ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ ប៉ុស្តិ៍នគរបាលសង្កាត់សំរោង ត្រូវការកម្លាំងបន្ថែមដើម្បីពន្លឿនការផ្តល់សេវាជូនពលរដ្ឋ
29, Jan 2023 , 4:59 pm        
រូបភាព
ប៉ុស្ដិ៍នគរបាលសង្កាត់សំរោង
ប៉ុស្ដិ៍នគរបាលសង្កាត់សំរោង
ដោយ៖ ផល សម្ផស្ស( យុវជនសង្កាត់សំរោង)

ក្រុងសំរោង, ឧត្ដរមានជ័យ៖ លោកអឿន ពៀត មេប៉ុស្ដិ៍សង្កាត់សំរោង បានឱ្យដឹងថាការផ្ដល់សេវាឱ្យប្រជាពលរដ្ឋនៅក្នុងប៉ុស្ដិ៍សំរោងមានការលំបាកព្រោះកម្លាំងប៉ុស្ដិ៍មានត្រឹមតែ ៣នាក់ប៉ុណ្ណោះ ខណៈដែលសង្កាត់មានផ្ទៃដីធំនិងពលរដ្ឋរស់នៅប្រមាណ២ម៉ឺននាក់។
 
លោក អឿន ពៀត បានលើកឡើងថា កម្លាំងសមត្ថកិច្ចមានចំនួនតិច ធ្វើឱ្យការចុះល្បាតតាមភូមិនីមួយៗ និងការផ្ដល់សេវាឱ្យពលរដ្ឋដល់ពលរដ្ឋទាំង១៨ភូមិ មានការលំបាក។ លោក ពៀត បញ្ជាក់ថា ពេលមានករណីអ្វីកើតឡើងនៅក្នុងសង្កាត់ គឺត្រូវសុំគោលការណ៍ ឬជំនួយពីអធិការក្រុង។ ហើយបើពលរដ្ឋទាក់ទងដោយផ្ទាល់ក្រុមការងារអាចទៅទាន់ពេលវេលាតាមទីតាំងជិត តែបើឆ្ងាយអាចមានការយឺតយ៉ាវ។ 


លោក អឿន ពៀត មេប៉ុស្ដិ៍សង្កាត់សំរោង មេប៉ុស្តិ៍សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ 
 
បើតាមលោកមេប៉ុស្ដិ៍ នៅក្នុងឃុំសង្កាត់សំរោង ត្រូវការយ៉ាងហោចណាស់កម្លាំងនគរបាលចាប់ពី ៩នាក់ឡើងទៅ ទើបគ្រប់គ្រាន់ក្នុងការចុះអន្តរាគមន៍ និងផ្តល់សេវាជូនពលរដ្ឋ។ លោក អឿន ពៀត បញ្ជាក់ថា៖ «កម្លាំងយើងតិច ចឹងពិបាកធ្វើការ តែបើពលរដ្ឋទូរស័ព្ទមកខ្ញុំ គឺអាចទៅលឿនទាន់ពេលវេលា។ មួយទៀតឃើញក្មេងទំនើងអី ខ្ញុំអប់រំពួកគាត់ ពិសេសពេលចុះល្បាតរៀងរាល់យប់ក្មេងៗទំនើង ក្មេងស្ទាវបង្ហោះម៉ូតូអីក៏វាខ្លាចយើងដែរ មិនហានធ្វើបទល្មើស អ៊ឹចឹងកាត់បន្ថយបានច្រើន។ សព្វថ្ងៃមិនសូវមានរឿងអីកើតឡើងទេ មានតែគ្រោះថ្នាក់ចរាចរណ៍»។
 
យ៉ាងណាក៏ដោយ នៅក្នុងភូមិនីមួយៗ មានកម្លាំងការពារភូមិចន្លោះពី ១០នាក់ទៅ១២នាក់ ដែលអាចជួយជំនួសដល់កម្លាំងប៉ុស្ដិ៍បាន តាមរយៈពួកគេអាចរាយការណ៍ពីករណី​ដែលបានកើតឡើងក្នុងមូលដ្ឋានមកកាន់ប៉ុស្ដិ៍សំរោង។ នេះបើតាមលោក អឿន ពៀត ដែលបន្តពីការកត់សម្គាល់របស់ខ្លួនថា បញ្ហានៅក្នុងសង្កាត់សំរោងបច្ចុប្បន្ន ហាក់ដូចជាមានភាពស្ងប់ស្ងាត់ ដូច្នេះកម្លាំងសមត្ថកិច្ចពុំសូវមានការងារមមាញឹកឡើយ។
 
ទោះបីយ៉ាងក៏ដោយ លោកក៏មិនដែលមើលរំលងការចុះយាមល្បាត នៅពេលយប់តាមភូមិគោលដៅនីមួយៗ ដោយសហការជាមួយអាជ្ញាធរភូមិ និងប្រជាការពារភូមិ។ នៅពេលចុះល្បាតឃើញក្រុមយុវជនប្រមូលផ្ដុំគ្នា គឺកម្លាំងសមត្ថកិច្ច នឹងអប់រំណែនាំឱ្យពួកគេបំបែកការប្រមូលផ្ដុំ និងចៀសវាងការដើរលេងយប់ជ្រៅពេក និងត្រួតពិនិត្យរកគ្រឿងញៀនផងដែរ​។ ក្នុងនាមជាកម្លាំងនគរបាល លោក អឿន ពៀត ក៏បានប្តេជ្ញាចិត្តខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាព ទោះបីជាបច្ចុប្បន្នកម្លាំងប៉ុស្ដិ៍នគរបាលមានការខ្វះខាតក៏ដោយ​៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជននិងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជានិងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះគឺជាការទទួលខុស​ត្រូវរបស់​ស្មេរឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 កម្លាំងប៉ុស្តិ៍
  នគរបាល
  ការពារសុវត្ថិភាព
  សេវាសាធារណាៈឧត្ដរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com