ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
លោក លាង ប៊ុណ្ណា បោះ​ពុម្ព​សៀវភៅ«​អាថ៌កំបាំង​រូបថតតាម​ដងផ្លូវ»ដើម្បី​ចែករំលែកចំណេះដឹងថតរូប
28, Jan 2023 , 1:59 pm        
រូបភាព
លោក លាង ប៊ុណ្ណា អ្នកថតរូប និងជាអ្នកចងក្រងសៀវភៅ «អាថ៌កំបាំងរូបថតតាមដងផ្លូវ»
លោក លាង ប៊ុណ្ណា អ្នកថតរូប និងជាអ្នកចងក្រងសៀវភៅ «អាថ៌កំបាំងរូបថតតាមដងផ្លូវ»
ភ្នំពេញ៖ លោក លាង ប៊ុណ្ណា ជា​អ្នក​ថតរូបម្នាក់ដែល​ចូលចិត្ត​ថតរូប​នៅ​តាម​ដង​ផ្លូវ។ ស្ថិតក្នុង​វ័យ​៧១ឆ្នាំ លោក ប៊ុណ្ណា នៅតែ​បន្ត​ដើរ​ថតរូបនៅតាមដងផ្លូវ ដែលជា​ការងារថ្មីរបស់​លោក បន្ទាប់ពី​​​ចូល​និវត្តន៍។ នា​ពេល​ថ្មីៗនេះ អ្នក​ថត​រូប​វ័យ​ចំណាស់រូបនេះ បាន​ចងក្រង​ស្នាដៃរូបថតរបស់លោក ជា​សៀវភៅដែល​មាន​ចំណង​ជើង​ថា «​អាថ៌កំបាំង​រូបថតតាម​ដងផ្លូវ»។ តាម​រយៈសៀវភៅនេះ លោក ប៊ុណ្ណា មាន​ជំនឿ​ចិត្ត​ថា៖«សៀវភៅនេះ ជាសៀវភៅទីមួយ នៅប្រទេសខ្មែរ ដែលមិនទាន់មានសៀវភៅណាដូចរបៀបនេះទេ។ នេះមិនមែនជាមោទកភាពទេ ប៉ុន្តែខ្ញុំចង់ចែករំលែកសម្រាប់ប្អូនៗ បានអាន បានយល់ និងពិចារណាអំពីការថតរូប»។


សូម​អញ្ជើញ​ស្ដាប់​កិច្ច​សម្ភាស​រវាង​អ្នក​ស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក លាង ប៊ុណ្ណា អ្នក​ចង​ក្រង​សៀវភៅ «​អាថ៌កំបាំង​រូបថតតាម​ដងផ្លូវ» ដូចតទៅ៖





រូបដែលបានថតនៅក្នុងប្រទេសកាណាដា
 
ញឹក ស្រីល័ក្ខ៖ ហេតុអ្វី​បានជាលោក លាង ប៊ុណ្ណា ចងក្រងរូបថតធ្វើជាសៀវភៅ ដែលមានចំណងជើងថា «អាថ៌កំបាំងរូបថតតាមដងផ្លូវ»?
 
លាង ប៊ុណ្ណា​៖ ទី១ គឺ​ជា​ការ​ស្រឡាញ់របស់ខ្ញុំ ក្នុង​វិស័យ​ថតរូប ថ្វីត្បិត​តែខ្ញុំ​មិន​មែន​​ជា​អ្នក​ថត​រូប​អាជីព។ ទី២ ខ្ញុំ​ចង់​បង្ហាញ​ប្អូន​ៗ ដែល​ថត​រូប​នៅ​ប្រទេស​ខ្មែរ ឱ្យ​បាន​យល់​​ដឹង ពី​អ្វី​ទៅ​ដែល​ហៅ​ថា​ការ​ថតរូប​តាម​ដង​ផ្លូវ។​ ដូច្នេះ នៅ​ក្នុង​សៀវភៅ​នេះ ខ្ញុំ​ចង់​បង្ហាញ​ពី​បទ​ពិសោធន៍​ និង​ចំណេះដឹង​របស់​ខ្ញុំ​មួយ​ចំនួន​ ចែក​រំលែក​ដល់​ពួក​គាត់​សិក្សា​អំពី​ខ្ញុំ​។ សៀវភៅនេះ ជា​សៀវភៅ​ទីមួយ​ ដែល​ខ្ញុំ​បាន​ធ្វើ​ជា​ភាសាខ្មែរ ដើម្បី​កូនខ្មែរ។ ខ្ញុំ​មាន​ជំនឿថា​ សៀវភៅនេះ ជា​សៀវភៅ​ទីមួយ​ នៅ​ប្រទេស​ខ្មែរ​ ដែល​មិន​ទាន់​មាន​សៀវភៅណា​ដូច​របៀបនេះ​ទេ។ នេះ​មិន​មែន​ជា​មោទកភាព​ទេ​ ប៉ុន្តែ​ខ្ញុំ​ចង់​ចែក​រំលែក​សម្រាប់​ប្អូន​ៗ បាន​អាន បាន​យល់​ និង​ពិចារណា​អំពី​ការ​ថត​រូប។​
 
ញឹក ស្រីល័ក្ខ៖ តើសៀវភៅនេះ មានសារៈសំខាន់យ៉ាងណា សម្រាប់អ្នកថតរូប?
 
លាង ប៊ុណ្ណា៖ ខ្ញុំ​សរសេរ​សៀវភៅនេះ បង្ហាញ​ពី​ការ​សិក្សា​នៅ​លើ​រូបថតតាម​ដង​ផ្លូវ​ និង​បទពិសោធន៍​ខ្ញុំ​បាន​ធ្វើ​។ សារៈ​សំខាន់​នៃ​សៀវភៅនេះ ចង់​បង្ហាញ​ពី​ប្រវត្តិនៃ​ការ​ថត​រូប​តាម​ដង​ផ្លូវ​តាំង​ពី​ឆ្នាំ​១៩០០មក​ និង​ការ​វិវត្តន៍​នៃ​ការ​ថត​រូប​តាំងពី​មុន​ មក​ដល់​បច្ចុប្បន្ន​។ ប៉ុន្តែ​យើង​ពិចារណា គួរ​ធ្វើ​របៀប​ម៉េច កុំ​ឱ្យ​ដដែល​ៗ​ និង​ងាក​មក​ធ្វើ​អ្វីដែល​មាន​លក្ខណៈ​ជំនាន់ថ្មី​។ មួយទៀត គឺ​បង្ហាញពី​បច្ចេកទេស​នៃ​ការ​ថតរូបតាម​ដង​ផ្លូវ ថា​តើ​យើង​គួរ​ធ្វើ​បែប​ម៉េច​ ព្រោះការ​ថតរូប​តាម​ដង​ផ្លូវ​ជា​រូប​មួយ​ដែល​ឆក់​កណ្ដៀត គឺ​យក​សកម្មភាព​នៃ​មនុស្ស​តាម​ទី​សាធារណៈ​ដោយ​ពិត​ប្រាកដ​ ដែល​​យើង​មិនបាន​រៀបចំ​ជាមុន​នោះទេ។ ខ្ញុំ​មាន​អត្ថបទ​មួយចំនួន ជាប​ទ​ពិសោធន៍​របស់ខ្ញុំ​ផ្ទាល់​ ដែល​ខ្ញុំ​ចង់​បង្ហាញពី​អ្វីដែល​ខ្ញុំបានធ្វើ ទាក់ទង​នឹង​ការ​ថត​រូប​តាម​ដង​ផ្លូវ។​
  

លោក លាង ប៊ុណ្ណា កំពុង បេីក សៀវភៅ «អាថ៌កំបាំង រូបថតតាមដងផ្លូវ»

ញឹក ស្រីល័ក្ខ៖ នាង​ខ្ញុំ​សង្កេត​ឃើញ​ថា សៀវភៅដែល​មាន​កម្រាស់ជាង ១រយទំព័រនេះ មាន​ផ្ទៃខាង​ក្រៅ និង​ក្នុង មាន​ពណ៌ខ្មែរ។ ហេតុអ្វី​លោក ប៊ុណ្ណា រចនា​សៀវភៅនេះ ជា​ពណ៌ខ្មៅ​បែបនេះ?​ ថាតើ​ពណ៌ខ្មៅជា​ពណ៌ដែល​មាន​កម្លាំងទាក់ចិត្ត​អ្នក​អាន ឬ​យ៉ាងណា?​
 
លាង ប៊ុណ្ណា៖ នេះជា​សំណួរ​មួយដែលខ្ញុំ​អស់​សំណើចដែរ។ មាន​បង​ប្អូន​មួយ​ចំនួន​ ដែល​បាន​ឃើញ​សៀវភៅ​នេះ គាត់សួរហេតុអ្វីពូ​ធ្វើ​សៀវភៅ​ពណ៌ខ្មៅ។ ទី១ ដោយសារ​ភាសា​អាថ៌កំបាំង​ ដូច្នេះក៏ខ្ញុំ​ជ្រើសរើសពណ៌ខ្មៅ​មក​ដាក់​ ដើម្បី​ឱ្យ​អ្នក​អាន​ចាប់អារម្មណ៍ អ្វី​ទៅ​ពណ៌ខ្មៅ?ហេតុអ្វីគាត់ធ្វើ​អ៊ីចឹង​?​ គឺ​​ដោយសារ​ភាសា​អាថ៌កំបាំងហ្នឹង​ហើយ។ មួយ​ទៀត ពណ៌ខ្មៅ​ដែល​ខ្ញុំ​បាន​ជ្រើសរើសនេះ គឺ​ចង់​បង្ហាញ​ថា​ជា​ថាម​ពលមួយ ថាម​ពល​នៅ​លើរូបថត ដែល​រូបមាន​ភាព​រស់រវើក និង​លេចធ្លោ។ 
 
ញឹក ស្រីល័ក្ខ៖ ​រូបថត​ក្នុង​សៀវភៅនេះ តើ​លោក ថត​តាំង​ពី​ឆ្នាំ​ណា​? នៅតែ​កម្ពុជាទេ ឬ​ក្រៅប្រទេស?
 
លាង ប៊ុណ្ណា៖ នៅ​ក្នុង​សៀវភៅ​នេះ និយាយ​ឱ្យ​ត្រង់​ គឺ​មានជាង​​៩០រូប​ ដែល​ខ្ញុំ​ដាក់​បញ្ចូល​ក្នុង​សៀវភៅ​នេះ​ ដោយ​រូប​មួយ​ចំនួន​ធំ​​ ថតនៅ​ប្រទេសកម្ពុជា, ថៃ, តៃវ៉ាន់ និង​កាណាដា។ 
  

រូបដែលបានថតនៅក្នុងប្រទេសកាណាដា

ញឹក ស្រីល័ក្ខ៖ ក្រោយ​បោះពុម្ព​សៀវភៅដែលជា​ស្នាដៃដំបូងរបស់លោក តើ​លោក​មាន​អារម្មណ៍​បែបណា?
 
លាង ប៊ុណ្ណា៖ និយាយ​ទៅ​សៀវភៅ​ទីមួយនេះ ខ្ញុំ​មាន​ចិត្ត​រីករាយ​ ខ្ញុំមិនសូវ​រំភើប​ប៉ុន្មានទេ ដោយសារនេះជា​ការ​ចែក​រំលែក​ចំណេះដឹង​ បទពិសោធន៍ ឱ្យ​អ្នក​អាន​បាន​យល់ ជាពិសេសអ្នក​​ដែល​ស្រឡាញ់​វិស័យ​ថត​រូប។ ខ្ញុំ​មាន​មោទក​ភាព ដែល​បាន​ចែក​រំលែក​នូវចំណេះដឹងខ្ញុំ​មួយចំនួន។​
 
ញឹក ស្រីល័ក្ខ៖ ទោះមានវ័យចំណាស់ តែលោក នៅតែដើរថតរូប នៅតាមផ្លូវ និងតំបន់មួយចំនួន។ សម្រាប់លោក ការថតរូប រួមទាំងរូបថត មានតម្លៃយ៉ាងណា?
 
លាង ប៊ុណ្ណា៖ ទី១ ការ​ថតរូបសម្រាប់ខ្ញុំ ដូចជា​ការ​ហាត់ប្រាណ ព្រោះ​យើង​ត្រូវ​ដើរ​ច្រើន​ទាំង​ទីក្រុង និង​ជន​បទ​។ ទី២ ការ​ថត​រូប បាន​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​រីករា​យ​ ពេល​ខ្លះ​ខ្ញុំ​បាន​ឃើញ​រូប​មួយ​ដ៏​ស្អាត​ ដែល​ខ្ញុំ​មិន​នឹក​ស្មាន​ដល់​ រូប​ទាំង​អស់នេះ បាន​ផ្ដល់​នូវ​ភាព​រីករាយ​ និង​​សុខភាព​ផ្លូវចិត្ត។ វា​បានធ្វើ​ឱ្យ​ខ្ញុំ​បំ​ភ្លេច​នូវ​ភាព​ស្ត្រេស​ និង​ភាព​សៅ​ហ្មង។ ក្រៅពី​សុខ​ភាព​ចិត្ត គឺសុខ​ភាព​ផ្លូវកាយ​ ដែលជា​ការ​ដើរ​ហាត់​ប្រាណ​។ មួយ​ទៀត ការ​ថត​រូប​ បាន​ផ្ដល់​ឱ្យ​យើង​នូវ​ការ​គិត​ច្រើន​ ដូច​ធ្វើ​សម្មាធិ​ ដើម្បី​រក​អ្វី​មួយ​ដែលជា​វិជ្ជមាន​នៅ​ក្នុង​រូបថត​។
 
ញឹក ស្រីល័ក្ខ៖ តាមរយៈ​សៀវភៅនេះ លោក សង្ឃឹមថា​ នឹង​មាន​ការ​គាំទ្រ​ច្រើនទេ?​ ហើយមាន​តម្លៃ​ប៉ុន្មានដែរ?​
 
លាង ប៊ុណ្ណា៖ មកដល់​ពេលនេះ សៀវភៅនេះមិនទាន់ចេញលក់ទេ ទាល់តែថ្ងៃទី២៩ មករា ក្រោយ​ពី​​សម្ពោធ​ជា​ផ្លូវការ​ហើយ ទើប​ខ្ញុំ​ចេញ​លក់។ ប៉ុន្តែ​ទន្ទឹម​នឹ​ងនេះ​​ ខ្ញុំ​មាន​មិត្ត​ភក្តិ​មួយ​ចំនួន​ បាន​គាំទ្រ​ខ្ញុំ​ជាវមួយៗបណ្ដើរ​ៗហើយ​។ ដូច្នេះ​ខ្ញុំ​ក៏​សង្ឃឹមថា​មាន​អ្នក​អាន​ច្រើនគួរ​សម​ដែរ។ នៅ​ខាង​ក្រោយ សៀវភៅនេះ ខ្ញុំ​ដាក់​តម្លៃ៣៩ដុល្លារ​​។ សៀវភៅនេះ ខ្ញុំ​ក៏​បាន​ដាក់​តម្កល់​នៅ​បណ្ណាល័យ​ជាតិ​ចំនួន ៥ច្បាប់ ដើម្បីអាន និងជួយ​សម្រួល​ដល់​បងប្អូនណាដែលមិន​សូវមាន​ថវិកា៕


រូបដែលបានថតនៅក្នុងប្រទេសកម្ពុជា


រូបដែលបានថតនៅក្នុងប្រទេសកម្ពុជា


រូបដែលបានថតនៅក្នុងប្រទេសកម្ពុជា


Tag:
 ថតរូប
  រូបថតតាមដងផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com