ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ ផ្លូវបេតុងក្នុងសង្កាត់សំរោង នឹង​សម្រួលដល់ការធ្វើដំ​ណើរ និង​ដឹកជញ្ជូនរបស់​ពលរដ្ឋ
29, Jan 2023 , 7:59 am        
រូបភាព
លោក ចៀប តុប ចៅសង្កាត់សំរោង
លោក ចៀប តុប ចៅសង្កាត់សំរោង
ដោយ៖ វ័ន្ត រក្សា
ក្រុងសំរោង, ឧត្ដរមានជ័យ៖ ​ផ្លូវបេតុង​ចំនួន១ខ្សែ ប្រវែង ១ ១៧០ម៉ែត្រ នៅក្នុងភូមិឈូកនៃសង្កាត់សំរោង ត្រូវបានអាជ្ញាធរសាងសង់ឡើង នៅឆ្នាំ២០២២ ដើម្បីជួយសម្រួលបន្ថែមទៀតដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់ពលរដ្ឋ​។ ផ្លូវបេតុងចំនួន ១ខ្សែ មានប្រវែង១ ១៧០ម៉ែត្រ ចំ​ណាយថវិកាជាង ៣០០លានរៀល។ នេះបើតាមលោក ចៀប តុប ចៅសង្កាត់សំរោង។
 
បើតាមលោក ចៀប តុប សង្កាត់សំរោង មានទាំងងស់ ១៨ភូមិ និងមានពលរដ្ឋប្រមាណ២ម៉ឺននាក់រស់នៅ។ អាជ្ញាធរសង្កាត់សំរោង ទើបចាប់ផ្តើមការសាងសង់ផ្លូវបេតុងនេះ នៅក្នុង ​ឆ្នាំ២០២២ ព្រោះវាមានភាពជាប់ធន់ និងប្រើប្រាស់បានយូរជាងផ្លូវក្រួសក្រហម និងផ្លូវដីសដែលមាននៅក្នុងសង្កាត់។ លោកចៀប តុប ចៅសង្កាត់ បានអះអាងថា៖«ផ្លូវបេតុង មុនពេលខូច ក៏មានភាពរឹងមាំបានយូរអង្វែង។ វាមានអត្ថប្រយោជន៍ច្រើនចំពោះពលរដ្ឋ និងអ្នកធ្វើចរាចរណ៍ផ្សេងៗទៀត ដោយមានភាពងាយស្រួលជាងមុន និងលើកសោភ័ណភាពទីក្រុងផង​»។    
 
ហេដ្ឋារចនាសម្ព័ន្ធផ្លូវ គឺជាតម្រូវការដ៏ចាំបាច់មួយរបស់ពលរដ្ឋ។ ប៉ុន្តែ លោក ចៀប តុប ពន្យល់ថា អាជ្ញាធរពុំមានលទ្ធភាពអភិវឌ្ឍន៍បានគ្រប់ភូមិ ក្នុងរយៈពេលខ្លីនោះទេ ព្រោះថវិកាអភិវឌ្ឍន៍ដែលវិភាជពីរដ្ឋាភិបាលនៅមានកម្រិត។ ដូច្នេះអាជ្ញាធរសង្កាត់ ត្រូវរៀបចំ និងកំណត់ទីតាំងអាទិភាពដែលត្រូវអភិវឌ្ឍន៍តាមកញ្ចប់ថវិកាដែលមានដែរ។ «បើសម្រេចធ្វើផ្លូវក្នុងមួយឆ្នាំមួយភូមិ គឺមានការលំបាក ព្រោះនៅក្នុងសង្កាត់សំរោងមាន១៨ភូមិ។ ដូច្នេះហើយភូមិទី១៨ នឹងរង់ចាំយូ។ ដំណោះស្រាយគឺយើងត្រូវធ្វើទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន តាមភូមិនីមួយៗពោលគឺត្រូវចែករំលែកគ្នា»។ លោក ចៀប តុប បញ្ជាក់ដូច្នេះ ដោយចៅសង្កាត់រូបនេះ បន្តប្តេជ្ញាក្នុងការផ្ដល់សេវាជូនពលដ្ឋឱ្យបានល្អ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុស​ត្រូវរបស់​ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ផ្លូវ
  ហេដ្ឋារចនាសម្ព័ន្ធ
  ឧត្ដរមានជ័យ
  ចៀប តុប
© រក្សាសិទ្ធិដោយ thmeythmey.com