ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្តរមានជ័យ៖ ទោះខ្វះ​ខាតកម្លាំង មេប៉ុស្ដិ៍សង្កាត់សំរោងនៅតែប្តេជ្ញាចិត្ត​ការពារសុវត្ថិភាព​​ពលរដ្ឋ
29, Jan 2023 , 9:29 am        
រូបភាព
ប៉ុស្ដិ៍នគរបាលសង្កាត់សំរោង
ប៉ុស្ដិ៍នគរបាលសង្កាត់សំរោង
ដោយ៖ ផល សម្ផស្ស (យុវជនសង្កាត់សំរោង) 
 
ក្រុងសំរោង, ឧត្តរមានជ័យ៖ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនពលរដ្ឋនៅក្នុងមូលដ្ឋាន កម្លាំងសមត្ថកិច្ចសង្កាត់សំរោង បានតាំងចិត្តយ៉ាងមុតមាំ ក្នុងការបំពេញការងារ បម្រើសេវាសាធារណៈ និងការពារសុវត្ថិភាពជូន​ពលរដ្ឋ។ ​បើតាមមេប៉ុស្ដិ៍សង្កាត់សំរោង លោក អឿន ពៀត   ​នៅប៉ុស្ដិ៍សង្កាត់ មានផ្ដល់សេវាជូនពលរដ្ឋជាច្រើន ដូចជាការធ្វើសៀវភៅស្នាក់ ការផ្ដល់សៀវភៅគ្រួសារ ធ្វើអត្តសញ្ញាណបណ្ណ និងបញ្ជាក់លិខិតស្នាមផ្សេងៗទៀត ដល់ពលរដ្ឋរស់នៅក្នុងសង្កាត់ប្រមាណ២ម៉ឺននាក់។


ក្រៅពីនេះសមត្ថកិច្ចប៉ុស្ដិ៍ ក៏ត្រូវយាមល្បាត និងចុះអន្តរាគមន៍លើសកម្មភាពល្មើសនានានៅក្នុងសង្កាត់ដែរ ដើម្បីធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។ មានការងារច្រើន ប៉ុន្តែកម្លាំងប៉ុស្តិ៍មានតែ ៣នាក់ប៉ុណ្ណោះ។
 
បើតាម លោក អឿន ពៀត បើទោះបីកម្លាំងសមត្ថកិច្ចមិនគ្រប់គ្រាន់ ប៉ុន្តែពួកគេបានព្យា​យាម​ផ្ដល់សេវាឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមលទ្ធភាពដែលអាចធ្វើទៅបាន។ មេប៉ុស្ដិ៍រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ៖ «ខ្ញុំនៅតែខំប្រឹងបម្រើពលរដ្ឋតាមលទ្ធដែលអាចធ្វើទៅបាននៅក្នុងមូលដ្ឋាន។ មិនថាពេលថ្ងៃ ឬពេលយប់នោះទេ ឱ្យតែពលរដ្ឋគាត់មករកពួកខ្ញុំ ព្រោះពួកខ្ញុំនៅប្រចាំការ ២៤ លើ២៤ម៉ោង»។


មេប៉ុស្ដិ៍សង្កាត់សំរោង លោក អឿន ពៀត ពេលផ្តល់សម្ភាសដល់អ្នកសារព័ត៌មានសហគមន៍ នៃសង្កាត់សំរោង កាលពីចុងខែធ្នូឆ្នាំ២០២២កន្លងទៅ។ ​
 
យ៉ាងណាមិញ លោក អឿន ពៀត ក៏បានលើកពីផលលំបាកខ្លះដែលប៉ុស្ដិ៍របស់លោក បាន និងកំពុងជួបប្រទះ ដោយសារតែការខ្វះខាតកម្លាំងនេះដែរ។ ការលំបាកទាំងនោះមានដូចជា ពិបាកក្នុងបែងចែកការងារ និងការយាមល្បាតតាមភូមិនៅពេលយប់ និងការផ្តល់សេវារដ្ឋបាលជូនពលរដ្ឋក្នុងមូលដ្ឋានមិនមានប្រសិទ្ធភាព​ ជាដើម។ ក្នុងន័យនេះ លោកមេប៉ុស្តិ៍ ក៏ស្នើសុំការយោគយល់ពីពលរដ្ឋ ក្នុងពេលដែលមន្ត្រីប៉ុស្តិ៍ផ្តល់សេវាយឺតយ៉ាវ ហើយក៏សុំឱ្យពលរដ្ឋ និងប្រជាការពារភូមិបន្តសហការជាមួយកម្លាំងប៉ុស្តិ៍ ដើម្បីធានាសុខ សុវត្ថិភាពនៅក្នុងសង្កាត់ផងដែរ។
 
ជុំវិញបញ្ហាខ្វះកម្លាំង លោក អឿន ពៀត បានគូសបញ្ជាក់ថា លោកបានស្នើទៅថ្នាក់លើច្រើនលើករួចហើយ។ លោកមេប៉ុស្តិ៍ សង្ឃឹមថា ​ប៉ុស្តិ៍របស់ខ្លួណ នឹងទទួលបានមន្ត្រីបន្ថែមនៅក្នុងឆ្នាំ២០២៣នេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវា និងការពារសុវត្ថិភាពជូនពលរដ្ឋ៕
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុស​ត្រូវរបស់​ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ឧត្ដរមានជ័យ
  សង្កាត់សំរោង
© រក្សាសិទ្ធិដោយ thmeythmey.com