កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម២០២៣៖ ម្ចាស់ផ្ទះកម្ពុជា ជ្រើសរើសអ្នកស្ម័គ្រចិត្ត៧០០០នាក់ ក្នុងនោះ បរទេស៥០នាក់
02, Feb 2023 , 9:29 am        
រូបភាព
ដោយ:
គណៈកម្មការអ្នកស្ម័គ្រចិត្ត ប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តសរុប ៧០០០នាក់ ក្នុងនោះតម្រូវការជនបរទេស ៥០នាក់ សម្រាប់ជួយសម្រួលដល់ដំណើរការព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ការប្រកាសនេះធ្វើឡើងនាសន្និសីទសារព័ត៌មានស្តីពីការជ្រើសរើសអ្នកស្ម័គ្រចិត្តព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ថ្ងៃទី១ ខែកុម្ភៈ នាទីស្នាក់ការ NOCC។
 
អត្ថន័យ«អ្នកស្ម័គ្រចិត្ត» គឺជា DNA នៃព្រឹត្តិការណ៍កីឡានីមួយៗ ជាកម្លាំងស្នូលដ៏សំខាន់ក្នុងការសហការ និងផ្តល់ការងារសេវាដោយមិនពាក់ព័ន្ធនឹងការងារបច្ចេកទេស ដល់គណៈកម្មការផ្សេងៗទៀត ជាកម្លាំងចលករដ៏ខ្លាំងក្នុងទូតសុឆន្ទៈ(Ambassador) និងក្នុងនាមចូលរួមចំណែកជាម្ចាស់ព្រឹត្តិការណ៍ធ្វើឱ្យព្រឹត្តិការមានភាពរស់រវើក សប្បាយរីករាយ ការស្វាគមន៍យ៉ាងកក់ក្តៅ និងដំណើរការទៅដោយរលូន។


ពិធីសន្និសីទសារព័ត៌មានស្តីពីការជ្រើសរើស«អ្នកស្ម័គ្រចិត្ត»ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
 
តាមការធ្វើបទបង្ហាញរបស់លោក សុខ សប្បាយណា ប្រធានគណៈកម្មការអ្នកស្ម័គ្រចិត្ត បានបញ្ជាក់ថា អ្នកស្ម័គ្រចិត្តមានបីកម្រិត គឺថ្នាក់ដឹកនាំ, ជនបង្គោល និងអ្នកស្ម័គ្រចិត្តទូទៅ។ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ តម្រូវការអ្នកស្ម័គ្រចិត្តមានចំនួន ៧០០០នាក់ ក្នុងនោះក៏មានជ្រើសរើសអ្នកស្ម័គ្រចិត្តតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តសៀមរាប១០០នាក់ កំពត៥០នាក់ កែប៥០នាក់ និងខេត្តព្រះសីហនុ ១០០នាក់។
 
តម្រូវការគណៈកម្មការជំនាញនីមួយៗរួមមាន គណៈកម្មការកីឡា និងបទបញ្ញត្តិ ចំនួន១១៥០នាក់, រៀបចំទីលានប្រកួត ២៩១៣នាក់, ស្នាក់នៅហូបចុក និងដឹកជញ្ជូន ៤២៤នាក់ ពិធីបើក-បិទ ១០០០នាក់, ពិធីការ និងបដិសណ្ឋារិច្ច ៥០០នាក់, ទីផ្សារកីឡា និងចលនូបត្ថម្ភ ២៦នាក់, ផ្សព្វផ្សាយ និងព័ត៌មាន ១២០នាក់ វប្បធម៌ បរិស្ថាន និងអប់រំកាយកីឡា ៥០នាក់។
 
គណៈកម្មការអ្នកស្ម័គ្រចិត្ត ៣០០នាក់, វេជ្ជសាស្រ្ត និងពិនិត្យសារធាតុហាមឃាត់ «Doping» ៥០នាក់, ហ្គេមព័ត៌មានវិទ្យា(Game IT) ៣៨០នាក់ និងអ្នកស្ម័គ្រចិត្តអន្តរជាតិ ៥០នាក់ សរុបតាមគម្រោងតម្រូវការមានចំនួន ៦៩៦៣នាក់៕
 

Tag:
 ស៊ីហ្គេម២០២៣
 អ្នកស្ម័គ្រចិត្ត
 CAMSOC
© រក្សាសិទ្ធិដោយ thmeythmey.com