កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រដាល់សកល៖ អាជ្ញាកណ្តាល-ចៅក្រម កម្ពុជា៨នាក់ ជាប់កម្រិតអន្តរជាតិផ្កាយ១ (IBA)
02, Feb 2023 , 5:59 pm        
រូបភាព
សិក្ខាកាមដែលបានទទួលវិញ្ញាប័ណ្ណបត្រមន្រ្តីអាជ្ញាកណ្តាលកអន្តរជាតិកម្រិតផ្កាយ១ IBA ។ រូបពី CBF
សិក្ខាកាមដែលបានទទួលវិញ្ញាប័ណ្ណបត្រមន្រ្តីអាជ្ញាកណ្តាលកអន្តរជាតិកម្រិតផ្កាយ១ IBA ។ រូបពី CBF
ដោយ:
មន្ត្រីអាជ្ញាកណ្តាល-ចៅក្រម ប្រដាល់សកលកម្ពុជា ៨នាក់បានប្រលងជាប់កម្រិតអន្តរជាតិផ្កាយ១ ដែលទទួលស្គាល់ពីសមាគមន៍ប្រដាល់អន្តរជាតិ International Boxing Association (IBA)។ លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាអះអាងថានេះជាប្រវត្តិសាស្រ្តដំបូងសម្រាប់សហព័ន្ធ និងធនធានដើម្បីត្រៀមសម្រាប់ចូលរួមកាត់ក្តីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
 
«សម្រាប់ពួកគាត់ដែលទទួលបានវិញ្ញាប័ណ្ណបត្រអាជ្ញាកណ្តាល-ចៅក្រមកម្រិតផ្កាយ១ ដែលទទួលស្គាល់ដោយ IBA នេះគឺជាប្រវត្តិសាស្រ្តសម្រាប់សហព័ន្ធ។ ពីមុនមកយើងមានត្រឹមតែមន្រ្តីអាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិប៉ុណ្ណោះ។ នេះជាលើកទី១ សម្រាប់សហព័ន្ធក្នុងការអនុវត្តន៍ផែនការសម្រាប់ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣»។ លោក ប៊ុយ សោភ័ណ្ឌ ប្រាប់សារព័ត៌មានថ្មីៗដូច្នេះនៅថ្ងៃទី២ ខែកុម្ភៈ តាមសារតេលេក្រាម។
 
សម្រាប់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមទាំង ៨នាក់រួមមាន៖ លោក សួស លីនណា, លោក ម៉ាក់ សាមឿន, លោក ផល សុផាត, លោក ណុប វ៉ាន់ថេត, លោក ម៉ី រតនៈ, លោក ជួន សំណាង, កញ្ញា ឥន្ទ វិចិត្ត និង លោក នួន វុទ្ធី។
 
មន្រ្តីអាជ្ញាកណ្តាល ២រូបនឹងចូលរួមកាត់សេចក្តី និងមន្ត្រីចៅក្រម ៦រូបទៀតចូលរួមជាមន្ត្រីបច្ចេកទេសសម្រាប់រៀបចំការប្រកួតកីឡាប្រដាល់សកល ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ដែលនឹងប្រកួតចាប់ពីថ្ងៃទី៦ ដល់១៤ ខែឧសភា ឆ្នាំ២០៣២។
 
គួបញ្ជាក់ថា មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមប្រដាល់សកលកម្ពុជា ទាំង៨នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលអាជា្ញកណ្តាល-ចៅក្រមអន្តរជាតិផ្កាយ១ កាលពីថ្ងៃទី២៣-២៩ ខែធ្នូ ឆ្នាំ២០២២ ដោយសហការជាមួយសមាគមកីឡាប្រដាល់សកលអន្តរជាតិ (IBA) ។ វគ្គបណ្តុះបណ្តាលនេះ បង្រៀនដោយលោក Waith John Henry ជនជាតិវេលស៍ជាគ្រូឧទ្ទេសអន្តរជាតិរបស់ IBA។ សិក្ខាកាមទាំង៨រូបរបស់កម្ពុជា បានទទួលវិញ្ញាប័ណ្ណបត្រនៅថ្ងៃទី២ ខែកុម្ភៈ នាសាលហ្វឹកហាត់កីឡាប្រដាល់សកលជម្រើសជាតិកម្ពុជា ក្នុងបរិវេណពហុកីដ្ឋានជាតិអូឡាំពិក៕ 
 

Tag:
 កីឡាប្រដាល់សកល
 IBA
 ស៊ីហ្គេម២០២៣)
© រក្សាសិទ្ធិដោយ thmeythmey.com