ជាតិ
ក្រោយក្លាយជាទីប្រឹក្សា លោក សំបូរ មាណ្ណារ៉ា គ្រោងស្នើសុំបង្កើតគ្រឹះសីលធម៌​ និងគុណធម៌ ក្នុងកម្មវិធីសិក្សា
11, Feb 2023 , 2:30 pm        
រូបភាព
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និង​ជា​ទីប្រឹក្សា​សម្ដេច ហ៊ុន សែន (រូប​ផ្ដល់​ឱ្យ​)
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និង​ជា​ទីប្រឹក្សា​សម្ដេច ហ៊ុន សែន (រូប​ផ្ដល់​ឱ្យ​)
ភ្នំពេញ៖​ ព្រះ​ករុណាព្រះ​បាទ​សម្ដេច​ ព្រះ​បរមនាថ នរោត្តម​ សីហមុនី បា​ន​ត្រាស់​បង្គាប់​តែង​តាំង​ និង​ផ្ដល់​ឋានៈ​លោក សំបូរ មាណ្ណារ៉ា ជា​ទីប្រឹក្សា​ផ្ទាល់​ សម្ដេច​ ហ៊ុន សែន ដែល​មាន​ឋានៈ​ស្មើរដ្ឋ​មន្ត្រី​។ លោក​ថា​នេះ​គឺ​ជា​រង្វាន់​កិត្តិយយ៉ាង​ធំ​​សម្រាប់​ជីវិត​លោក​។ តាម​រយៈ​តួនាទី​នេះ លោក​ សំបូរ មាណ្ណារ៉ា ប៉ង​​​ស្នើសុំ​សម្ដេច​ បង្កើត​គ្រឹះ​សីលធម៌​ និងគុណ​ធម៌ ក្នុង​សង្គម​កម្ពុជា​​ តាម​រយៈ​ការ​ដាក់​បញ្ជូល​ក្នុង​​កម្មវិធី​សិក្សា​​ថ្នាក់ជា​តិ ពី​កម្រិត​ដំបូង​ទៅ​​​​។


​ធ្វើ​ការ​ក្នុង​វិស័យ​អប់រំ ពិសេសលើ​ជំនាញ​ប្រវត្តិសាស្ត្រ​ ប្រមាណ​​៤០​ឆ្នាំ​ លោក សំបូរ មាណ្ណារ៉ា ទទួល​បាន​ការ​ប្រោស​ព្រះរាជទាន​​ឋានៈ​ ជា​ទី​ប្រឹក្សា​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា សម្ដេច ហ៊ុន​ សែន កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣​។ 
 
សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​រូប​នេះ ថា​ការ​ផ្ដល់​តួនាទី​ជា​ទី​ប្រឹក្សា ​សម្ដេច​​នាយក​រដ្ឋ​មន្ត្រីដល់លោក គឺ​ជា​​កិត្តិយសយ៉ាង​​ធំ​ និង​ជារង្វាន់​កិត្តិយស​សម្រាប់​ជីវិត ដែល​លោក​ពុំ​ធ្លាប់​គិតថា​នឹង​បាន​ទទួល។ លោក​បន្ថែម​ថា តួនាទី​នេះ​នឹង​ជួយ​​ជំរុញ​លោក​ ឱ្យ​ធ្វើ​ការ​ងារ​ជួយ​​ជាតិ​បាន​កាន់​តែ​ច្រើ​ន​ជាង​មុន​​។ 
លោក មាណ្ណារ៉ា អះអាងបន្ថែម​៖«ខ្ញុំ​អាច​ធ្វើ​ឱ្យ​មនុស្ស​រាប់​សែន​នាក់ ក្លាយ​ជា​មនុស្ស​មាន​តម្លៃ​ក្នុង​សង្គម​ ហើយ​ពួក​គេ​ជា​អ្នក​ទទួល​បាន​ផល​ពី​ការ​អប់រំ។ ​ខ្ញុំ​បាន​ធ្វើ​រឿង​នេះ តាំង​ពី​ខ្ញុំ​មិន​ទាន់​មាន​តួនាទី​អ្វី​។​ ប៉ុន្តែ​តួនាទី​នេះ​ នឹង​ជំរុញ​​ផ្លូវ​ចិត្ត​ខ្ញុំ​បន្ថែម​ ឱ្យ​ប្រឹង​ប្រែង​បន្ថែម​ទៀត ដើម្បី​​ប្រទេស​ជាតិ​។ ការ​ផ្ដល់​តួនាទី​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ងារ​របស់​ខ្ញុំ​កន្លង​មក គឺ​ខ្ញុំ​​បាន​ដើរ​លើ​កំណាត់​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​»។
 
ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ ក្រោយ​បាន​ទទួល​តំណែង​ជា​ទី​ប្រឹក្សាសម្ដេច​មក​ លោក​ សំបូរ​ មាណ្ណារ៉ា ប៉ង​ស្នើ​ទៅ​សម្ដេច​ដោយ​ផ្ទាល់​ ពី​ការ​ដាក់​កម្មវិធី​អប់រំ​ មូល​ដ្ឋាន​គ្រឹះ​​គុណធម៌ និង​សីលធម៌ ក្នុង​ប្រព័ន្ធ​អប់រំ​​កម្ពុជា​ ពី​ថ្នាក់​តូច​រហូត​ដល់​ថ្នាក់​ខ្ពស់​។​
 
លោក​បាន​រំលឹក​ថា នៅ​ដើម​សតវត្សរ៍​ទី​១៩ គឺ​សម័យ​ព្រះ​បាទ​នរោត្តម និង​ព្រះ​បាទ​ស៊ីសុវត្ថិ ទ្រង់​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ និង​គិតយ៉ាង​​ខ្លាំង ក្នុងការ​បង្ក​លក្ខណៈ​ឱ្យ​ម្ដាយ​ឪពុ​ក​នាំ​កូន​ចៅ​ទៅ​រៀន និង​អប់​រំ​កូន​ចៅ ពី​គុណ​តម្លៃ​នៃ​ការ​រៀន​សូត្រ​។ រហូត​ដល់​​​សម័យ​សង្គម​រាស្ត្រ​និយម​ ព្រះ​បាទនរោត្តម សីហនុ ក៏បាន​​យកព្រះទ័យ​​​ទុក​ដាក់យ៉ាង​​ខ្លាំង​​ ក្នុង​វិស័យ​​អប់រំ​។
ដោយ​ហេតុ​នោះ​ហើយ បាន​ជា​​លោក មាណ្ណារ៉ា ​សង្កត់​ធ្ងន់​លើ​​បញ្ហា​របស់​ក្មេងៗ​ក្នុង​សម័យ​ទំនើបនេះ​។ បើ​ទោះ​បី​ជា​ពួក​គេ​បាន​​​ចូល​រៀន​ច្រើនក៏​ពិត​​មែន ប៉ុន្តែ​ពួក​គេ​បាន​បាត់​​គុណ​ធម៌ និង​សីលធម៌ជា​​ច្រើន ទាំង​​ការ​និយាយ​ស្ដី ការ​ធ្វើ​កិច្ច​ការ​ងារ​​នានា​។
 

លោក​ សំបូរ​ មាណ្ណារ៉ា​ ពន្យល់​ពី​ទស្សនវិស័យ​របស់​ខ្លួន​៖«​ប្រសិន​បើ​សម្ដេច​លោក​អនុគ្រោះ និង​ផ្ដល់នូវ​តម្លៃ​ដ៏​ពិសិដ្ឋ​ ដែល​អាច​ឱ្យ​ខ្ញុំ​និយាយ​បាន​នោះ ខ្ញុំ​នឹង​សុំ​ឱ្យ​សម្ដេច​មេត្តា​បង្កើត​គំនិត​ដ៏​ឈ្នាស​វៃ​មួយ ដើម្បី​ការ​ពារ​ប្រទេស​ជាតិ​ និង​ថែ​សន្តិភាព។ នោះ​គឺ​ពង្រឹង​សមត្ថភាព​ យុវវ័យ​ ឱ្យ​ក្លាយ​ជា​សរសរទ្រូង​របស់​ប្រទេស​ជាតិ​។ ហើយ​ដើម្បី​ទៅ​ដល់​នោះ មាន​តែ​ការ​​​បង្កើត​គ្រឹះ​សីលធម៌​ គុណ​ធម៌​ដល់​កុមារ និង​យុវជន​ ចាប់​​ពី​ក្នុង​សាលា​រៀន​ថ្នាក់​តូច​ៗ ដល់​​ថ្នាក់​ធំ។ ផ្ដល់​ឱ្យ​ពួ​ក​គេ​ទទួល​បាន​ពុទ្ធិ​ និង​សេចក្ដី​ថ្លៃ​ថ្នូរ​ ចាប់​តាំង​ពី​ពួក​គេ​នៅ​តូច​ៗ»។
​ 
លោក​ទីប្រឹក្សាថ្មី​ថ្មោង​ ដែល​មាន​ចំណេះ​ដឹង​ជ្រៅ​ជ្រះ​ក្នុង​ផ្នែក​ប្រវត្តិសាស្ត្រ​រូប​នេះ សង្កត់​ធ្ងន់​ថា ​ប្រទេស​មាន​សន្តិភាព​មិន​គ្រប់​គ្រាន់​ទេ ប៉ុន្តែ​ប្រទេស​ត្រូវ​តែ​មាន​ធន​ធាន​មនុស្ស ​ដែល​មាន​​គុណ​ភាព និង​គុណ​ធម៌​ខ្ពស់​។ លោក​ថា​ ត្រូវ​តែមាន​ការ​​យក​ចិត្ត​ទុកដាក់​មុត​មាំ ក្នុង​ការ​បង្កើត​​ធនធាន​មនុស្ស​ ដ្បិត​អី​លោក​បាន​មើល​ឃើ​ញ​ថា សព្វ​ថ្ងៃ​​យុវវ័យមួយ​ចំនួន ​​​កំពុង​ភ្លើត​ភ្លើន​​​​​។
​«ខ្ញុំ​បាន​នឹក​គិតរួច​​ហើយ​ថា ខ្ញុំ​នឹង​សំណូម​ពរ​ទៅ​សម្ដេច​ បង្កើត​ធនធាន​មនុស្ស​ជាតិ បង្កើត​គុណ​ធម៌​មនុស្ស​ និង​គុណ​ភាព​ជាតិ​។ ឪពុក​ម្ដាយ​ត្រូវ​មាន​តួនាទី​ប្រឹក្សា និង​អប់រំ​បង្ហាញ​ផ្លូវ​កូន ​ពី​ការ​សិក្សា​រៀន​សូត្រ​»។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក​ មាណ្ណារ៉ា។​ 
 
សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​រូប​នេះ ក៏​ធ្លាប់​បាន​ផ្ដល់​បទ​សម្ភាស​ដល់​សារព័ត៌​មាន​ថ្មី​ៗ កាល​ពី​ពេល​​កន្លង​ទៅ​ដែរ ពីគំនិត​នៃ​​ការ​បណ្ដុះ​គុណ​ធម៌​ សីលធម៌ និង​សារសំខាន់​នៃ​ការ​ចូល​រួម​របស់​ម្ដាយ​ឪពុក​ ឬ​អាណាព្យាបាល​ ក្នុង​ការ​ជំរុញ​ការ​អប់​រំកូន​នៅ​ផ្ទះ​៕
 

Tag:
 ក្រោយក្លាយជាទីប្រឹក្សា លោក សំបូរ មាណ្ណារ៉ា គ្រោងស្នើសុំបង្កើតគ្រឹះសីលធម៌​ និងគុណធម៌ ក្នុងកម្មវិធីសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com