ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ អាជ្ញាធរ​ឃុំកណ្តោល ប្តេជ្ញាជំរុញការផ្តល់សេវារដ្ឋបាល និងអភិវឌ្ឍន៍ឃុំឱ្យកាន់តែរីកចម្រើន
29, Jan 2023 , 8:59 pm        
រូបភាព
លោក ហ៊ុយ សំណាង មេឃុំនៃរដ្ឋបាលឃុំកណ្តោល។
លោក ហ៊ុយ សំណាង មេឃុំនៃរដ្ឋបាលឃុំកណ្តោល។
ដោយ៖ ហេ អួញ( យុវជនឃុំកណ្តោល)
 
ស្រុកបូទុមសាគរ, កោះកុង៖ លោក ហ៊ុយ សំណាង មេឃុំ នៃរដ្ឋបាលឃុំកណ្តោល បានវាយតម្លៃថា ការផ្តល់សេវារដ្ឋបាលនៅឃុំ នៅក្នុងឆ្នាំ២០២២កន្លងទៅ គឺមានភាពល្អប្រសើរ ជាពិសេសគឺពលរដ្ឋមានការពេញចិត្តចំពោះការផ្តល់សេវា។ ការសរសើរពីពលរដ្ឋ បានធ្វើឱ្យលោកមេឃុំកណ្តោល ត្រេកអរ និងកាន់តែខិតខំពង្រឹងការផ្តល់សេវារដ្ឋបាលនេះ ឱ្យបានកាន់តែល្អបន្ថែមទៀតនៅក្នុងអាណត្តិរបស់ខ្លួន។
 
លោក ហ៊ុយ សំណាង បញ្ជាក់ដូច្នេះ ៖ «តាំងពីប្រកាសសុពលភាព(ចូលបំពេញការងារក្រុមប្រឹក្សាឃុំអាណត្តិថ្មី) គឺយើងបានបម្រើសេវាដល់ប្រជាពលរដ្ឋបានច្រើនដែរ ទាំងអត្រានុកូលដ្ឋាន សំបុត្រកំណើត បញ្ជាក់កំណើត មរណភាព អាពាហ៌ពិពាហ៌ ដែលគាត់មករកសេវានៅរដ្ឋបាល(ឃុំ)​ឃើញថាគាត់ពេញចិត្ត។ ដោយសារយើងតាំងចិត្តហើយ ថាខិតខំបម្រើសេវាជូនពួកគាត់ ឱ្យបានទាន់ពេលវេលា»។ 
 
ក្រៅពីលើកឡើងពីភាពវិជ្ជមាននៃការផ្តល់សេវាសាធារណៈជូនពលរដ្ឋ លោក ហ៊ុយ សំណាង ក៏បានបញ្ជាក់ដែរថា ការអភិវឌ្ឍនៅក្នុងឃុំ ក៏មានលទ្ធផលល្អប្រសើរផងដែរ ក្នុងនោះឃុំ បាន និងកំពុងធ្វើផ្លូវបេតុងប្រវែង ជិត៣០០ម៉ែត្រ និងធ្វើផ្លូវក្រួសប្រវែងប្រមាណ៥០០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសគឺការដឹកជញ្ជូនកសិផល។ 
 
​សម្រាប់លោក ​ហ៊ុយ សំណាង លោកពិតជាពេញចិត្តចំពោះសមិទ្ធផលការងារនៅក្នុងឃុំនេះណាស់ ហើយលោក ជាមេឃុំ បានប្តេជ្ញាពន្លឿនការផ្តល់សេវារដ្ឋបាលដល់ប្រជាពលរដ្ឋ ដោយមិនឱ្យពលរដ្ឋខកចិត្តឡើយ ជាពិសេសជំរុញការងារកសាងហេដ្ឋានរចនាសម្ព័ន្ធនានានៅក្នុងឃុំ​។ «ទោះជារវល់យ៉ាងណាក៏យើងត្រូវធ្វើឱ្យគាត់ មិនឱ្យលើសពី៣ថ្ងៃ។ សំខាន់ គឺគាត់មកថ្ងៃហ្នឹង គឺធ្វើហើយចាំយកតែម្តង។ អត់ឱ្យគាត់មក(ម្តង)ទៀតទេ»។ លោក ហ៊ុយ សំណាង អះអាងដូច្នេះ៕
 
​អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 សេវាសាធារណៈ
  ច្រកចេញចូលតែមួយ
© រក្សាសិទ្ធិដោយ thmeythmey.com