អន្តរជាតិ
Facebook និង​ Instagram នឹងបើកគណនីលោកដូណាល់ ត្រាំ ឱ្យដំណើរការឡើងវិញ
26, Jan 2023 , 12:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ក្រុមហ៊ុនបណ្តាញសង្គម Meta នៅថ្ងៃទី២៥ ខែមករា បានអះអាងថា ខ្លួននឹងបើកគណនី Facebook និង Instagram របស់លោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិកឱ្យដំណើរការឡើងវិញ ក្រោយផ្អាកចាប់តាំងពីឆ្នាំ២០២១។
 
ក្រោយមានបាតុកម្មនៅវិមានCapitol ក្នុងក្រុងវ៉ាស៊ីនតោន នៅដើមឆ្នាំ២០២១ ក្រុមហ៊ុន​Meta បានផ្អាកដំណើរការគណនី Facebook និ​ង​ Instagram របស់លោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក។ យ៉ាងណាមិញ ក្រុមហ៊ុនអាម៉េរិកមួយនេះ នឹងបើកគណនីលោកត្រាំឱ្យដំណើរការឡើងវិញ ក្រោយលោកត្រាំប្រកាសចូលរួមការបោះឆ្នោតប្រធានាធិបតីអាម៉េរិក។ 
 
គណនី Facebook របស់លោកត្រាំ មានអ្នកតាមដានចំនួន ៣៤លាននាក់ និង Instagram មានចំនួន ២៣លាននាក់។ ការបើកគណនីឡើងវិញនេះ នឹងអនុញ្ញាតឱ្យលោកត្រាំ អាចស្វែងរកមូលនិធិសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាម៉េរិក នៅឆ្នាំ២០២៤ ខាងមុខ។ 
 
យ៉ាងណាមិញ ក្រុមហ៊ុន Meta ក៏បានដាក់ការការពារផងដែរ ដើម្បីប្រឆាំងអតីតប្រធានាធិបតីអាម៉េរិករូបនេះ កុំឱ្យបង្កកំហុសឡើងវិញម្តងទៀត។ 
 
«ក្នុងការករណីលោកត្រាំសរសេរពីមាតិកាបែបវាយប្រហារបន្តទៀត មាតិកានោះ នឹងត្រូវបានលុបចោល ហើយគាត់នឹងប្រឈមការផ្អាកគណនីនៅចន្លោះពី មួយខែ ទៅពីរឆ្នាំ»។ លោក Nick Clegg ប្រធានកិច្ចការសកលរបស់ក្រុមហ៊ុន​ Meta បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា រយៈពេលនៃការព្យួរគណនីនោះ អាស្រ័យលើភាពធ្ងន់ធ្ងរនៃការវាយប្រហារ។​
 
កន្លងមកក្រុមហ៊ុន Meta ហាមឃាត់លោកត្រាំ មិនឱ្យចូលគណនីរបស់ Facebook និង Instagram​ បន្តទៀត។ នៅក្នុងខែវិច្ឆិកាកន្លងទៅ គណនី Twitter របស់លោកត្រាំ ក៏ត្រូវបានអនុញ្ញាតឱ្យដំណើរការវិញផងដែរ ។ ប៉ុន្តែមកទល់ពេលនេះ លោកត្រាំ មិនទាន់បានសរសេរមាតិកាអ្វីឡើយលើបណ្តាញសង្គមនោះ។ 
 
យ៉ាងណាមិញ លោកត្រាំ បានឆ្លើយតបលើបណ្តាញសង្គម Truth Social ថា ការបើកគណនីក្រុមហ៊ុន Meta ឡើងវិញ មិនគួរកើតឡើងម្តងទៀតចំពោះរូបលោកឡើយ និងមនុស្សផ្សេងទៀត ដែលមិនត្រូវទទួលទណ្ឌកម្មបែបនេះ។ បណ្តាញសង្គម Truth Social ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ Trump៕ 
 
 

Tag:
 អាម៉េរិក
  Facebook
  Instagram
© រក្សាសិទ្ធិដោយ thmeythmey.com