សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រាក់បាតមានសន្ទុះឡើងថ្លៃមកវិញដោយសារភ្ញៀវទេសចរចិន
26, Jan 2023 , 8:29 am        
រូបភាព
តម្លៃប្រាក់បាតថៃកំពុងនាំមុខគេលើការកើនតម្លៃក្នុងចំណោមរូបិយប័ណ្ណអាស៊ី ដោយសារការត្រលប់មកវិញរបស់ភ្ញៀវទេសចរចិន។ ប្រាក់បាតបានឡើងថ្លៃដល់កម្រិតខ្ពស់ក្នុងរយៈពេលប្រាំបួនខែចុងក្រោយក្នុងអត្រាប្តូរប្រាក់ ៣២,៦៥បាតក្នុង១ដុល្លារអាម៉េរិក កាលពីចុងសប្តាហ៍មុន។ រហូត​មក​ដល់​ដើម​សប្តាហ៍​នេះ រូបិយ​ប័ណ្ណ​ថៃ​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ដដែល ដោយ​១ដុល្លារ​បាន​ប្តូរ​បាន៣២,៦០បាត។
 
កាល​ពីខែ​តុលា​ឆ្នាំ​មុន ប្រាក់​បាត​បាន​ធ្លាក់ចុះដល់កម្រិតទាបបំផុត​ក្នុង​រយៈ​ពេល១៦​ឆ្នាំ នៅ​ពេល​នោះ​អត្រា​ប្តូរ​ប្រាក់១ដុល្លារអាម៉េរិកបានចំនួន៣៨,៥បាត។ ជាបន្តបន្ទាប់រូបិយប័ណ្ណថៃបានកើនឡើង ក្នុងអត្រា៥,៨ភាគរយចាប់តាំងពីដើមឆ្នាំ២០២៣នេះ  ខណៈដែលប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង រូពៀឥណ្ឌូណេស៊ី និងរីងហ្គីតម៉ាឡេស៊ី កើនឡើងតិចជាង ៣ភាគរយ។
 
ប្រាក់​បាត​បាន​ឡើងថ្លៃវិញ ស្របពេលវិនិយោគិន​បាន​និង​កំពុង​ប្រមូល​រូបិយប័ណ្ណ ហើយសន្ទុះនៃការ​​ចំណាយ​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ប្រទេស​ថៃបានកើនឡើង។ អ្នកវិភាគនៅធនាគារ MayBank ម៉ាឡេស៊ីបានមើលឃើញពីសុទិដ្ឋិនិយមចំពោះប្រាក់បាត ដោយសារការបើកឡើងវិញយ៉ាងឆាប់រហ័សរបស់ចិន ដែលទំនងជាមានផលប៉ះពាល់ជាវិជ្ជមានដល់វិស័យទេសចរណ៍ថៃ។
 
លោក Sornchai Suneta នាយក​ផ្នែក​វិនិយោគ​នៃ​ធនាគារ Siam Commercial Bank បានលើកឡើង​ថា​៖ «​ប្រទេស​ថៃ​កំពុង​មើល​ឃើញ​ពី​និន្នាការ​កើនឡើង​នៃ​វិស័យ​ទេសចរណ៍ ហើយ​ប្រសិនបើ​យើងមើល​ឃើញ​អតិរេក​កើនឡើង​ខ្លាំង​ជាង​គណនី​របស់​យើង នោះបង្ហាញថា​​ប្រាក់​បាតកំពុងតែរឹងមាំ​»​។
 
ជាមួយគ្នានេះ ភ្ញៀវ​ទេសចរ​ចិន​ត្រឡប់​មក​តំបន់​អាស៊ី​អាគ្នេយ៍​វិញ​ជាបណ្តើរៗ ទោះមិនទាន់ច្រើនដូចមុន ហើយក្នុងនោះ​​ថៃ ​ជា​គោលដៅ​ស្វែងរក​ច្រើន​បំផុត​ដោយ​ជនជាតិ​ចិន​នៅ​លើ​គេហទំព័រ Agoda និង Trip.com។ សាកលវិទ្យាល័យពាណិជ្ជកម្មថៃរំពឹងថា ការចំណាយលើវិស្សមកាលក្នុងដំណើរកំសាន្ត ប្រទេសថៃអាចនឹងទទួលបាន៤៥ពាន់លានបាតពីវិស័យទេសចរណ៍។ 
រដ្ឋាភិបាលថៃរំពឹងថានឹងមានជនជាតិចិនមកលេងប្រទេសថៃយ៉ាងហោចណាស់ ៥លាននាក់នៅឆ្នាំ២០២៣ កើនឡើងពី ១១លាននាក់កាលពីឆ្នាំ ២០១៩។
 
ប្រាក់បាតត្រូវបានគេរំពឹងថានឹងបន្តកើនឡើងនៅឆ្នាំនេះ ខណៈដែលអ្នកវិនិយោគរំពឹងថាប្រាក់ដុល្លារនឹងធ្លាក់ចុះ ហើយធនាគារកណ្តាលអាម៉េរិក នឹងកាត់បន្ថយការដំឡើងអត្រាការប្រាក់។ ម្យ៉ាងវិញទៀត ធនាគារកណ្តាលថៃត្រូវបានគេរំពឹងថានឹងមានការដំឡើងអត្រាការប្រាក់ពីរ ឬបីដងនៅឆ្នាំ ២០២៣នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com