ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្តរមានជ័យ៖ ពលរដ្ឋសង្កាត់សំរោង ចំនួន​៦៧០គ្រួសារមានបណ្ណក្រីក្រ ​
02, Feb 2023 , 7:59 am        
រូបភាព
ដោយ៖ ឈិន សុភារើន(យុវជនសង្កាត់សំរោង)

ក្រុងសំរោង, ឧត្តរមានជ័យ៖ ​ពលរដ្ឋក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចំនួន ៦៦០ គ្រួសារ ទទួលបាន   បណ្ណក្រីក្រ ក្នុងនោះអ្នកកាន់កាប់បណ្ណក្រីក្រប្រភេទ១ ចំនួន ១៧៩គ្រួសារ និងប្រភេទ២ មាន៤៩១គ្រួសារ។ 
 
លោក ​ ចៀប តុប ចៅសង្កាត់សំរោង បានឱ្យដឹងថា ចំនួនពលរដ្ឋដែលក្រីក្រនៅក្នុងសង្កាត់ខ្លួន គឺមានការកើនឡើងជាង១០០គ្រួសារ នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ពោលគឺកើនឡើងខ្លាំងនៅអំឡុងវិបត្តិកូវីដ-១៩។ លោក ចៀប តុប ពន្យល់បន្ថែមដូច្នេះ «កាលពី(ឆ្នាំ)២០១៩ យើងមាន ៥៥៩គ្រួសារ។ ដល់ពេលរយៈពេលកូវីដ យើងសម្ភាស ទៀត ដោយសារតែគាត់បាត់បង់ការងារ។ យើងបាន១១១គ្រួសារទៀត។ បូកទៅ៦៧០(គ្រួសារ)»។
 
ក្រៅពីពលរដ្ឋដែលមានបណ្ណក្រីក្រនេះ លោក ចៀប តុប ក៏បានឱ្យដឹងទៀតថា ថ្មីៗនេះអាជ្ញាធរសង្កាត់បានចុះសម្ភាសពលរដ្ឋដែលរងហានិភ័យ សរុប១៣១គ្រួសារបន្ថែមទៀតដែរ​ ដែលគ្រួសារងាយរងហានិភ័យនេះ ក៏ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ដូចនឹងអ្នកដែលមានបណ្ណសមធម៌ដែរ។ ​


លោក ចៀប តុប ចៅសង្កាត់សំរោង

​ដើម្បីធានាថា ពលរដ្ឋដែលទទួលបានបណ្ណក្រីក្រ គឺជាអ្នកក្រលំបាកពិតប្រាកដនោះ គឺមានកុ្រមការងារជំនាញចុះសម្ភាស និងត្រួតពិនិត្យដល់ផ្ទះ ដើម្បី​បញ្ជាក់ថា ពីស្ថានភាពគ្រួសារជាក់ស្តែង។ ការសម្ភាសលើពលរដ្ឋក្រីក្រនេះទៀតសោត គឺធ្វើតាមប្រពន្ធឌីជីថល ដែលធា​នាបាននូវយុតិ្តធម៌ និងមិនគ្មានការបន្លំនោះឡើយ។ ​​នេះបើតាមការរៀបរាប់របស់ លោក ចៀប តុប ចៅសង្កាត់សំរោង។
 
អ្នកស្រី ហែម រ័ត្ន ពលរដ្ឋក្រីក្រ រស់នៅក្នុងសង្កាត់សំរោង។ មានសមាជិកគ្រួសារចំនួន ៤នាក់​ អ្នកស្រី ហែម រ័ត្ន ដែលមានជំងឺប្រចាំកាយផងនោះ ​ទទួលបានបណ្ណក្រីក្រប្រភេទក្រ១ រយៈពេល ៤ឆ្នាំមកហើយ។ ពលរដ្ឋរូបនេះអះអាងថា ​បណ្ណក្រីក្រ​បានជួយសម្រាលបន្ទុកក្នុងគ្រួសាររបស់អ្នកស្រីបានមួយផ្នែក ដូចជាទិញថ្នាំសង្កូវ ​និងទិញគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនទៀត។ 
 

អ្នកស្រី ហែម រ័ត្ន ពលរដ្ឋក្រីក្រ រស់នៅក្នុងសង្កាត់សំរោង

អ្នកស្រី រ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះ៖ «ជួយដល់ខ្ញុំ ពេលខ្ញុំទៅពេទ្យរដ្ឋ ឬមណ្ឌលសុខភាព ឱ្យបណ្ណហ្នឹង(ប័ណ្ណក្រីក្រ)ទៅគេ អត់អស់លុយទេ។ លុយហ្នឹងយកមកដោះទាល់បានមួយៗពេលដែរ»៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និង ទី​ភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិន អេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុស​ត្រូវរបស់​ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពី ទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត នោះទេ)
 
 
 

Tag:
 បណ្ណសមធម៌
  គ្រួសារងាយរងហានិភ័យ
  សំរោង
  ឧត្ដរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com