FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកចាំទីល្អបំផុតរបស់ FIFA៖ Martinez , Courtois និង Bounou ជាប់បេក្ខភាព៣រូបចុងក្រោយ
09, Feb 2023 , 5:34 pm        
រូបភាព
រូបភាព៖ FIFA
រូបភាព៖ FIFA
អ្នកចាំទី Emiliano Martinez, Thibaut Courtois និង Yassine Bounou ត្រូវបានប្រកាសជាបេក្ខភាព ៣រូបចុងក្រោយដែលត្រូវប្រជែងគ្នាសម្រាប់ពានរង្វាន់អ្នកចាំទីល្អបំផុតប្រចាំឆ្នាំ (The Best FIFA Men’s Goalkeeper Award 2022) របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ Bounou អ្នកចាំទីរបស់ក្រុមជម្រើសជាតិម៉ារ៉ុក Courtois របស់ប៊ែលហ្ស៊ិក និង Martinez របស់អាហ្សង់ទីន ដែលជាក្រុមលើកពាន FIFA World Cup ឆ្នាំ២០២២ នៅកាតា។


ពានរង្វាន់អ្នកចាំទីឆ្នើមឆ្នាំ២០២២របស់ FIFA ចាប់ផ្តើមស្វែងរកអ្នកដែលស័ក្តិសមដើម្បីទទួលវាចាប់តាំងពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ មកម្ល៉េះ។ សម្រាប់អ្នកដែលឈ្នះពានរង្វាន់នេះនឹងត្រូវប្រកាសនៅក្នុងកម្មវិធីដែលនឹងធ្វើឡើងនៅទីក្រុងប៉ារីស ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៣។
 
ដំបូងឡើយបេក្ខភាពចាំទីល្អបំផុត ៥នាក់ត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់អ្នកចាំទីល្អមួយនេះ ហើយកីឡាករទាំង ៥នាក់នោះត្រូវបានជ្រើសរើសដោយក្រុមអ្នកជំនាញ។ ក្រោយសម្រិតសម្រាំងជាបន្តបន្ទាប់ រកឃើញបេក្ខភាពចុងក្រោយទាំង៣រូប ដែលត្រូវបានជ្រើសរើសដោយគណៈវិនិច្ឆ័យអន្តរជាតិរួមមាន គ្រូបង្វឹកក្រុមជម្រើសជាតិនានា ប្រធានក្រុមជម្រើសជាតិ អ្នកសារព័ត៌មានបាល់ទាត់ និងអ្នកគាំទ្រដែលបានបោះឆ្នោតនៅលើគេហទំព័រផ្លូវការរបស់ FIFA។
 
នេះជាបេក្ខភាពទាំង ៣រូបចុងក្រោយដែលបានជ្រើសរើស៖ 
 
Yassine Bounou 

អ្នកចាំទីក្រុមជម្រើសជាតិម៉ារ៉ុក រូបគេបានចូលរួមបង្កើតប្រវត្តិសាស្រ្តជាមួយម៉ារ៉ុកនៅព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។ ម៉ារ៉ុកក្លាយជាក្រុមមកពីទ្វីបអាហ្រ្វិកលើកដំបូងដែលឈានជើងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំប្រវត្តិសាស្ត្រ ​World Cup។ ចាប់តាំងពីការប្រកួតវគ្គចែកពូលដល់វគ្គ ៨ក្រុមចុងក្រោយ អ្នកចាំទីរូបនេះធ្វើបានយ៉ាងល្អដោយមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីបានសូម្បីតែមួយគ្រាប់ ខណៈគ្រាប់ដែលរបូតគឺជាការភ្លាត់ស្នៀតចូលទីខ្លួនឯង។ 
 
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពេលប៉ះបារាំងអ្នកចាំទីរូបនេះរបូតគ្រាប់បាល់ ២គ្រាប់ តែទោះជាយ៉ាងណាមានវ័យ ៣១ឆ្នាំ អ្នកចាំទីរូបនេះក្លាយជាទីចាប់អារម្មណ៍ពីសំណាក់ភ្នែកអ្នកគាំទ្រអំឡុងការប្រកួត ជាមួយនឹងប្រវត្តិសាស្ត្រជួយដល់ម៉ារ៉ុកផងដែរ។ Bounou អ្នកចាំទីកូនកាត់កាណាដា ម៉ារ៉ុក ដោយរូបគេបានកើតក្នុងទីក្រុង Montreal ហើយផ្លាស់ទៅនៅម៉ារ៉ុកនៅអាយុ ៣ឆ្នាំ។
 
Thibaut Courtois

Courtois ក្នុងរដូវកាល ២០២១-២២ ក្នុងនាមជាអ្នកចាំទីដៃស្អិតរបស់ Real Madrid បានជួយក្រុមគ្រងជើងឯកអេស្ប៉ាញ និងពានរង្វាន់ Champions League ទទួលបានជោគជ័យយ៉ាងខ្លាំង។ Courtois ក៏ទទួលបានងារជាអ្នកចាំទីល្អប្រចាំការប្រកួតពេលយកឈ្នះ Liverpool នៅទីក្រុងប៉ារីស ក្រោយពេលជ័យជម្នះលទ្ធផល ១-០។
 
ប៉ុន្តែនាចុងឆ្នាំ ២០២២ ជារឿងដ៏គួរឱ្យខកចិត្តមួយសម្រាប់គេ ខណៈដែលបែលហ្ស៊ិកធ្លាក់ចេញពី World Cup ត្រឹមវគ្គចែកពូល។ ទោះជាយ៉ាងណាអ្នកចាំវ័យ ៣០ឆ្នាំរូបនេះ ក៏បានបង្ហាញនូវទម្រង់លេងដ៏អស្ចារ្យក្នុងការប្រកួតសម្រាប់ក្លិប និងក្រុមជម្រើសជាតិដែល ហើយរូបគេនៅមានពេលវេលាជាច្រើនបន្ថែមទៀតសម្រាប់តំណែងដ៏ល្អរបស់គេមួយនេះ។ កាលឆ្នាំ ២០១៨ រូបគេឈ្នះពានរង្វាន់ The Best FIFA men’s Goalkeeper នេះ។
 
Emiliano Martinez

​អ្នកចាំទីសញ្ជាតិអាហ្សង់ទីនរូបនេះ បានក្លាយជាតួរអង្គដ៏សំខាន់មួយសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន សម្រាប់រយៈពេល ១ឆ្នាំ កន្លះចុងក្រោយមកនេះនៃការប្រកួតពានរង្វាន់ធំៗនានា និងភាពជោគជ័យជួយក្រុមនៅព្រឹត្តិការណ៍ World Cup 2022។ អ្នកចាំទីវ័យ ៣០ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អនិងគួរឱ្យភ្ញាក់ផ្អើល​ដោយរូបគេបានឈ្នះពានរង្វាន់ស្រោមដៃមាសអ្នកចាំទីល្អប្រចាំព្រឹត្តិការណ៍(The Golden Glove Award)។
 
អ្នកចាំទីក្រុម Aston Villa រូបនេះបានបង្ហាញជំនាញទេពកោសល្យនៃការសង្គ្រោះបាល់ពីការស៊ុតពីគូសត្រូវ រូបគេជួយអាហ្សង់ទីនយកឈ្នះប្រេស៊ីលគ្រងជើងឯក Copa America ចុងឆ្នាំ ២០២១។ ដើមឆ្នាំ ២០២២ អ្នកចាំទីរូបនេះក៏ធ្វើបានយ៉ាងល្អបន្ថែមទៀតជួយអាហ្សង់ទីនយកឈ្នះអ៊ីតាលី ក្នុងជំនួបពានរង្វាន់ Finalissima ដែលជាពានរង្វាន់ក្រុមជើងឯកប៉ះជើងឯក រវាងម្ចាស់ពាន Copa America និង UEFA Euro។ 
 
ពានរង្វាន់ធំទី៣ គឺ World Cup 2022 នៅប្រទេសកាតា Martinez ធ្វើឱ្យមានភាពភ្ញាក់ផ្អើលដោយបានសង្គ្រោះបាល់ពីការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រទល់ហូឡង់ក្នុងលទ្ធផល ៤-៣ រុញច្រានក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយយកឈ្នះក្រូអាស៊ី។ 
 
មិនត្រឹមតែប៉ុណ្ណោះ រូបគេក៏បានជួយសង្គ្រោះបាល់ជាច្រើនទល់បារាំង ជាពិសេសគ្រាប់នៅចុងម៉ោងជាច្រើនពីសំណាក់ការវាយបករបស់បារាំង ហើយនៅវគ្គស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ គេរិតតែធ្វើបានល្អដោយបានសង្គ្រោះបាល់ជួយឱ្យអាហ្សង់ទីនឈ្នះលទ្ធផល ៤-២ លើបារាំង។ អ្នកចាំទីរូបនេះជាមួយអាហ្សង់ទីន ឆ្លងកាត់ការប្រកួតចំនួន ២៦លើក រងបរាជ័យជាមួយក្រុមត្រឹមតែ ១លើកប៉ុណ្ណោះ គឺពេលចាញ់អារ៉ាប៊ីសាអូឌីតក្នុងលទ្ធផល ២-១ នៅជំនួបបើកឆាក World Cup នៅកាតា៕
 

Tag:
 FIFA
  Emiliano Martinez
© រក្សាសិទ្ធិដោយ thmeythmey.com