ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ ការការពារសុវត្ថិភាព​ប្រជាពលរដ្ឋ ជាអាទិភាពចម្បងរបស់អាជ្ញាធរឃុំកណ្តោល
29, Jan 2023 , 10:29 am        
រូបភាព
ដោយ៖ ចា​ន់ រដ្ឋា(យុវជនឃុំកណ្តោល)
 
ស្រុកបូទុមសាគរ, កោះកុង៖  ​ការការពារសុខសុវត្ថិភាពជូន​ប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់នៅក្នុងឃុំកណ្តោល ត្រូវបានអាជ្ញាធរផ្តល់អាទិភាពខ្ពស់។ ​ដើម្បីធានានូវសុវត្ថិភាព អាជ្ញាធរប៉ុស្តិ៍បានរៀបចំឱ្យមានកម្លាំងល្បាតជាប្រចាំថ្ងៃ ហើយមានការល្បាតទាំងនៅពេលថ្ងៃ និងពេលយប់ ដោយសហការយ៉ាងជិតស្និទ្ធជាមួយប្រជាការពារភូមិ។
 
ប៉ុស្តិ៍នគរបាលឃុំកណ្តោល ​មានកម្លាំងសរុប ៦នាក់ ដែលកំពុងផ្តល់សេវារដ្ឋបាល និងការ​ពារ​សុវត្ថិភាពជូនពលរដ្ឋ។ លោក សុខ រចនា មេប៉ុស្តិ៍ស្ដីទីនៃប៉ុស្តិ៍នគរបាលឃុំកណ្តោល បានបញ្ជាក់ថា ដ្បិតប៉ុស្តិ៍មានកម្លាំងត្រឹមនាក់មែន តែលោកបានរៀបចំ និងបែងចែកឱ្យមានការល្បាតទាំងពេលយប់ និងពេលថ្ងៃ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរភូមិ និងប្រជាការពារភូមិ។ សព្វថ្ងៃនៅឃុំកណ្តោល មានកម្លាំងប្រជាការពារភូមិប្រមាណ៣០នាក់​។ នេះបើតាមលោក សុខ រចនា ដោយលោកបានបន្ថែមដូច្នេះ៖ «សម្រាប់កម្លាំងប៉ុស្តិ៍របស់យើង គឺយើងបែងចែកជា២ក្រុម គឺក្រុមល្បាតពេលថ្ងៃ និងពេលយប់។ ចំណែកប្រជាការពារ យើងឱ្យគាត់ចូលរួមជាមួយយើងម្តងម្កាល ក៏ប៉ុន្តែយើងឱ្យគាត់ល្បាតនៅក្នុងតំបន់របស់គាត់»។
 
មេប៉ុស្តិ៍ស្ដីទីនៃប៉ុស្តិ៍នគរបាលឃុំកណ្តោល បានបញ្ជាក់ឱ្យដឹងទៀតថា គោលបំណងនៃការល្បាតនេះ គឺដើម្បីសង្កេតពីស្ថានភាពទូទៅ នៅក្នុងឃុំ ជាពិសេសតាមដានសកម្មភាពនៃការលួចលាក់លេងល្បែងស៊ីសង បញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន ក្នុងន័យទប់ស្កាត់ជាមុន កុំឱ្យមានភាពអសកម្មណាមួយកើតឡើងធ្ងន់ធ្ងរ។
 
សម្រាប់លោក មេប៉ុស្តិ៍ស្ដីទី ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពបន្ថែមទៀត នៅក្នុងឃុំ ការចូលរួម​សហការពីប្រជាពលរដ្ឋទាំងអស់ គឺមិនអាចខ្វះបាននោះឡើយ។ បើទោះបីជាកន្លងមក លោក សុខ រចនា អះអាងថា ប៉ុស្តិ៍ទទួលបាន​ការរាយការណ៍ករណីមិនប្រក្រតីជាច្រើនពីប្រជាពលរដ្ឋក៏ដោយ មេប៉ុស្តិ៍ស្តីទីរូបនេះ នៅតែអំពាវនាវឱ្យពលរដ្ឋបន្តសហការជាមួយកម្លាំងអាជ្ញាធរឃុំបន្ថែមទៀត។ លោក សុខ រចនា បន្តថា៖ «ការចូលរួមរបស់ប្រជាពលរដ្ឋ គឺសំខាន់ណាស់។ ខ្ញុំគិតថាកម្លាំងប៉ុស្តិ៍យើងមិនច្រើនទេ ហើយអ៊ីចឹងសម្រាប់ការក្តាប់ព័ត៌មាន និងក្តាប់សភាពការណ៍ផ្សេងៗ ក៏មានចន្លោះខ្វះខាតដែរ បើសិនពួកគាត់(ពលរដ្ឋ)មិនចូលរួម។  អ៊ីចឹងបើសិនជាពួកគាត់ចូលរួមហ្នឹងរាល់ការក្តាប់សភាពការណ៍ផ្សេងៗ ក៏ដូចជាការរាយការណ៍ផ្សេងៗ បានជុំល្អ»។
 
លោក សុខ រចនា ក៏បានគូសបញ្ជាក់ដែរថា រាល់ការណ៍របស់ប្រជាពលរដ្ឋ គឺត្រូវបានអាជ្ញាធរលាក់ទុកជាការសម្ងាត់ ដើម្បីធានាសុវត្ថិភាព និងជំរុញការចូលរួមពីពលរដ្ឋបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យភូមិឃុំ កាន់តែមានសុវត្ថិភាព និងសណ្តាប់ធ្នាប់។ ទន្ទឹមនឹងនេះលោកមេប៉ុស្តិ៍ស្ដីទីនៃប៉ុស្តិ៍នគរបាលឃុំកណ្តោល ក៏បានតាំងចិត្ត​ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសផ្សេងៗនៅក្នុងឃុំ ឱ្យកាន់តែល្អបន្ថែមទៀត ៕
 
​អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

© រក្សាសិទ្ធិដោយ thmeythmey.com