំងឡាយ​ណា​ដែល​មិន​បាន​រាយការណ៍​ឱ្យ​ដឹង​ ដែល​ជា​ការគំរាម​កំហែង​មួយទៅ​លើ​ប្រភពធនធាន​ក្នុង​សមុទ្រ។​ ​
 
សមាគមន៍​អ្នកនេសាទត្រី​នៃ​ប្រទេស​កាមេរូន​ បាន​ជួប​ប្រជុំ​គ្នា​កាល​ពីពេលថ្មីៗ នៅក្នុង​រដ្ឋធានី យុនដេ នៃ​ប្រទេស​កាមេរូន​ដើម្បី​ពិភាក្សា​អំពីបញ្ហា​នេះ។​
សមាជិកមួយ​រូប​នៃ​សមាគមន៍នេះ​ គឺ​លោក​ Koulou Boulou Pierre និយាយ​ថា​ អ្នក​នេសាទត្រី​ខុសច្បាប់​ភាគ​ច្រើន​បំផុត​ ​ក្នុង​ដែន​ទឹក​របស់​ប្រទេស​កាមេរូន​នោះ​ គឺ​មក​ពី​ប្រទេស​អាហ្វ្រិក ​និង​ប្រទេស​ចិន។
 
លោកថា​ ក្រុម​អ្នក​នេសាទ​ខុសច្បាប់​ទាំង​នោះ​ ​បាន​ធ្វើ​ប្រតិបត្តិការរបស់​ខ្លួនតាម​រយៈ​មន្ត្រី​ពុករលួយ​ ដោយ​មិន​ខ្វល់​ពីតំបន់​នេសាទ​ដែល​មាន​ការ​ហាម​ឃាត់​ឡើយ។
លោកថា៖ «​គេ​នៅ​ខ្វះឆន្ទៈនយោបាយ​នៅឡើយដើម្បី​បញ្ឈប់​អំពើ​ពុករលួយ​ដ៏​ខ្លាំង​ក្លា​ ដែលបណ្តាល​ឱ្យ​មាន​ក្រុមហ៊ុន​នេសាទ​ខុសច្បាប់​ជា​ច្រើននៅ​ពាស​ពេស​ប្រទេស​កាមេរូន​នោះ។​ ប្រសិន​បើ​រដ្ឋាភិបាល​កាមេរូន​ មិន​ចាត់​វិធានការ​ដើម្បីលុប​ចេញ​ការ​ដាក់​បម្រាម​របស់​សហភាព​អឺរ៉ុបនោះ​ទេ​ សេដ្ឋកិច្ចរបស់​កាមេរូន​ នឹង​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ ពីព្រោះ​បង្គា​និង​បង្កងប្រមាណ​៨​ពាន់តោន​ ដែល​ត្រូវ​នាំចេញទៅក្រៅ​ប្រទេស​នោះ​ មិន​អាចទៅ​ដល់​ទី​ផ្សារ​របស់​អឺរ៉ុប​នោះឡើយ»។
 
កាល​ពី​ឆ្នាំ​មុន​ សហភាព​អឺរ៉ុប​បាន​និយាយ​ថា​ ខ្លួន​បាន​រក​ឃើញ​នូវបញ្ហាជា​ច្រើន នៅ​ក្នុង​ឧស្សាហកម្មនេសាទ​ត្រីរបស់​ប្រទេស​កាមេរូន​ ដែល​រួមមានការ​អនុញ្ញាត​ឱ្យ​ទូក​នេសាទ​បរទេស​ ចូល​នេសាទ​ខុស​ច្បាប់ហើយ​បំពាក់​ទង់ជាតិ​កាមេរូន​ជា​ដើម។​ ​
 
គណៈកម្មការ​សហភាព​អឺរ៉ុប​និយាយ​ថា​ ខ្លួន​នឹង​លុបចោល​បម្រាម​លើ​ប្រទេស​កាមេរូន​ ប្រសិន​បើ​ប្រទេស​នេះ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវអភិបាលកិច្ច​នេសាទ​របស់​ខ្លួន​ ហើយ​ឆ្លើយ​តប​ទៅ​នឹង​កាតព្វកិច្ច​អន្តរជាតិ​ ក្នុង​ការ​ប្រយុទ្ធប្រយុទ្ធ​ប្រឆាំង​នឹងការ​នេសាទ​ខុសច្បាប់​ និង​ការនេសាទ​ដោយគ្មាន​ការ​អនុញ្ញាត​នោះ។​ ​
 
លោក​ Adrian Ngo'o Bitomo ជាអ្នកសម្របសម្រួល​អង្គការ Agropole ដែល​ជា​គម្រោង​មួយរបស់​រដ្ឋាភិបាល​កាមេរូន ដើម្បី​លើក​កម្ពស់ផលិផល​កសិឧស្សាហកម្ម​ ដែល​រួម​មាន​ត្រី​ជា​ដើម។​
 
​ក្នុង​បទ​សម្ភាសន៍​មួយ​ជា​មួយទូរទស្សន៍ CRTV កាល​ពី​ពេលថ្មីៗនេះ លោក​និយាយ​ថា​ ​ចំណាត់​ការ​ជា​បន្ទាន់ គឺ​ជា​ការ​ចាំបាច់​មួយ​ បើ​មិន​ដូច្នេះ​ទេ បម្រាមរបស់​សហភាព​អឺរ៉ុប​ នឹង​បង្អាក់​ដល់ផែន​ការ​ក្នុង​ការ​នាំចេញទិន្នផល​ត្រី​ប្រមាណ​២​សែន​តោនក្នុង​ឆ្នាំ​នេះ​ របស់​ប្រទេស​កាមេរូន។
 
លោកថា៖ «កាមេរូនគួរ​បោស​សម្អាតក្រុមហ៊ុន​នេសាទ​ត្រី​ខុសច្បាប់​រាប់រយមក​ពី​ប្រទេស​ចិន​និង​ប្រទេស​ក្នុង​ទ្វីបអាហ្រ្វិក​ ឱ្យអស់ពី​តំបន់​ឈូងសមុទ្រ​ហ្គីណេ និង​អាត្លង់ទិក​ខាង​ត្បូងរបស់​ខ្លួន​ ដែល​មិនព្រម​គោរព​តាមបទបញ្ញាត្តិ​អន្តរជាតិ​ ដើម្បីធានាឱ្យ​មាន​ចីរភាព។​ តាម​រយៈ​ការ​បញ្ឈប់​ការ​នេសាទ​ខុសច្បាប់​ រដ្ឋាភិបាល​កាមេរូន​ នឹង​ធានា​ថា​ មនុស្ស​ជំនាន់​នេះនឹង​មិន​បំផ្លាញ​សិទ្ធិ​របស់​មនុស្ស​ជំនាន់​ក្រោយ​ ក្នុង​ការទទួល​បានប្រភពធនធាន​ធម្មជាតិ​ តាម​រយៈការ​នេសាទ​ហួស​ប្រមាណ​ និងការ​នេសាទ​កូនត្រី​ដែល​មិន​ទាន់ធំ​ទាំង​នោះ‍»។
​ក្រសួង​បសុសត្វ នេសាទ​ និង​ឧស្សាហកម្ម​សត្វ​នៃ​ប្រទេសកាមេរូន​ មិន​បាន​ឆ្លើយ​តបនឹង​ការ​ស្នើ​សុំធ្វើ​អត្ថាធិប្បាយរបស់​វីអូអេ​ ជុំវិញ​ការ​ហាម​ប្រាម​របស់​សហភាព​អឺរ៉ុប​និង​អំពើ​ពុករលួយ​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់នោះ​ឡើយ។​
 
ប្រទេសចិន បាន​បដិសេធ​ជា​ច្រើន​លើក​ច្រើន​សារ​ថា​ ​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ឡើយ​ ហើយ​ថា​ ខ្លួន​បានរឹតបន្តឹងលើ​ការ​គ្រប់​គ្រងលើទូកនេសាទ​សមុទ្រ​ទឹក​ជ្រៅ​នានា​ផង​ដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com