អន្តរជាតិ
Toyota រក្សាតំណែងក្រុមហ៊ុនលក់រថយន្តដាច់បំផុតក្នុងពិភពលោក៣ឆ្នាំជាប់គ្នា
30, Jan 2023 , 9:29 pm        
រូបភាព
ក្រុមហ៊ុនផលិតយានយន្ត Toyota របស់ជប៉ុន បានលក់រថយន្តរបស់ខ្លួនក្នុងឆ្នាំ២០២២ អស់ចំនួន ១០,៥លានគ្រឿង ដែលធ្វើឱ្យក្រុមហ៊ុននេះរក្សាតំណែកជាក្រុមហ៊ុនលក់យានយន្តបានច្រើនបំផុត៣ឆ្នាំជាប់គ្នា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមករា។


ទោះបីជាខ្វះខាតបន្ទះឈីប និងរងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលបណ្ដាលមកពីការរាលដាលជំងឺកូវីដ-១៩ ក៏ដោយ ក្រុមហ៊ុន Toyota និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនបានលក់យានយន្តសរុបអស់ជិត១០,៥លានគ្រឿងក្នុងឆ្នាំ២០២២ ប្រហែលគ្នាទៅនឹងឆ្នាំ២០២១។ 
 
ជាមួយនឹងអត្រាលក់បានយ៉ាងសន្ធឹកសន្ធាប់បែបនេះ ក្រុមហ៊ុន Toyota ក៏បានជាប់ជាក្រុមហ៊ុនលក់យានយន្តដាច់បំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២២ និងបានរក្សាតំណែងលេខ១ បីឆ្នាំជាប់គ្នាទៀតផង។
 
«ទោះបីជាមានផលប៉ះពាល់ផលិតកម្មដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ការកើនឡើងតម្រូវការសឺមីកុងឌុចទ័ររហូតដល់ខ្វះខាត និងកត្តារំខានផ្សេងទៀតក៏ដោយ ការលក់ជាសកលស្ថិតនៅកម្រិតដូចគ្នាពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះជាលទ្ធផលនៃតម្រូវការយ៉ាងរឹងមាំនៅតំបន់អាស៊ី»។ ក្រុមហ៊ុនផលិតយានយន្តលំដាប់យក្សរបស់ជប៉ុនមួយនេះអះអាងដូច្នេះ មុនបន្ថែមថា តម្រូវការខ្លាំងនៅអាស៊ី បានជួយជំរុញផលិតកម្មឱ្យកើនឡើងប្រហែល ៥ភាគរយធៀបនឹងឆ្នាំ២០២១។ 
 
ក្នុងចំណែកសរុប ក្រុមហ៊ុន Toyota បានលក់រថយន្តអគ្គិសនីចំនួន២,៧លានគ្រឿងផងដែរ។ កន្លងមក ក្រុមហ៊ុន Toyota ខិតខំផលិតយានយន្តប្រើអគ្គិសនីខ្លាំងដែរ តែមតិរិះគន់មួយចំនួននៅតែមានដោយលើកឡើងថាក្រុមហ៊ុននេះមានដំណើរការយឺតយ៉ាវក្នុងការផលិត ស្របពេលតម្រូវការយានយន្តបំភាយឧស្ម័នទាបកំពុងកើនឡើង។ 
 
ក្រុមហ៊ុនផលិតយានយន្តដែលលក់ដាច់លំដាប់ទី២ ជាក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់។ ក្រុមហ៊ុនយានយន្តអាល្លឺម៉ង់នេះ ធ្លាប់ស្ថិតនៅលំដាប់ទី១ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ តែត្រូវនាំមុខដោយក្រុមហ៊ុន Toyota ជំនួសវិញចាប់ពីឆ្នាំ ២០២០មកទល់បច្ចុប្បន្ន។ នៅឆ្នាំ២០២២ ក្រុមហ៊ុននេះបានធ្លាក់ចុះការលក់ប្រចាំឆ្នាំ ៧ភាគរយ ដែលបានត្រឹម៨,៣លានគ្រឿងប៉ុណ្ណោះ៕
 

Tag:
 ឡាន
© រក្សាសិទ្ធិដោយ thmeythmey.com