ជាតិ
យុវជនសកម្ម សេវាល្អ
កំពត៖ បញ្ហាគ្រឿងញៀននៅឃុំកូនសត្វថយចុះ ក្រោយអាជ្ញាធរបញ្ជ្រាបការផ្សព្វផ្សាយតាមសហគមន៍
28, Jan 2023 , 9:59 pm        
រូបភាព
ដោយ៖ ឡុង ស្រីនាថ (យុវជនឃុំកូនសត្វ)    
 
ស្រុកទឹកឈូ, កំពត៖ បញ្ហាគ្រឿងញៀននៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានថយចុះជាបន្តបន្ទាប់ ក្រោយអាជ្ញាធរបញ្ជ្រាបការផ្សព្វផ្សាយញឹកញាប់។ ក្នុងមួយខែប៉ុស្តិ៍នគរបាល កូនសត្វ បានបង្កើនការផ្សព្វផ្សាយរហូតដល់៣ ទៅ៤ដង នៅតាមសាលារៀន និងសហគមន៍។


លោក យី វណ្ណា មេប៉ុស្តិ៍ឃុំកូនសត្វ បានលើកឡើងថាបច្ចុប្បន្ន ឃុំកូនសត្វ មានសុវត្ថិភាពល្អប្រសើរ ប៉ុន្តែបញ្ហាគ្រឿងញៀនបន្តកើតឡើងបន្តិចបន្តួច។ សកម្មភាពគ្រឿងញៀន នៅពេលនេះ មិនមែនជាការជួញដូរ ឬប្រើប្រាស់ទូលំទូលាយនោះទេ។ លោក យី វណ្ណា រឭកថាកន្លងទៅ អាជ្ញាធរក៏មិនធ្លាប់បង្រ្កាបបានបទល្មើសគ្រឿងញៀនដែរ ប៉ុន្តែមានពលរដ្ឋពីឃុំកូនសត្វមួយចំនួនតូច បានចេញទៅប្រព្រឹត្តិបទល្មើសគ្រឿងញៀននៅខេត្ត ឬស្រុកដទៃ ហើយត្រូវសមត្ថកិច្ចបង្រ្កាបបាន។
 
ថ្វីដ្បិតពុំសូវជួបបញ្ហាគ្រឿងញៀន ប៉ុន្តែលោក យី វណ្ណា មិនធ្វេសប្រហែសនោះទេ គឺលោក បានពង្រឹងការផ្សព្វផ្សាយ តាមសាលារៀន និងបង្កើតវេទិកាសាធារណៈ ដើម្បីអប់រំដល់ពលរដ្ឋ ពីផលប៉ះពាល់នៃសារធាតុញៀន ជាពិសេសជំរុញឱ្យពួកគេ ណែនាំបន្តទៅដល់កូន ចៅ ដែលកំពុងលង់ខ្លួនឱ្យកែខ្លួនឡើងវិញ។ ក្រោយការផ្សព្វផ្សាយ លោកមេប៉ុស្តិ៍ឃុំកូនសត្វ កត់សម្គាល់ថា បញ្ហាគ្រឿញៀន ក្នុងភូមិ-ឃុំ ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ធៀបនឹងរយៈពេល៥ឆ្នាំមុន ដែលមានអ្នកប្រើប្រាស់ច្រើន។ 
 
លោក ប្រាប់ដូច្នេះថា៖«ចំពោះសុវត្ថិភាពភូមិឃុំ ខ្ញុំគិតថាវាប្រសើរខ្លះហើយ។ បើបញ្ហាគ្រឿងញៀន វាមិនមែនអត់នោះទេ គឺមានបន្តិចបន្តួច ប៉ុន្តែសមត្ថកិច្ចយើង បានផ្សព្វផ្សាយតាមសាលា និងសហគមន៍ជាហូរហែ ដើម្បីឱ្យប្រជាពលរដ្ឋគាត់យល់ដឹង ហើយជួយណែនាំដល់កូន ឬចៅគាត់បន្ត។ យើងមិនចង់ឱ្យយុវជនផុងខ្លួន ជាមួយគ្រឿងញៀនទាំងអស់នេះទេ»។
 
សព្វថ្ងៃ គ្រឿងញៀន បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់យុវជន ស្រ្តី និងកុមារ។ ការប្រើប្រាស់គ្រឿងញៀន អាចបង្កើតបានជាអំពើហិង្សា ចោរកម្ម ការបំពានផ្លូវភេទ និងចលាចលក្នុងសង្គមជាដើម។ ជាមួយគ្នានេះ លោក យី វណ្ណា តាំងចិត្តកាត់ផ្ដាច់បញ្ហាគ្រឿងញៀន ក្នុងសហគមន៍ឱ្យបានឆាប់រហ័ស ដើម្បីធានាដល់សុវត្ថិភាពពលរដ្ឋ៕  
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 គ្រៀងញៀន
  ប៉ុស្តិ៍នគរបាលកូនសត្វ
  ស្រុកទឹកឈូ
© រក្សាសិទ្ធិដោយ thmeythmey.com