ជាតិ
សង្គមជាតិ
មហាផ្ទៃ អនុញ្ញាតឲ្យសមាគមគ្រូបង្រៀនឯករាជ្យ ធ្វើធម្មយាត្រាដើរពីភ្នំពេញ ទៅពោធិ៍សាត់
27, Jan 2023 , 11:59 am        
រូបភាព
សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ដង្ហែញត្តិទៅដាក់នៅស្ថាប័នរដ្ឋមួយចំនួន កាលពីខែតុលា ឆ្នាំ២០២២។ រូបពីសមាគមអាដហុក
សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ដង្ហែញត្តិទៅដាក់នៅស្ថាប័នរដ្ឋមួយចំនួន កាលពីខែតុលា ឆ្នាំ២០២២។ រូបពីសមាគមអាដហុក
ដោយ៖ ទេពញាណ

សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ទទួលបានការអនុញ្ញាតពីសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងការធ្វើធម្មយាត្រាដោយថ្មើរជើង ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តពោធិ៍សាត់។ សម្តេច បានសរសេរលិខិតត្រឡប់ទៅអ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ដើម្បីជម្រាបជូនអ្នកស្រីអំពីការអនុញ្ញាតនេះ។


កាលពីថ្ងៃទី១៦ ខែមករា អ្នកស្រី អ៊ុក ឆាយ៉ាវី បានសរសេរលិខិតទៅសម្តេច ស ខេង ដើម្បីជូនដំណឹងអំពីការធ្វើធម្មយាត្រាដោយថ្មើរជើង ពីរាជធានីភ្នំពេញ ទៅកាន់បូជនីយដ្ឋានប្រវត្តិសាស្រ្តឧកញ៉ា ឃ្លាំង មឿង ក្នុងខេត្តពោធិ៍សាត់ ដោយត្រូវឆ្លងកាត់៣ខេត្ត គឺកណ្តាល កំពង់ស្ពឺ និង កំពង់ឆ្នាំង។ អ្នកស្រី ជម្រាបគោលបំណងទៅសម្តេចថា ការធ្វើធម្មយាត្រានេះ ដើម្បីលើកកម្ពស់សីលធម៌សង្គម និងដើម្បីជំរុញឲ្យមនុស្សគ្រប់រូបមិនថាអ្នកតូចឬអ្នកធំ ត្រូវមានសីលធម៌។ 
 
សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់អ្នកស្រីប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ឲ្យសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីធានាបានសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ និងសណ្តាប់សាធារណៈ។ សម្តេច ថែមទាំងជំរុញឲ្យអ្នកចូលរួមក្នុងធម្មយាត្រានេះ អនុវត្តវិធានការនៃការទប់ស្កាត់ជំងឺកូវីដ-១៩ផងដែរ។ 
 
លិខិតរបស់អ្នកស្រី អ៊ុក ឆាយ៉ាវី បានឲ្យដឹងថា អ្នកចូលរួម មានចំនួនយ៉ាងតិច៥០នាក់ ដោយត្រូវជួបជុំគ្នានៅកន្លែងរូបសំណាកលោកយាយពេញ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយនឹងចាប់ផ្តើមដើរធម្មយាត្រាទៅទីតាំងឧកញ៉ា ឃ្លាំង មឿង៕ 
 

Tag:
 សមាគ្រូបង្រៀនឯករាជ្យ
  ធម្មយាត្រា
© រក្សាសិទ្ធិដោយ thmeythmey.com