អន្តរជាតិ
លោក អ៊ែរដូហ្កាន់ បង្ហើបថា ហ្វាំងឡង់ទំនងទទួលបានសច្ចាប័នចូលណាតូពូតួកគីមុនស៊ុយអែត
30, Jan 2023 , 3:29 pm        
រូបភាព
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ នៅថ្ងៃទី២៩ ខែមករា បានបង្ហើបថា ទីក្រុងអង់ការ៉ាទំនងយល់ព្រមផ្ដល់សច្ចាប័នសមាជិកភាពណាតូឱ្យហ្វាំងឡង់មុនស៊ុយអែត។ នេះក៏ព្រោះតែស៊ុយអែតនៅតែមិនទាន់បំពេញតាមលក្ខខណ្ឌដែលយល់ព្រមកន្លងមក។


ឱកាសចូលសម្ព័ន្ធយោធាណាតូរបស់ស៊ុយអែតហាក់នៅទ្រឹងត្រឹមតួកគី ដែលនៅតែមិនសុខចិត្តចំពោះរដ្ឋាភិបាលស៊ុយអែតមិនព្រមធ្វើតាមអ្វីដែលនិយាយគ្នារួច។ បាតុកម្មនៅទីក្រុងស្តុកខុលចូលរួមដោយអ្នកគាំទ្របក្សពលករឃើដ (PKK) ដែលតួកគីតែងចាត់ទុកជាក្រុមភេរវករ រឹតតែធ្វើឱ្យស៊ុយអែតកាន់តែពិបាក។ ស្របគ្នានឹងរឹងត្អឹងដាក់ស៊ុយអែត តួកគីបែរជាធម៌ត្រជាក់ជាមួយហ្វាំងឡង់ដែលស្នើចូលណាតូទន្ទឹមគ្នានឹងស៊ុយអែតដែរ។
 
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់នៅថ្ងៃទី២៩ ខែមករា អះអាងថា ហ្វាំងឡង់ទំនងទទួលបានសច្ចាប័នចូលជាសមាជិកណាតូមុនស៊ុយអ៊ែតហើយ។ 
«យើងប្រហែលបញ្ជូនសារមួយផ្សេង (អំពីសច្ចាប័នចូលជាសមាជិកណាតូ) ទៅហ្វាំងឡង់ ហើយស៊ុយអែតនឹងភ្ញាក់ផ្អើលនៅពេលពួកគេឃើញសាររបស់យើង ប៉ុន្តែហ្វាំងឡង់ក៏មិនគួរធ្វើឱ្យមានកំហុសដូចដែលស៊ុយអែតបានធ្វើដែរ»។ លោក អ៊ែរដូហ្កាន់ លើកឡើងបែបនេះក្នុងសុន្ទរកថាតាមទូរទស្សន៍។
 
ដោយសារខឹងសម្បារនឹងបាតុកម្មនៅស្ថានទូតតួកគីក្នុងក្រុងស្តុកខុលរហូតឈានដល់ការដុតគម្ពីរ Koran ប្រធានាធិបតីតួកគី ធ្លាប់ប្រាប់ឱ្យស៊ុយអែតឈប់រំពឹងទទួលបានការគាំទ្រសមាជិកភាពណាតូពីតួកគីទៀត។ បន្ថែមលើរឿងបាតុកម្ម លោក អ៊ែរដូហ្កាន់ ក៏បានរៀបរាប់ពីការធ្វើបត្យាប័នជនសង្ស័យភេរវករដែលស៊ុយអែតមិនអាចធ្វើបាន។ លោកអះអាងថា កន្លងមក តួកគីបានផ្ដល់បញ្ជីឈ្មោះជនសង្ស័យភេរវករ១២០នាក់ទៅឱ្យស៊ុយអែត តែស៊ុយអែតមិនព្រមធ្វើតាមឡើយ។ 
 
ក្រោយពេលតួកគីប្រតិកម្មលើរឿងបាតុកម្មនោះភ្លាម នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson ក៏ប្រកាសភ្លាមដែរពីបំណងចាប់ផ្ដើមកិច្ចសន្ទនាចូលណាតូជាមួយតួកគី។ ប៉ុន្តែរដ្ឋមន្រ្តីការបរទេសតួកគី Mevlut Cavusoglu បដិសេធដែរ ដោយចាត់ទុកជាកិច្ចប្រជុំគ្មានន័យអ្វីឡើយក្នុងស្ថានភាពបែបនេះ។ លើសពីនេះ តួកគី ក៏បានលើកពេលកិច្ចប្រជុំត្រីភាគីដែលគ្រោងរៀបចំនៅក្នុងខែកុម្ភៈ ជុំវិញការចូលជាសមាជិកណាតូដែរ។
 
ចំណែកភាគីហ្វាំងឡង់វិញ លោក Pekka Haavisto រដ្ឋមន្ត្រីការបរទេសបានអះអាងថា ហ្វាំងឡង់ចង់សម្រាក២ទៅ៣សប្ដាហ៍សិនសឹមចូលតុចរចាបន្តទៀត ដោយលោកជឿថា រដ្ឋាភិបាលទីក្រុងអង់ការ៉ានឹងមិនសម្រេចចិត្តលើរឿងសច្ចាប័នចូលណាតូឡើយ រហូតដល់មានការបោះឆ្នោតប្រធានាធិបតី និងសភាក្នុងខែឧសភា។ 
បើតាមលោក Haavisto ការចូលជាសមាជិកអង្គការណាតូក្នុងពេលដំណាលគ្នាជាមួយស៊ុយអែតនៅតែជាជម្រើសដំបូងដូចការសន្យាដដែល៕ 
 

Tag:
 តួកគី
  ហ្វាំងឡង់
  ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com