កីឡាជាតិ
ជាតិ
លោក ធីម សៀងហៃ គ្រូបង្វឹកគុនខ្មែរនៅបារាំង ប្តេជ្ញាផ្សព្វផ្សាយគុនខ្មែរឱ្យពិភពលោកស្គាល់ កុំឱ្យច្រឡំ MuayThai
04, Feb 2023 , 10:39 am        
រូបភាព
កីឡាករថ្នាល់ប្រដាល់គុនខ្មែរ នៅក្លិប The Temple រូបពី សៀងហៃ
កីឡាករថ្នាល់ប្រដាល់គុនខ្មែរ នៅក្លិប The Temple រូបពី សៀងហៃ
លោក ធីម សៀងហៃ គ្រូបង្វឹកប្រដាល់គុនខ្មែរ របស់ក្លិប The Temple ដែលមូលដ្ឋានក្នុងក្រុង Bordeaux ប្រទេសបារាំង ប្ដេជ្ញាប្រឹងអស់ពីសមត្ថភាព ដើម្បីផ្សព្វផ្សាយកីឡាគុនខ្មែរ ឲ្យល្បីល្បាញទូទាំងពិភពលោក។ លោកសៀងហៃ អះអាងបែបនេះ ដោយសារបច្ចុប្បន្នមានអ្នកស្គាល់គុនខ្មែរតិចតួច ជាង MuayThai។
 
លោក ធីម សៀងហៃ ជាកូនអ្នកខេត្តកោះកង់ រស់នៅភូមិ៤ ឃុំដងទង់ ស្រុកស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។ កូនអ្នកខេត្តកោះកុងរូបនេះ សព្វថ្ងៃរស់នៅប្រទេសបារាំង ដោយប្រកបរបរជាគ្រូបង្វឹកប្រដាល់គុនខ្មែរ នៅក្លិប The Temple នាទីក្រុង Bordeaux។
 
ជាកូនប្រុសបង ដែលមានបងប្អូនស្រី-ប្រុស ២នាក់ នៃគ្រួសារអ្នកប្រដាល់មួយ នៅខេត្តកោះកុង លោក ធីម សៀងហៃ បានប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុកថា ខ្លួនចង់ឃើញវិស័យប្រដាល់គុនខ្មែរ ផ្សាយទូលំទូលាយលើពិភពលោក។ ម្យ៉ាងវិញទៀត គ្រូបង្វឹកវ័យ ២៤ឆ្នាំនេះ ជឿជាក់ថានៅថ្ងៃអនាគត កម្ពុជា នឹងមានធនធានកីឡាករពូកែៗ មន្ដ្រីបច្ចេកទេស និងគ្រូបង្វឹកដែលមានសមត្ថភាពអាចបង្កើតគុណភាព ដល់កីឡាករកម្ពុជាបានច្រើន។

លោក ធីម សៀងហី រាប់ពីខាងស្ដាំដៃ នៅទី១ រូបពីហ្វេសប៊ុក សៀងហៃ
 
«ខ្ញុំចង់ឲ្យខ្មែរមានកីឡាករដែលពូរកែឲ្យច្រើន និងគ្រូបង្វឹកមានបច្ចេកទេសល្អៗឲ្យច្រើនដើម្បីទាក់ទាញភ្ញៀវបរទេស និងដើម្បីទាក់បេះដូងជនបរទេសឲ្យស្គាល់គុនខ្មែរ និងចង់ហ្វឹកហាត់គុនខ្មែរ។»។  
 
គ្រូបង្វឹករូបនេះ បានបន្ដថាប្រដាល់គុនខ្មែរ នៅប្រទេសបារាំងមិនទាន់ទូលំទូលាយនៅឡើយទេ ព្រោះពេលនិយាយពីប្រដាល់ ប្រជាជននៅទីនោះ តែងនឹកឃើញ  Muay Thai។ ប៉ុន្ដែ បើទោះជាយ៉ាងនោះក៏ដោយ ប្រដាល់គុនខ្មែរ កំពុងតែមានការរីកចម្រើន ហើយក៏មានការវិវឌ្ឍទៅមុខផងដែរ ដោយក្លិប The Temple មានអ្នកចុះឈ្មោះហ្វឹកហាត់ ក្នុង១ឆ្នាំជាង៣០០នាក់ឡើងទៅ។
 
លោក សៀងហៃ ស្ទើរតែមិនជឿថាខ្លួនមានឱកាសក្លាយជាគ្រូបង្វឹកគុនខ្មែរនៅបរទេស ព្រោះនេះ មិនមែនជាគោលដៅដំបូងដែលជំរុញឲ្យលោក មកកាន់ទឹកដីប្រទេសបារាំងទេ។ លោក សៀងហៃ ត្រូវបានថៅកែមួយរូប (សុំមិនបញ្ចេញឈ្មោះ) ធានាឱ្យទៅកាន់ទឹកដីបារាំង កាលពីដើមឆ្នាំ២០១៩។ ជាគាប់ជួន មួយខែក្រោយពេលទៅដល់ទឹកដីបារាំង រូបលោក បានស្គាល់ជាមួយ លោក Chhey Albert ម្ចាស់ក្លិប The Temple ដោយចៃដន្យ។ លោក Chhey Albert បានចាប់ផ្ដើមបើកក្លិបនេះ មានរយៈពេលប្រហែល ៧ឆ្នាំ គិតមកដល់ឆ្នាំ២០២៣នេះ ដែលមានទីតាំងនៅទីក្រុង Bordeaux ប្រទេសបារាំង។

លោក ធីម សៀងហៃ ឡើងប្រកួតនៅប្រទេសបារាំង រូបពីហ្វេសប៊ុក សៀងហៃ
 
គ្រូបង្វឹកវ័យក្មេងនេះ ប្រាប់ពីដំណើរដើមទងដូច្នេះថា៖«ជំហានដំបូង គឺខ្ញុំមានថៅកែមួយកន្លែងធានាមកធ្វើការងារធម្មតាតែប៉ុណ្ណោះមិនមែនមកការងាប្រដាល់នោះទេ។ តែពេលខ្ញុំមកដល់បានចំនួនមួយខែ ស្រាប់តែមានការទំនាក់ទំនងគ្នាជាមួយនិងម្ចាស់ក្លិបនៅបារាំង រួចគាត់ក៏ហៅខ្ញុំមកធ្វើការជាមួយគាត់ តែដំបូងគាត់ឲ្យសាកសមត្ថភាពចំនួនមួយខែតែប៉ុនណ្ណោះ  ដូចជាមាននិស្ស័យនិងគ្នា បន្ទាប់មកក៏គាត់ចង់ឲ្យខ្ញុំរួមការងាជាមួយគាត់រហូត មិនចង់ឲ្យខ្ញុំទៅណានោះទេ ព្រោះយើងដូចជាបងប្អូននិងគ្នា។»។
 
ជាគ្រូបង្វឹកផ្ទាល់ប្រចាំក្លិប The Temple លោក ធីម សៀងហៃ មានបទពិសោធន៍ប្រកួតមិនសូវជាច្រើនទេ ប៉ុន្ដែអ្វីដែលខ្លួនចេះក្នុងវិស័យប្រដាល់មួយនេះ គឺជាការផ្ទេរចំណេះ និងបច្ចេកទេសពីឪពុក និងឪពុកមារបស់ខ្លួន។ លោក សៀងហៃ បានរៀបរាប់ពីបទពិសោធន៍ និងការហ្វឹកហាត់គុនខ្មែររបស់លោកថា អតីតកីឡាករតេក្វាន់ដូទសវត្យ៍ឆ្នាំ១៩៨០ និងជាអតីតកីឡាករប្រដាល់គុនខ្មែរទសវត្យ៦ទី២០ លោក ទិត្យ ផល្លា ក្នុងនាមជាឪពុក បានបង្រៀនពីប្រដាល់គុនខ្មែរទៅខ្លួន។ បន្ថែមលើសពីនេះទៀត គ្រូបង្វឹកវ័យ២៤ឆ្នាំនេះ ក៏មានឪពុកមាជាអ្នកប្រដាល់គុនខ្មែរ ដ៏ល្បីឈ្មោះម្នាក់ នៅអំឡុងទសវត្យ៍ឆ្នាំ២០១០ គឺលោក ទិត្យ សុវណ្ណគិរី។
 
មកទល់ពេលនេះ លោក ធីម សៀងហៃ, លោក ទិត្យ ផល្លា និងលោក ទិត្យ សុវណ្ណគិរី សុទ្ធតែកំពុងផ្សព្វផ្សាយប្រដាល់គុនខ្មែរ ដោយលោក ធីម សៀងហៃ ជាគ្រូប្រចាំក្លិប The Temple ហើយលោក ទិត្យ ផល្លា ជាគ្រូបង្វឹកមួយកន្លែងនៅកម្ពុជា។ រីឯលោក ទិត្យ សុវណ្ណគិរី ធ្លាប់ជួយផ្សព្វផ្សាយគុនខ្មែរជាច្រើន នៅប្រទេសជប៉ុន និងប្រទេសចិន។ លោក សៀងហៃ សង្ឃឹមថ្ងៃណាមួយ ពេលដែលគេនិយាយដល់គុនប្រដាល់ គេនឹងនឹកឃើញដល់គុនខ្មែរមុនគេ៕

Tag:
 ធីម សៀងហៃ
  គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com