ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ស៊ន លេហ្សា ពីក្មេងស្រីចូលចិត្តលេងឡានបញ្ជា ទៅជានិស្សិតអាហារូបករណ៍វិស្វកម្មមេកានិចនៅអាម៉េរិក
30, Jan 2023 , 6:29 pm        
រូបភាព
យុវតី ស៊ន លេហ្សា បានទទួលអាហារូបករណ៍ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញវិស្វកម្មមេកានិចនៅសហរដ្ឋអាមេរិក។ រូបភាពផ្តល់សិទ្ធិដោយ ស៊ន លេហ្សា
យុវតី ស៊ន លេហ្សា បានទទួលអាហារូបករណ៍ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញវិស្វកម្មមេកានិចនៅសហរដ្ឋអាមេរិក។ រូបភាពផ្តល់សិទ្ធិដោយ ស៊ន លេហ្សា
កង់បេរ៉ា៖ «ការងារវិស្វកម្ម ត្រូវការខួរក្បាល។ ហេតុអ្វីបានជាយើងត្រូវប្រកាន់ភេទ?»។ យុវតីវ័យ ១៧ឆ្នាំ ស៊ន លេហ្សា ថ្លែងដោយសម្តីម៉ាត់ៗ ជាមួយនឹងអារម្មណ៍មិនពេញចិត្ត ពេលនិយាយដល់ ផ្នត់គំនិតដែលប្រកាន់ថា អាជីពជាវិស្វករស័ក្តិសមតែសម្រាប់បុរស។ លេហ្សា យល់ថាផ្នត់គំនិតអវិជ្ជមានចំពោះស្ត្រីនេះនៅបន្តជាឧបសគ្គបំបាក់ស្មារតី រារាំងក្តីស្រមៃ និងភាពកា្លហានរបស់ក្មេងស្រីក្នុងការចាប់យកជំនាញវិស្វកម្មតាំងពីពួកគេនៅក្មេង។
 
បច្ចុប្បន្ន កំពុងត្រៀមខ្លួនបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញវិស្វកម្មមេកានិចនៅសាលា Union College នាក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក យុវតី លេហ្សា ព្យាយាមបង្ហាញឱ្យឃើញថា វិស្វកម្មមិនមែនជាអាជីពការងារផ្តាច់មុខរបស់បុរសនោះឡើយ។ ស្ត្រីអាចធ្វើបាន! នេះជាសារលើកដែល លេហ្សា ព្យាយាមទឹកចិត្តដល់យុវតី និងក្មេងស្រីដទៃទៀតឱ្យហ៊ានជ្រើសរើសការសិក្សាតាមទេពកោសល្យ និងក្តីស្រមៃជាអាទិភាព។
 
ដោយឆ្លងកាត់បទពិសោធន៍សិក្សា បូករួមទាំងការប្រឹងប្រែង និងហ៊ានសម្រេចចិត្តជ្រើសយកជំនាញវិស្វកម្មតាមក្តីស្រលាញ់របស់ខ្លួនតាំងពីតូចផង លេហ្សា សង្ឃឹមថា ការប្រឹងប្រែងរបស់ខ្លួនអាចមានឥទ្ធិពលវិជ្ជមានតិច ឬច្រើនសម្រាប់ជំរុញ ក៏ដូចជាលើកទឹកចិត្តក្មេងស្រីៗដទៃទៀតឱ្យបន្តប្រឹងប្រែង និងហ៊ានសម្រេចចិត្តជ្រើសយកជំនាញដែលខ្លួនស្រលាញ់ជាពិសេសផ្នែកវិទ្យាសាស្ត្រ។ 
 
ដំណើរផ្សងព្រេងសិក្សាក្នុងរាជធានីដោយឥតព្រាងទុក 
 
កើតក្នុងឆ្នាំ ២០០៥ នៅក្រុងខេមរភូមិន្ទ នាខេត្តកោះកុង យុវតី លេហ្សា បានផ្សងព្រេងចាកឆ្ងាយពីស្រុកកំណើត ដើម្បីបន្តការសិក្សានៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៦ តាមរយៈអាហារូបករណ៍របស់សាលាភាពជាអ្នកដឹកនាំ Liger (Liger Academic Leadership)។  ពេលនោះ នាងទើបមានអាយុត្រឹម១១ ឆ្នាំ និងទើបបញ្ចប់ថ្នាក់បឋមសិក្សាតែប៉ុណ្ណោះ។  អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ រូបនាងរៀបរាប់ថា ដំណើរមកបន្តការសិក្សានៅភ្នំពេញ គឺជារឿងដែលមិនបានព្រាងទុកនោះឡើយ។ 
 
«តាមពិតទៅ បានឱកាសមករៀននៅភ្នំពេញ វាជារឿងគួរឱ្យអស់សំណើច»។ លេហ្សា រំលឹកដូច្នេះដោយលាយឡំជាមួយសំណើចតិចៗដូចជាហួសចិត្តផង ហើយរៀបរាប់បន្តថា ៖ «ខ្ញុំអត់ដឹងថា វាជាអាហារូបករណ៍អ្វីទេ។ ពេលបើកបវេសនកាលចូលរៀនថ្នាក់ទី៧ ខ្ញុំបានជួបគ្រូថ្នាក់ទី៦ របស់ខ្ញុំ។ គាត់ប្រាប់ថា គាត់បានដាក់ពាក្យជំនួសខ្ញុំឱ្យប្រឡងអាហារូបករណ៍ ដោយមិនបានសួរខ្ញុំមុនឡើយ។ ពេលនោះគាត់ប្រាប់ថា គេរើសយកសិស្សពីរនាក់ ក្នុងនោះមានស្រីម្នាក់ និងប្រុសម្នាក់ពីសាលាស្មាច់មានជ័យ។ ខ្ញុំក៏សាកល្បង ចូលប្រឡងនឹងគេនឹងឯងទៅ ធ្វើម៉េចបើគាត់បានដាក់ហើយ»។ 
 
សិស្សដែលដាក់ពាក្យចូលរួមប្រកួតយកអាហារូបករណ៍ពីរកន្លែងមានជាង៥០នាក់ ក្នុងខេត្តកោះកុង ប៉ុន្តែក្រោយឆ្លងកាត់ការប្រឡងជម្រុះ មានសិស្សតែបីនាក់ប៉ុណ្ណោះដែលនៅសល់ និង ត្រូវបន្តទៅសាកល្បងសមត្ថភាពនៅវគ្គចុងក្រោយ។ បើតាម លេហ្សា វាជាវគ្គដែលលំបាកបំផុតមួយ ដ្បិតបេក្ខជនត្រូវចុះទៅសម្ភាសប្រជាពលរដ្ឋក្នុងភូមិរបស់ខ្លួន ដើម្បីស្វែងយល់ពីបញ្ហាប្រឈមដែលអ្នកភូមិជួប មុនបន្តទៅធ្វើបទបង្ហាញនៅរាជធានីភ្នំពេញ។ 
 
សាកស្រមៃបន្តិចមើល ការចុះទៅសម្ភាស និងព្យាយាមស្វែងយល់ពីបញ្ហាប្រឈមរបស់សហគមន៍ដើម្បីទៅធ្វើបទបង្ហាញ ពិតជាមិនងាយស្រួលឡើយសម្រាប់មនុស្សគ្រប់វ័យ កុំថាឡើយសម្រាប់ក្មេងដែលទើបមានអាយុទើប១១ឆ្នាំដូចយុវតី លេហ្សា។ យ៉ាងណាមិញ ភាពក្មេងវ័យ បូករួមនឹងការខ្វះបទពិសោធផងនោះ មិនមែនជាឧបសគ្គធំឡើយ ដ្បិត លេហ្សា មានឪពុកជាមន្ត្រីសាលាខេត្ត និងម្តាយជាមន្ត្រីមន្ទីរអប់រំខេត្ត។ អ្នកទាំងពីរបានព្យាយាម ផ្តល់ការគាំទ្រ និងតម្រែតម្រង់ផ្លូវយ៉ាងប្រសើរ ធ្វើយ៉ាងណាជួយឱ្យ លេហ្សា អាចសម្រេចជោគជ័យបាន។ 


 
«រឿងសម្ភាសអ្នកភូមិ វាពិតជាថ្មីសម្រាប់ខ្ញុំ។ ធម្មតាជាសិស្ស យើងមិនដែលចេញពីថ្នាក់រៀនផង កុំថាដល់ចេញទៅសម្ភាសគេ។ ប៉ុន្តែ ខ្ញុំបានការគាំទ្រពីប៉ា និងម៉ាក់ ព្រោះគាត់ធ្លាប់មានពិសោធន៍តិចតួច។ ពួកគាត់ក៏នាំខ្ញុំទៅជួបអ្នកជិតខាង។ ក្រោយសម្ភាសអ្នកភូមិ កាលនោះខ្ញុំលើកយកបញ្ហាផ្លូវថ្នល់ សម្រាម និងតម្រូវការបន្ទប់ទឹក ព្រោះវាអ្វីដែលអ្នកភូមិខ្ញុំគាត់ចង់បាន»។ យុវតីសម្បុរស ដែលមានទឹកមុខរស់រាយជាប់ជានិច្ច ស៊ន លេហ្សា រំលឹកពីរឿងរ៉ាវរបស់ខ្លួនដូច្នេះ។  
 
«ពេលបន្តមកធ្វើបទបង្ហាញនៅភ្នំពេញ ពេលដើរចូលបន្ទប់ធ្វើបទបង្ហាញ ខ្ញុំហាក់ភ័យខ្លាំងដែរ។ ប៉ុន្តែបរិស្ថាននៃកន្លែងដែលខ្ញុំទៅនោះ វាងាយស្រួល។ ម្យ៉ាង សារខ្ញុំចង់ជាប់ខ្លាំង ទោះភ័យយ៉ាងម៉េចក៏ដោយ ក៏ខ្ញុំប្រឹងធ្វើម៉េចឱ្យអស់លទ្ធភាព»។  ជាលទ្ធផល លេហ្សា ត្រូវបានជ្រើសរើសជាសិស្សអាហារូបករណ៍ម្នាក់ក្នុងចំណោមសិស្សពីរនាក់មកពីខេត្តកោះកុង ដែលត្រូវបន្តសិក្សាថ្នាក់វិទ្យាល័យរយៈពេលប្រាំមួយឆ្នាំ។ 
 
ចាកចេញឆ្ងាយពីស្រុកកំណើត ផុតការឃុំគ្រង និងទំនុកបម្រុងរបស់ម្តាយឪពុកទាំងនៅក្មេងខ្ចី ដើម្បីស្វែងរកចំណេះដឹង ពិតជារឿងលំបាកសម្រាប់ក្មេងស្រីៗ។ ប៉ុន្តែ លេហ្សា អះអាងថា រូបនាងហាក់សប្បាយចិត្ត ដែលមានឱកាសរៀនរស់នៅដោយឯករាជ្យ។ យ៉ាងណាមិញ មិនមែនមានន័យថា គ្មានបញ្ហាទាល់តែសោះទេ។ បញ្ហាធំដែល លេហ្សា ជួបក្នុងពេលសិក្សា គឺកម្រិតសមត្ថភាពភាសាអង់គ្លេសតែម្តង ដ្បិតខ្លួនមិនបានរៀនសូត្រច្រើននោះឡើយពេលរស់នៅក្នុងខេត្ត កោះកុង។  
 
«ពេលមករៀន ខ្ញុំសប្បាយចិត្តច្រើនជាង ប៉ុន្តែគេផ្សេង គេយំនឹកផ្ទះ។ ប៉ុន្តែបញ្ហាធំគឺ ការប្រើប្រាស់ភាសាអង់គ្លេស។ នៅកោះកុង ខ្ញុំរៀនភាសាអង់គ្លេសមួយថ្ងៃមួយម៉ោងប៉ុណ្ណោះ ដូច្នេះហើយ ខ្ញុំអត់ហ៊ាននិយាយទេ។ ខ្ញុំបានត្រឹមតែនិយាយសួស្តីប៉ុណ្ណោះ។ ឃើញខ្ញុំមិនសូវមាត់ គ្រូគាត់សួរដែរ ខ្លាចខ្ញុំនឹកផ្ទះ។ ប៉ុន្តែពេលប្រឹងរៀនរាល់ថ្ងៃ ខ្ញុំក៏ចាប់រៀនទាន់គេ»។
 
ឆ្លងកាត់ការសិក្សា រយៈពេលប្រាំមួយឆ្នាំនៅសាលាភាពជាអ្នកដឹកនាំ Liger យុវតីរូបនេះបានក្រេបជញ្ជក់យកចំណេះដឹង អាចកសាងសមត្ថភាពជំនាញ និងស្វែងយល់ពីបំណិនជីវិតសំខាន់ជាច្រើន។ អ្វីដែលសំខាន់ជាងគេនោះគឺ លេហ្សា អាច រៀនរស់នៅដោយឯករាជ្យ មានការសម្រេចចិត្តច្រើន ហើយក៏ចេះគ្រប់គ្រងខ្លួនឯង និងបញ្ហាហិរញ្ញវត្ថុបានប្រសើរដែរ។ បើប្រៀបធៀបនឹងមនុស្សវ័យស្របាលគ្នា លេហ្សា ទំនងជាស្ថិតក្នុងចំណោមក្មេងស្រីតិចតួចប៉ុណ្ណោះដែលបានឆ្លងកាត់បទពិសោធន៍ជីវិតច្រើន និងអាចសម្របខ្លួនបាននឹងស្ថានភាពថ្មីបានរហ័សៗ។  
 
«ខ្ញុំអាចរៀនរស់នៅដោយខ្លួនឯង ដោយគ្មានប៉ាម៉ាក់នៅក្បែរ។ ខ្ញុំរៀនសម្រេចចិត្តខ្លួនឯង ដូចជាការងារអ្វីដែលខ្ញុំត្រូវធ្វើបន្ត និងរៀនបន្តទៀត។ ប៉ុន្តែពិតហើយ ប៉ាម៉ាក់ គាត់នៅតែគាំទ្រ។ មួយវិញទៀត ខ្ញុំអាចរៀនប្រើប្រាស់ និងគ្រប់គ្រងលុយកាក់ដោយឯករាជ្យ ជាពិសេសធ្វើម៉េចអាចចំណាយលុយបានដោយត្រឹមត្រូវ»។ លេហ្សា រៀបរាប់ដោយសម្តីម៉ាត់ៗដូច្នេះ មុននឹងបន្តថា រូបនាងទទួលបានឱកាសរៀនសូត្រពីការដឹកនាំគម្រោង និង ក្រេបយកចំណេះដឹងទូទៅជាច្រើនផ្សេងទៀតតាមការចុះអនុវត្តគម្រោងជាច្រើនរៀងរាល់ឆ្នាំ។ 
 
នាងរៀបរាប់បន្តទាំងមោទកភាពដូច្នេះថា៖ «បើសិនជាខ្ញុំអត់បានមកសាលា Liger ទេ ខ្ញុំប្រហែលជារៀនពេទ្យហើយ។ បើអត់មកទីនេះទេ ពេលទៅដល់សាកលវិទ្យាល័យ ខ្ញុំប្រហែលអត់សុខស្រួលទេ។ ម្យ៉ាងបើខ្ញុំអត់បានអាហារូបករណ៍មករៀននៅទីនេះទេ ខ្ញុំប្រហែលអត់មានឱកាសទៅរៀននៅក្រៅប្រទេសដូចឥឡូវទេ»។  
 
«ខ្ញុំស្រលាញ់ជំនាញវិស្វកម្ម ព្រោះចូលចិត្តលេងឡានបញ្ជា និងច្នៃរបស់តាំងពីតូច...»
 
ឧបករណ៍ក្មេងលេងប្រហែលជាត្រូវបានបែងចែកជាក់លាក់សម្រាប់ក្មេងប្រុស និងក្មេងស្រី ដោយផ្អែកលើភេទ។ គេរំពឹងថា ក្មេងស្រីៗ គួរលេងតុក្កតា ឬបាយឡុកបាយឡ ខណៈដែលក្មេងប្រុសៗ គួរតែលេងគ្រឿងអេឡិចត្រូនិចដូចជាឡានបញ្ជាជាដើមវិញ។
 
ប៉ុន្តែសម្រាប់ លេហ្សា ការជ្រើសរើសរបស់លេង ជាចំណុចដែលអាចឱ្យមនុស្សម្នាក់ៗស្វែងរកខ្លួនឯង និងអ្វីដែលខ្លួនចូលចិត្តដើម្បីបន្តធ្វើនៅពេលអនាគតបានដែរ។  លេហ្សា រំលឹកថា រូបនាងដឹងថា ខ្លួនស្រលាញ់ជំនាញវិស្វកម្មមេកានិច ដោយសាររូបនាងចូលចិត្តច្នៃរបស់របរ និង លេងឡានបញ្ជាតាំងពីនៅវ័យក្មេង។


 
«ពេលអាយុប្រាំបី ឬប្រាំបួនឆ្នាំ ខ្ញុំចាប់ផ្តើមលេងកូនឡានបញ្ជា ហើយខ្ញុំចូលចិត្តដើររើសរបស់មកច្នៃ ធ្វើជារបស់លេងដូចជាច្នៃជាទូកជាដើម»។ លេហ្សា រៀបរាប់ពីកុមារភាពរបស់ខ្លួនដូច្នេះ។
 
ពិតប្រាកដហើយ ជំនាញវិស្វកម្មមិនមែនជាអ្វីដែលគេចាត់ទុកជាជំនាញដែលមនុស្សស្រីគួរធ្វើឡើយ។ ម្យ៉ាងនៅក្នុងសហគមន៍ដែល លេហ្សា រស់នៅក៏គេមិនសូវលើកឡើងពីជំនាញវិស្វកម្មទៀត ដែលវាជាហេតុធ្វើឱ្យក្មេងស្រីដូចជា លេហ្សា ត្រូវប្រឈមនឹងភាពស្រពិចស្រពិលខ្លាំង ហើយក៏អាចឈានទៅសម្រេចចិត្តជ្រើសរើសការសិក្សាលើជំនាញផ្សេងមិនសមនឹងទេពកោសល្យ និងខុសពីក្តីស្រលាញ់របស់ខ្លួនផង។ 
 
«សូម្បីតែគេសម្ភាសខ្ញុំ ចូលរៀននៅសាលា ខ្ញុំប្រាប់គេថា ខ្ញុំចូលចិត្តតភ្លើង និងឡានបញ្ជា។ ពេលគេសួរខ្ញុំថា ធំឡើងចង់ធ្វើអ្វី ខ្ញុំប្រាប់ថា ខ្ញុំចង់ធ្វើពេទ្យធ្មេញ។ ដោយសារថា នៅក្នុងភូមិ កម្រមានគេនិយាយច្រើនពីការងារវិស្វកម្ម ហើយខ្ញុំក៏មិនស្គាល់ថា វាជាអ្វីដែរ»។ លេហ្សា រៀបរាប់ដូច្នេះ ហើយបង្ហើបថា ជាសំណាងល្អ ដែលខ្លួនអាចស្វែងយល់ពីជំនាញវិស្វកម្មមេកានិចបានច្បាស់ បន្ទាប់ពីសិក្សានៅសាលាភាពជាអ្នកដឹកនាំ Liger ។
 
«តាមពិតការចង់ធ្វើពេទ្យ ជាគោលដៅរបស់ខ្ញុំដែរ ព្រោះចង់ជួយមនុស្ស។ ការងារជាពេទ្យមិនត្រឹមតែជួយអ្នកភូមិទេ តែខ្ញុំក៏អាចជួយពុកម៉ែរបស់ខ្ញុំបានដែរ។ ខ្ញុំប្រាប់ពួកគាត់ ពួកគាត់ក៏ចង់ឱ្យខ្ញុំធ្វើវាដែរ។ តាមពិត កាលមុនស្ទាក់ស្ទើរ ដោយសារម្តាយខ្ញុំគាត់ថា ជំនាញវិស្វកម្ម មិនសូវឱ្យស្រីធ្វើទេ។ ខ្ញុំក៏គិតអ៊ីចឹងដែរ។ ប៉ុន្តែពេលខ្ញុំមានកុំព្យូទ័រនៅក្នុងដៃ ក៏ចាប់ផ្តើមស្រាវជ្រាវហើយក៏ដឹងថា ការងារវិស្វកម្មមិនសំខាន់លើភេទទេ»។
 
ពេលសាកសួរថា តើអ្នកណាមានឥទ្ធិពលខ្លាំងលើការសម្រេចរបស់នាងតាំងពីតូចក្នុងការឈានទៅរើសជំនាញវិស្វកម្មមេកានិច កូនចៅអ្នកខេត្តកោះកុងរូបនេះ ឆ្លើយតបទាំងឥតស្ទាក់ស្ទើរថា៖ «ប៉ារបស់ខ្ញុំ!»។ 
 
«កាលពីតូច ខ្ញុំគិតថា ប៉ារបស់ខ្ញុំ។ ពេលនោះ ធម្មតា ក្មេងស្រីតែងតែលេងតុក្កតាកូនក្រមុំ តែខ្ញុំមិនចេះលេងទេ។ ម៉ាក់ខ្ញុំតែងតែទិញរបស់ទាំងនេះឱ្យខ្ញុំ។ ប៉ុន្តែខ្ញុំ និងប៉ាខ្ញុំតែងតែលួចទិញឡានបញ្ជា។ គាត់ដាក់លក្ខខណ្ឌ បើរៀនបានលេខមួយ ប៉ាខ្ញុំទិញឱ្យ មិនបាច់សួរម៉ាក់ខ្ញុំទេ។ គាត់ដឹងថា ក្មេងស្រីមិនគួរលេងទេ ប៉ុន្តែប៉ាខ្ញុំឱ្យខ្ញុំលេង។ គាត់ប្រាកដជា ដឹងថា ក្មេងស្រីមិនគួរលេងឡានបញ្ជាទេ តែដោយសារមានហេតុផលខ្លះដែលខ្ញុំមិនដឹង គាត់ឱ្យខ្ញុំលេង»។  លេហ្សា រំលឹកអនុស្សាវរីយ៍ពីកុមាររបស់ខ្លួនទាំងសើចរលាក់តិចៗផង។
 
«ប៉ាខ្ញុំពេលខ្លះគាត់បង្រៀនខ្ញុំឱ្យប្រើឧបករណ៍ជួសជុល ដូចជាធ្វើដូចជាធ្វើកង់ ធ្វើហ្វ្រាំងកង់ជាដើម។ និយាយទៅ ពីតូចគឺប៉ារបស់ខ្ញុំនេះហើយដែលជាអ្នកផ្តល់កម្លាំងចិត្តរបស់ខ្ញុំជាងគេ»។
 
ដឹកនាំគម្រោងគាំទ្រក្មេងស្រីដែលស្រលាញ់ជំនាញវិស្វកម្ម
 
លើសពីរកឃើញជំនាញមួយដែលពឹងផ្អែកលើក្តីស្រលាញ់ លេហ្សា មានឱកាសកសាងសមត្ថភាពរបស់ខ្លួនតាមរយៈការដឹកនាំគម្រោងជួយគាំទ្រដល់ក្មេងស្រីដែលស្រលាញ់ជំនាញវិស្វកម្ម។ ប្រាកដណាស់ថា វាជាការការសាកល្បងសមត្ថភាពក្នុងការគ្រប់គ្រង និងភាពជាអ្នកដឹកនាំធំបំផុតមួយសម្រាប់យុវតីដែលស្ថិតក្នុងវ័យជាង ១០ឆ្នាំរូបនេះ។
 
គម្រោងដែល លេហ្សា ដឹកនាំនោះមានឈ្មោះថា «វិស្វកម្មសម្រាប់យុវតី»។ ចាប់ផ្តើមដឹកនាំគម្រោងពេលខ្លួនរៀននៅថ្នាក់ទី១១ នៅឆ្នាំ២០២០ គម្រោងរបស់ លេហ្សា ផ្តោតសំខាន់លើសិស្សស្រីដែលរៀនថ្នាក់ទី៧ និងទី៨ នៅអនុវិទ្យាល័យរទំាង ដែលស្ថិតនៅរាជធានីភ្នំពេញ។ គម្រោងគាំទ្រក្មេងស្រីឱ្យយល់ពីជំនាញវិស្វកម្ម បានបើកទ្វារកាន់តែទូលាយឱ្យ លេហ្សា បានស្វែងយល់កាន់តែច្បាស់ពីបញ្ហាដែលក្មេងស្រីៗដទៃជាពិសេសអ្នកដែលរស់នៅទីជនបទប្រឈម ពេលចាប់យកការសិក្សាជំនាញវិទ្យាសាស្ត្រជាពិសេសផ្នែកវិស្វកម្ម។ 
 
«ខ្ញុំបានឃើញលទ្ធផលច្រើន ថ្វីដ្បិតថា គម្រោងនេះខ្ញុំធ្វើតែកន្លះថ្ងៃក្តី។ វាសិក្ខាសាលាខ្លីមួយ ដែលអនុញ្ញាតឱ្យក្មេងទាំងនោះរៀនជំនាញរឹង និងជំនាញទន់ពាក់ព័ន្ធនឹងវិស្វកម្ម។ ពេលនោះយើងតម្រូវ ឱ្យពួកគាត់ធ្វើកង្ហារមួយ ប៉ុន្តែគាត់ត្រូវរកអ្វីដែលមានជុំវិញសាលាមកច្នៃ ហើយយើងផ្តល់តែម៉ូទ័រទៅគាត់ទេ»។ លេហ្សា ពន្យល់ដូច្នេះ។ 
 
ថ្វីបើកការច្នៃកង្ហារហាក់មានភាពងាយស្រួលក្តី អ្វីដែលធ្វើឱ្យ យុវតី លេហ្សា ភ្ញាក់ផ្អើល និងយល់កាន់តែច្បាស់ពីឧបសគ្គដែលកុមារីតែងជួបប្រទះ គឺគ្មានសូម្បីតែឱកាសសាកល្បងធ្វើ ឬច្នៃឧបករណ៍ងាយដូច្នេះ។ 
 
«ខ្ញុំភ្ញាក់ផ្អើល ដ្បិតថា ខ្ញុំមានជីវិតខុសពីពួកគាត់ ព្រោះខ្ញុំតែងតែមានឱកាសលេងឡានបញ្ជា និងយកវាមកច្នៃតាំងពីតូច។ ដូច្នេះហើយ ខ្ញុំគិតថា គម្រោងដែលខ្ញុំដឹកនាំវាសំខាន់សម្រាប់ពួកគាត់នៅពេលអនាគត។ ដល់រៀនថ្នាក់ទី ១២ គាត់ប្រហែលនឹកអត់ឃើញទេ បើសិនជាគាត់មិនបានសាកល្បងធ្វើវា»។ យុវតីដែលមានដើមកំណើតនាខេត្តកោះកុង អះអាងបែបនេះ។  
 
ដោយឃើញមានសក្តានុពល និងផលបច្ច័យវិជ្ជមានលើសិស្សក្មេងដែលរៀនថ្នាក់វិទ្យាល័យ លេហ្សា បានសម្រេចចិត្តដាក់ពាក្យស្វែងរកធនធានបន្ថែមដើម្បីគាំទ្រគម្រោងរបស់ខ្លួន និង ពង្រីកការបណ្តុះបណ្តាលទៅកាន់ទីតាំងផ្សេងទៀត។ ជាលទ្ធផល គម្រោងរបស់លេហ្សា ជាប់ក្នុងចំណោមគម្រោង ១៥ ដែលទទួលបានជំនួយគាំទ្រពីអង្គការ UNICEF ក្នុងកម្មវិធីជំនាន់ថ្មី (Generation Future)។ 
 
គម្រោងនេះត្រូវបានរៀបចំឡើងរយៈពេលប្រាំសប្តាហ៍ និងមានបីជុំដោយចាប់ផ្តើមពីខែ សីហាដល់ខែវិច្ឆិកាឆ្នាំ ២០២២។ ជុំទីមួយ លេហ្សា ជ្រើសយកសិស្សថ្នាក់ទី ៨ និងទី ៩ នៅសាលាជំនាន់ថ្មីព្រែកលាប។ ចំណែកជុំទីពីរ និងទីបី គឺផ្តោតលើសិស្សនៅសាលាសាមគ្គីរង្សី នៅខេត្តកំពង់ចាម។ បើតាមការពន្យល់របស់យុវតីរូបនេះ ខ្លួនគ្មានគោលដៅជំរុញឱ្យសិស្សគ្រប់គ្នាជ្រើសរើសយកជំនាញវិស្វកម្មទេ ប៉ុន្តែចង់ផ្តល់ឱកាសឱ្យសិស្សានុសិស្សទាំងនោះមានឱកាសស្រង់បទពិសោធ និងស្វែងយល់ថា ជំនាញវិស្វកម្មជាអ្វីដែលពួកគេចូលចិត្តឬយ៉ាងណា។ 
 
«តាមរយៈកម្មវិធីយើង ពេលអនុវត្ត ពួកគាត់ភ្ញាក់ផ្អើលខ្លាំងដោយសារវាខុសគ្នាខ្លះពីទ្រឹស្តីដែលគាត់រៀន។ សម្រាប់ខ្ញុំ សប្តាហ៍ទីមួយ និងទីពីរ វារៀងលំបាកបន្តិចដោយសារមេរៀនដែលគាត់ត្រូវរៀនវាជ្រៅបន្តិច។ ចំណែកសប្តាហ៍ទីបី ទីបួន និងទីប្រាំ ពួកគាត់ចាប់ផ្តើមត្រៀមសាងសង់ម៉ាស៊ីន Rube Goldberg និងប្រកួតពីគំនិតរបស់គាត់»។ លេហ្សា ពន្យល់បន្ថែមដូច្នេះ។ 


 
ថ្វីដ្បិតថា គម្រោង «វិស្វកម្មសម្រាប់យុវតី» ឈានដល់ទីបញ្ចប់ក្តី លេហ្សាបង្ហាញអារម្មណ៍រីករាយ និងមានមោទកភាពចំពោះលទ្ធផលជាទីគាប់ចិត្តដែលគម្រោងខ្លួនបង្កើតបាន។  
 
«ខ្ញុំមើលឃើញថា វាមានឥទ្ធិពលខ្លាំងមែនទែនលើសិស្សស្រីដែលគាត់ពេញចិត្តជំនាញវិស្វកម្ម។ ឧទាហរណ៍ជាក់ស្តែង មានសិស្សស្រីពីរនាក់ដែលបានបន្តសុំយោបល់ និងសុំចូលរួមជួយក្នុងការដឹកនាំគម្រោងរបស់ខ្ញុំ។ ពួកគាត់ប្រាប់ថា គាត់ចង់ជួយ និងរៀនពីខ្ញុំ ហើយក៏ចង់ចេះដឹកនាំគម្រោងដូចខ្ញុំដែរ។ គាត់ប្រាប់ខ្ញុំដែរថា ពួកគាត់មានចំណង់ចំណូលចិត្តខ្លាំងមែនទែនចំពោះជំនាញវិស្វកម្ម និងចង់បន្តធ្វើវានៅអនាគត»។ នេះជាការរៀបរាប់របស់លេហ្សា។
 
«ពួកគាត់ មើលឃើញការពីមតិយល់ខុសចំពោះជំនាញវិស្វកម្មនេះ ទន្ទឹមនឹងនោះគាត់បានឃើញថា មានក្មេងស្រីដូចជារូបខ្ញុំនេះក្លាយជាអ្នកតស៊ូមតិសម្រាប់ក្មេងស្រី និងស្រី្ត ហើយគាត់ចង់មានឥទ្ធិពលលើសិស្សដទៃទៀតដែរ។ គាត់ប្រាប់ខ្ញុំត្រង់ថា គាត់ចាត់ទុកខ្ញុំជា ជនគំរូសម្រាប់ពួកគាត់។ ទាំងអស់នេះពិតជាផ្តល់កម្លាំងចិត្តខ្លាំងដល់ខ្ញុំឱ្យបន្តទៅមុខទៀត»។ 
 
ពេលសាកសួរថា គម្រោងវិស្វកម្មសម្រាប់យុវតី អាចនឹងឈានទៅប្តូរផ្នត់គំនិតមនុស្សចាស់ជុំវិញការយល់ឃើញថា ការងារវិស្វកម្មជាអាជីពសម្រាប់មនុស្សប្រុសឬយ៉ាងណា លេហ្សា ឆ្លើយតបវិញដោយមានទំនុកចិត្តថា គម្រោងនេះគ្មានគោលដៅប្តូរផ្នត់គំនិតមនុស្សចាស់ឡើយ តែមានចំណែកចូលរួមប្តូរការគិតរបស់ក្មេងស្រី និងលើកទឹកចិត្តឱ្យពួកគេហ៊ានគិតចង់ប្តូរការគិតរបស់ក្មេងស្រីផ្សេងទៀត ជាពិសេសកែប្រែការយល់ខុសចំពោះជំនាញវិស្វកម្មនេះដែរ។ 
 
លេហ្សា អះអាងដូច្នេះ៖ «គម្រោងដែលខ្ញុំដឹកនាំ ផ្តល់ឱកាសឱ្យពួកគាត់ស្វែងយលថាតើ ការងារវាសមស្រប ជាមួយនឹងគាត់ពេលនិយាយដល់ការជ្រើសរើសអាជីពឬអត់។ ពិតហើយ វាប្រហែលជាមិនបានប្តូរការគិតរបស់ចាស់ៗដែលយល់ថា ស្ត្រីមិនស័ក្តិនឹងការងារវិស្វកម្មទេ ប៉ុន្តែអ្វីដែលខ្ញុំអាចផ្លាស់ប្តូរ គឺការគិតរបស់ក្មេងស្រី។ អ្វីដែលខ្ញុំអាចឱ្យគាត់យល់គឺ វិស្វកម្ម គឺសម្រាប់ទាំងអស់គ្នា។ បច្ចុប្បន្នយើងមានប្រព័ន្ធបច្ចេកវិទ្យា ហើយអ្វីដែលយើងត្រូវការគឺ ខួរក្បាល។ ហេតុអ្វីបានជាយើងត្រូវប្រកាន់លើភេទ។ នេះជាអ្វីដែលខ្ញុំតែងចោទសួរ ពេលខ្ញុំដឹកនាំគម្រោង»។ 
 
បន្តកសាងក្តីស្រមៃលើជំនាញវិស្វកម្មមេកានិចតាមអាហារូបករណ៍សិក្សានៅសហរដ្ឋអាមេរិក
 
ប្រាំមួយឆ្នាំក្រោយមកដោយបានឆ្លងកាត់ការសិក្សា និងការលត់ដំជាច្រើននៅសាលាភាពជាអ្នកដឹកនាំ Liger យុវតី លេហ្សា បានបញ្ចប់ថ្នាក់វិទ្យាល័យដោយជោគជ័យក្នុងឆ្នាំ ២០២២។ មានវ័យត្រឹម ១៧ ឆ្នាំ លេហ្សា កំពុងត្រៀមខ្លួនបន្តក្តីស្រមៃរបស់ខ្លួនលើជំនាញវិស្វកម្មមេកានិច តាមរយៈអាហារូបករណ៍ដែលផ្តល់ឱ្យដោយសាកលវិទ្យាល័យ Union College ដែលមានទីតាំងស្ថិតនៅក្រុង ញូវយ៉ក សហរដ្ឋអាមេរិក។ 
 
តាមពិតទៅ ការទទួលបានឱកាសទៅបន្តការសិក្សារបស់ លេហ្សា នៅសាកលវិទ្យាល័យលំដាប់អន្តរជាតិ ប្រាកដណាស់គឺ កើតចេញពីចំណេះដឹង សមត្ថភាពខ្ពស់  និងការត្រៀមលក្ខខណៈទុកជាមុនយ៉ាងច្រើនពេលដែលយុវតី លេហ្សា កំពុងសិក្សាថ្នាក់វិទ្យាល័យកន្លងមក។ 
 
«បច្ចុប្បន្នខ្ញុំទទួលបានអាហារូបករណ៍ ទៅរៀននៅសហរដ្ឋអាមេរិក។ តាមពិតទៅ សាលាអ្នកគាំទ្រ និងជ្រើសរើសខ្ញុំ សម្រាប់ការដាក់អាហារូបករណ៍នេះ។ ពេលដាក់ទៅអាហារូបករណ៍នេះដែរ ខ្ញុំជឿជាក់ថាខ្ញុំអាចនឹងជាប់ ដោយសារពិន្ទុដែលខ្ញុំទទួលបានខ្ពស់ និងធ្លាប់ដឹកនាំគម្រោង ហើយខ្ញុំក៏ស្ថិតក្នុងចំណោមសិស្សសាលាគាំទ្រ។ ម្យ៉ាងបើ ទោះជាមិនជាប់ ក៏ខ្ញុំនៅតែមានក្តីសង្ឃឹមច្រើន ថា ខ្ញុំអាចទៅកន្លែងផ្សេងបានដូចថៃឬសិង្ហបុរីដែរ»។ លេហ្សា រៀបរាប់ដោយមានជំនឿចិត្តខ្ពស់ដូច្នេះ។ 
 
លោកស្រី Caroline Bell នាយិកាសាលាភាពជាអ្នកដឹកនាំ Liger បានបង្ហាញមោទកភាព និងទំនុកចិត្តខ្ពស់ ចំពោះសិស្សរបស់ខ្លួនរូបនេះ ដែលនឹងត្រូវចាកចេញទៅបន្តការសិក្សាជំនាញវិស្វកម្មមេកានិចនៅពាក់កណ្តាលឆ្នាំ ២០២៣។ 
 
«ក្នុងនាមជានាយិការបស់ លេហ្សា ផ្ទាល់ ខ្ញុំមើលឃើញថា លេហ្សា ជាសិស្សម្នាក់ក្នុងចំណោមសិស្សពូកែជាងគេក្នុងសាលា។ វាមិនមែនត្រឹមកើតចេញពីទេពកោសល្យខាងសិក្សារៀនសូត្រមួយមុខទេ តែវាកើតចេញពីការប្រឹងប្រែងខ្លាំងរបស់នាង។ លេហ្សា ជាសិស្សម្នាក់ដែលប្រឹងប្រែងខ្លាំងដើម្បីសម្រេចគោលដៅ។ ភាពជោគជ័យរបស់នាងគឺកសាងឡើងដោយពឹងលើការប្រឹងប្រែង និងជំនឿទុកចិត្តចំពោះអ្វីដែលខ្លួនកំពុងធ្វើ»។ នាយិការូបនេះរៀបរាប់ដូច្នេះពេលសាកសួរពីភាពជោគជ័យក្នុងការសិក្សារបស់យុវតី លេហ្សា។ 
 
ដោយសារការសិក្សានឹងត្រូវចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៣ លេហ្សាកំពុងត្រៀមខ្លួនតាមរយៈការសិក្សាបន្ថែមលើជំនាញរូបវិទ្យា។ ថ្វីបើមានទំនុកចិត្តខ្ពស់ក្តីដោយសារធ្លាប់រស់នៅឆ្ងាយម្តាយឪពុក និងមានភាពឯករាជក្នុងការសម្រេចចិត្តក្តី ពេលគិតទៅដល់ពេលទៅរស់នៅលើទឹកដីថ្មីដោយចំណាយពេល ៤ ឆ្នាំដើម្បីសិក្សា  លេហ្សាក៏នៅតែមានក្តីបារម្ភមួយចំនួនដែរ។ បារម្ភត្រង់ ការឈឺថ្កាត់ពេលរស់នៅឆ្ងាយពីគ្រួសារ។ ម្យ៉ាងវិញទៀត ការសិក្សាកម្រិតឧត្តមសិក្សាជំនាញវិស្វកម្មម៉េកានិច ដែលលេហ្សានឹងសិក្សា មិនមែនជាជំនាញដែលងាយស្រួលទេ។ លើសពីការប្រើប្រាស់ភាសាអង់គ្លេសដែលមិនមែនជាភាសាកំណើត  លេហ្សា នឹងត្រូវរៀនមុខវិជ្ជាវិទ្យាសាស្ត្រពិតជាពិសេសរូបវិទ្យា ដែលជាមុខវិជ្ជាលំបាក។ 
ក្នុងសម្តីម៉ាត់ៗ ហើយច្បាស់ៗ លេហ្សារៀបរាប់ដូច្នេះ« ខ្ញុំពិតជារំភើបមែនទែនដែលមានឱកាសនេះ។ ប៉ុន្តែទន្ទឹមគ្នានោះ ខ្ញុំក៏បារម្ភ ពេលឈឺ។ ខ្ញុំមិនដឹងយ៉ាងម៉េចដោយសារឆ្ងាយឪពុកម្តាយ។ ចំណែកក្តីបារម្ភទីពីរ និង ជាក្តីបារម្ភធំនោះគឺ ការសិក្សារបស់ខ្ញុំទៅទីនោះ។ ភាសាអង់គ្លេសមិនមែនជាភាសាកំណើតទេ។ ខ្ញុំនឹងត្រូវរៀនវិស្វកម្មមេកានិច អ៊ីចឹងហើយយើងរៀនរូបវិទ្យាច្រើនមែនទែន។ អ៊ីចឹងហើយ ខ្ញុំកំពុងរៀនរូបវិទ្យា ដើម្បីត្រៀមពេលនេះ»។
 
លេហ្សា មិនបណ្តែតបណ្តោយឱ្យភាពក្តីខ្លាច និងក្តីបារម្ភមានឥទ្ធិពលខ្លាំងលើខ្លួនឡើយ។ លេហ្សា នៅតែមានភាពជឿជាក់ និងទំនុកចិត្តថា ខ្លួននឹងអាចសម្រេចបានលទ្ធផលល្អទាំងការសិក្សា និងសម្របខ្លួនទៅនឹងមជ្ឈដ្ឋានថ្មី  ដែលវានឹងជួយឱ្យរូបនាងមានលទ្ធភាព និងសមត្ថភាពគូសវាសជោគវាសនារបស់ខ្លួនក្នុងជំនាញវិស្វកម្មនៅពេលអនាគត។ 
 
«ទោះជាយើងបានរៀនត្រៀមប៉ុណ្ណេះ ក៏វានៅតែមិនទាន់គ្រប់គ្រាន់ដែរ។ យ៉ាងណាមិញ ខ្ញុំត្រៀមខ្លួនរួចរាល់ហើយសម្រាប់បញ្ហាប្រឈមទាំងនោះ»។ 
 
ទាក់ទិននឹងការបន្តការសិក្សានៅអាមេរិករបស់ លេហ្សាដែរ នាយិកា Caroline បានរៀបរាប់ថា រាល់សិស្សដែលមានឱកាសទៅបន្តការសិក្សានៅក្រៅប្រទេសសុទ្ធតែមានគុណវុឌ្ឍិគ្រប់គ្រាន់ និងមានសមត្ថភាពសម្របខ្លួន និងដោះស្រាយបញ្ហប្រឈមនានាដែលនឹងជួបរាប់ទាំងយុវតី លេហ្សាផង។
 
«យើងមានទំនុកចិត្តខ្លាំង និងសុទិដ្ឋិនិយមចំពោះការត្រៀមខ្លួនទៅសហរដ្ឋអាមេរិក។ លេហ្សា ជាក្មេងស្រីប្រកបដោយទំនុកចិត្ត ហើយក៏មានទេពកោសល្យខ្ពស់ដែរ។ មិនត្រឹមតែប៉ុណ្ណោះ គេមានក្រុមគ្រួសារ និងមិត្តភក្តិល្អៗនៅចាំជួយគាំទ្រ។ ខ្ញុំមិនមានមន្ទិលសង្ស័យទេចំពោះលទ្ធភាពរបស់ លេហ្សា ក្នុងការប្រាស្រ័យទាក់ទងល្អជាមួយគ្រូរបស់គេពេលរៀនអាមេរិក។ យើងប្រាកដក្នុងចិត្តថា នាងនឹងធ្វើបានល្អពេលរៀននៅទីនោះ»។ នេះជាការលើកឡើងរបស់លោកស្រី Caroline។  
 
«ផ្តល់ត្រឡប់ទៅជួយសង្គមជាស្មារតីរួមរបស់យើង»!
 
ពេលសាកសួរដល់គម្រោងឬផែនការដែលត្រូវធ្វើបន្ទាប់ ក្រោយបញ្ចប់ការសិក្សានៅអាមេរិក លេហ្សា ឆ្លើយតបដោយមិនលាក់លៀមថា ខ្លួនមិនទាន់កំណត់ច្បាស់ក្នុងចិត្តនៅឡើយទេ។ ប្រាកដហើយ វាហាក់ដូចជាឆាប់រហ័សពេកដែលត្រូវគិតពីផែនការជាក់លាក់ ទាំងដែលលេហ្សាមិនបានចាប់ផ្តើមការសិក្សាផង។ 
 
យ៉ាងណាមិញ យុវតីរូបនេះបានលើកឡើងថា ការក្លាយខ្លួនជាភ្នាក់ងារចូលរួមផ្លាស់ប្តូសង្គម ដោយបង្កើតឥទ្ធិពលល្អសម្រាប់សង្គម សហគមន៍ និងប្រទេសជាតិទាំងមូល ជាគោលគំនិត និង ជាបេសកកម្មដែលស្ថិតក្នុងស្មារតីរួមរបស់សិស្សទាំងអស់ដែលសិក្សានៅសាលាភាពជាអ្នកដឹកនាំ Liger។  
 
«គោលដៅខ្ញុំបន្ទាប់ គឺខ្ញុំមិនទាន់ច្បាស់ដូចគ្នា។ ប៉ុន្តែសាលាភាពជាអ្នកដឹកនាំ Liger បានបង្រៀនពួកខ្ញុំឱ្យក្លាយជាភ្នាក់ងារដែលធ្វើឱ្យមានការផ្លាស់ប្តូរតាំងពីយើងនៅតូចៗមកម្ល៉េះ  ដោយតាមរយៈការដឹកនាំគម្រោងដែលបង្កើតផលវិជ្ជមានសម្រាប់សហគមន៍យើង។  សាលាបង្រៀនខ្ញុំដូច្នេះ ហើយផ្នត់គំនិតនេះ ខ្ញុំមិនបោះបង់ចោលទេ ទោះជាខ្ញុំទៅដល់ណាក៏ដោយ។ ទោះជាយើងចង់ភ្លេច ក៏ភ្លេចមិនកើតដែរ»។ លេហ្សា និយាយដូច្នេះហើយឆ្លៀតសើចតិចៗផង។  


 
«ទោះជាខ្ញុំរៀននៅអាមេរិក ការក្លាយជាវិស្វករ ឬត្រូវរៀនបន្តទៅទៀតនៅមិនទាន់ច្បាស់ក៏ដោយសម្រាប់ខ្ញុំ តែពេលចុងបញ្ចប់ខ្ញុំនឹងមកជួយកម្ពុជា។ ទោះមិនទាន់ដឹងថា របៀបណាក៏ដោយ ប៉ុន្តែខ្ញុំច្បាស់ក្នុងចិត្តថា ខ្ញុំមានគោលដៅធ្វើអ្វីក៏ដោយដែលអាចមានឥទ្ធិពលលើសហគមន៍ និងសង្គម។ សំខាន់បំផុត គឺលើកស្ទួយវិស័យវិស្វកម្មនេះតែម្តង និងធ្វើយ៉ាងណាអភិវឌ្ឍទីផ្សារពាក់ព័ន្ធនឹងវិស័យវិស្វកម្ម។  ប្រាកដហើយ ខ្ញុំមិនអាចបង្កើតការផ្លាស់ប្តូរធំធេងសម្រាប់កម្ពុជាទាំងមូលទេ ប៉ុន្តែខ្ញុំជឿថា សូម្បីតែការបង្កើតផលវិជ្ជមានតូចមួយសម្រាប់សង្គមជាតិ ឬសហគមន៍របស់ខ្ញុំ ក៏វាធ្វើឱ្យខ្ញុំពេញចិត្តពេញថ្លើមខ្លាំងដែរ។
 
យ៉ាងណាក៏ដោយ លេហ្សា លួចគិតចង់មានចំណែកជួយទ្រទ្រង់ឧស្សាហកម្មយានយន្តអគ្គិសនីនៅកម្ពុជា ដ្បិតថា លេហ្សា មើលឃើញពីតួនាទីសំខាន់នៃយានយន្តអគ្គិសនីក្នុងសង្គម និងបរិស្ថានទាំងមូលផង។ 
 
«ក្តីស្រមៃមួយរបស់ខ្ញុំ គឺចង់ឃើញខ្មែរយើងដើរទៅរកបច្ចេកវិទ្យាទំនើប និងមានវិស័យវិស្វកម្មជឿនលឿន។ ខ្ញុំចង់ឃើញខ្មែរយើងចេះផលិតខ្លួនឯង មានការច្នៃប្រឌិតលេចធ្លោរដូចប្រទេសជិតខាង។ តាំងពីតូច ខ្ញុំផ្ទាល់ចូលចិត្តឡានតាំងពីតូច។ ខ្ញុំចង់ចូលក្នុងវិស័យផលិតឡានអគ្គិសនី។ ខ្ញុំឃើញប្រទេសគេផលិតបាន។ ហេតុអ្វីយើងធ្វើមិនបាន? ខ្ញុំសង្ឃឹមថា បើមានស្ត្រីមានក្នុងផ្នែកនេះច្រើន យើងនឹងមានការអភិវឌ្ឍលឿនដូចគ្នា»។
 
ទោះមានវ័យត្រឹម ១៧ឆ្នាំក្តី លេហ្សា មានសារដ៏មានអត្ថន័យ និងមានសារសំខាន់សម្រាប់យុវតីដទៃទៀតដែលកំពុងព្យាយាមស្គាល់ខ្លួនឯង និងកំណត់គោលដៅអនាគតរបស់ខ្លួនក្នុងការជ្រើសរើសការសិក្សាជំនាញវិទ្យាសាស្ត្រ។ 
 
«បញ្ហាធំដែលខ្ញុំប្រឈមពេលចង់រៀនជំនាញវិទ្យាសាស្ត្រ គឺត្រូវឈ្លោះជាមួយខ្លួនឯង។ ខ្ញុំធ្លាប់ជឿថា ជំនាញនេះ វាមិនស័ក្តិសម។ ប៉ុន្តែខ្ញុំព្យាយាមជជែកជាមួយខ្លួនឯង ពេលនោះខ្ញុំយល់ឃើញថា បើយើងចូលចិត្តវា ហេតុអ្វីបានជាយើងមិនព្រមបន្តធ្វើវា។ អ្វីដែលសំខាន់បំផុត យើងស្រលាញ់វាប៉ុណ្ណា ហើយហ៊ានពុះពារប៉ុណ្ណាដើម្បីវា»។  លេហ្សា រៀបរាប់ពីពិសោធន៍ខ្លួនដូច្នេះ ហើយបន្តថា វាជារឿងចាំបាច់ដែល សិស្សម្នាក់ៗ ត្រូវប្រឹងប្រែងរៀនសូត្រលើមុខវិជ្ជាវិទ្យាសាស្ត្រដូចជារូបវិទ្យាជាដើម និងព្យាយាមបង្កើនសមត្ថភាពភាសាអង់គ្លេសឱ្យខ្លាំងដើម្បីត្រៀមលក្ខណៈទុកមុន។
 
សម្រាប់យុវតី និងក្មេងស្រីដទៃដែលកំពុងស្វែងយល់ពីខ្លួនឯង លេហ្សា ផ្តល់យោបល់ថា វាជារឿងសំខាន់ដែលត្រូវដកហេតុផលមិនសូវសំខាន់ដូចជា សម្តីរបស់អ្នកដទៃ និងកត្តាលុយកាក់ចេញ។ «បើដកកត្តាមិនសូវសំខាន់ទាំងនេះចេញហើយ គាត់នឹងអាចរកឃើញអ្វីដែលយើងស្រលាញ់ច្រើនហើយ។  សម្រាប់អ្នកស្រលាញ់រូបវិទ្យាឬគណិតវិទ្យា ឬ ជំនាញវិស្វកម្មជារួម គួរផ្តល់ពេលវេលាសម្រាប់ខ្លួនឯង ហើយគាត់អាចចាប់ផ្តើមសួរខ្លួនឯង ហេតុអ្វីគាត់ចង់ធ្វើវា ហើយវាជួយបែបម៉េចដល់សហគមន៍»។ 
 
«ពេលគាត់ផ្តោតលើខ្លួនឯង ផ្តោតលើបេះដូងខ្លួនឯង ហើយដកសម្តីអ្នកដទៃ និងកត្តាធ្វើឱ្យយើងភ័យខ្លាចចេញ គាត់នឹងអាចដើរទៅរកផ្លូវដែលគាត់ស្រលាញ់ និងពេញចិត្តបានពេញមួយជីវិត។ គាត់ត្រូវគិតថា ការងារដែលគាត់ជ្រើសរើសគឺ ជាការងារដែលគាត់អាចរីករាយនឹងធ្វើបានមួយជីវិត មិនមែនធ្វើត្រឹមតែដើម្បីលុយ មិនមែនធ្វើដើម្បីតែប្រយោជន៍ខ្លួនឯង ឬក៏ដើម្បីឪពុកម្តាយឡើយ»។ យុវតីវ័យ ១៧ ឆ្នាំរូបនេះដាស់តឿនដល់យុវតីដទៃបែបនេះ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com