ជាតិ
វីដេអូ
ពលរដ្ឋក្នុងក្រុង​បាត់ដំបង លើស​៥០ភាគរយ មិ​ន​បាន​​បង់លុយថ្លៃ​សំរាម!
25, Jan 2023 , 7:59 pm        
រូបភាព
 រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង
រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង
ភ្នំពេញ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បាន​លើក​ឡើង​ពី​បញ្ហា​សំរាម​ក្នុង​ក្រុង​បាត់ដំបង ដែល​​ជា​រឿងធំ សម្រាប់​ដោះស្រាយ។ បើតាម​លោក សុខ លូ ពលរដ្ឋក្នុង​ក្រុង​បាត់ដំបង មិនដល់​៥០ភាគរយទេ ដែល​បាន​បង់លុ​យ​ថ្លៃ​សំរាម។


ក្រុង​បាត់ដំបង ជា​តំបន់​ទី​ប្រជុំជន​ មាន​ភាព​ស៊ីវិល័យ និង​សម្បូរ​បែបក្នុង​ខេត្ត​បាត់ដំបង។ ក្រុង​ដ៏​រីកចម្រើននេះ បាន​បង្កើត​សំរាម​ប្រមាណ ៣០០តោន​ក្នុង​មួយ។ ជាមួយគ្នានេះ ដើម្បី​លើក​កម្ពស់​សោភ័ណភាព និង​ចូលរួម​លុប​បំបាត់​ការ​ចោល​សំរាម​ផ្ដេសផ្ដាស​រដ្ឋបាលក្រុង បាន​ចាប់ផ្ដើម​ការផាកពិន័យ​ចំពោះ​អ្នក​ចោលសំរាមផងដែរ។​
 
 

ពាក់ព័ន្ធការ​ផាក​ពិន័យនេះ មាន​ការ​មិន​គាំទ្រ​ពី​សំណាក់ពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង ដែល​អះអាងថា ក្រុម​ហ៊ុនសំរាម ​ប្រមូលសំរាម​យឺតយ៉ាវ។ «ការ​ពិត​យើង​មាន​ប្រកាស​អន្តរក្រសួង​ ទាក់ទង​នឹង​ការ​ផាក​ពិន័យនេះ យូរ​ហើយ ក៏​ប៉ុន្តែ​កន្លង​មក​យើង​មិន​បាន​អនុវត្ត​ ដោយសារ​គិត​ថា​ យក​មធ្យោបាយ​អប់រំ​ពលរដ្ឋ​ជា​គោល​។​ ប៉ុន្តែ​យើង​បាន​ប្រជុំ​គ្នា​ថា បើ​បន្ត​បែបនេះទៀត​ មិន​មែន​ជា​មធ្យោបាយ​ល្អទេ»។​ នេះ​ជា​ការ​លើក​ឡើង​របស់លោក សុខ លូ ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​ភាពជោគជ័យ​រយៈពេល​៥​ឆ្នាំកន្លងមក របស់​រដ្ឋបាល​ខេត្តបាត់ដំបង​» នៅ​​ថ្ងៃទី​២៤ មករា។​
 
បើតាម​លោកអភិបាលខេត្ត​បាត់ដំបង​រូបនេះ ក្នុង​ក្រុង​បាត់ដំបង មាន​ក្រុម​ហ៊ុន​​ប្រមូល​សំរាម​ចំនួន ២ ដែល​ដើរ​ប្រមូលសំរាម​នៅតាម​ផ្ទះ​ប្រជាពលរដ្ឋទៅ​កាន់​ទីលា​ន​ចាក់​សំរាម​។​ ប៉ុន្តែ​អ្វី​ជា​បញ្ហា​ គឺ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ។ ត្រង់ចំណុចនេះ លោក សុខ លូ ចង់សំដៅ​លើ​ពលរដ្ឋ​ដែល​មិនបាន​បង់​ប្រាក់​ថ្លៃ​សំរាម។ 
 
លោក សុខ លូ បញ្ជាប់បែបនេះ៖«ដើម្បី​ឱ្យ​ដំណើរ​ការ​យក​សំរាម​ឱ្យ​បាន​អស់​ ត្រូវ​ការ​កា​រចូលរួម​របស់​ពលរដ្ឋ គឺការ​(បង់លុយ)​។ ប៉ុន្តែមាន​បងប្អូន​ក្នុង​ក្រុង​បាត់ដំបង​ប៉ុន្មាន​ភាគ​រយ បាន​បង់លុយ​ថ្លៃ​សំរាម គឺមាន​មិនដល់​៥០ភាគរយទេ​»។​
 
ការ​បង់​ប្រាក់ថ្លៃ​សំរាម ជាកាតព្វកិច្ចរបស់​ប្រជាពលរដ្ឋ​ ក្នុង​ការ​ចូលរួម​ថែរក្សា​បរិស្ថាន ជាពិសេស​សំរាម​ដែល​ពលរដ្ឋ​បាន​បង្កើត។ បញ្ហា​ដែល​ក្រុង​បាត់ដំបង ជួប​ប្រទះ គឺ​ការមិនចូលរួម​របស់ពលរដ្ឋមួយចំនួន​​ក្នុង​ការ​បង់​ប្រាក់ និង​ការ​ចោល​សំរាម​មិន​បាន​ត្រឹម​ត្រូវ​។ 
 
ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​ លោក សុខ លូ អះអាងដូច្នេះ៖ ​«រឿងសំរាមនេះ ជា​រឿង​ធំណាស់ បើយើង​គិត​ថា​រឿង​តូច វា​តូច​ តែរឿងនេះ​មិនតូច​ទេ»។​​ អភិបាល​ខេត្ត​បាត់ដំបង ហាក់​ឈឺក្បាល​នឹង​រឿង​សំរាម ដែលជាបញ្ហា​​ស្មុគ​ស្មាញ ត្រូវ​ដោះស្រាយ ពិសេសត្រូវការ​​ការ​ភ្ញាក់រឭករបស់​ពលរដ្ឋ​៕ 
 
 

Tag:
 បាត់ដំបង
  សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com