កីឡាអន្តរជាតិ
អន្តរជាតិ
Messi នឹងអវត្តមានការប្រកួតជំនួប PSG ប៉ះ Monaco ដោយសាររបួស 11, Feb 2023 , 3:59 pm
× ខ្សែប្រយុទ្ធ Lionel Messi នឹងត្រូវអវត្តមានប្រកួតឱ្យក្រុម Paris Saint Germain ទល់ក្រុម AS Monaco ក្នុងជំនួប Ligue 1 សប្តាហ៍នេះ ដោយសារតែរងរបួសសរសៃពួរ។ នេះបើតាមការបញ្ជាក់របស់ក្លិប Paris Saint Germain កាលពីថ្ងៃទី១០ ខែកុម្ភៈ។
Messi បានបង្ហាញវត្តមានលេងទល់ក្រុម Olympique Marseille នៃពានរង្វាន់ French Cup កាលពីថ្ងៃទី៧ ខែកុម្ភៈ ។ ការប្រកួតនោះជាការរងបរាជ័យដ៏អាម៉ាស់សម្រាប់ PSG ក្រោយចាញ់ក្នុងលទ្ធផល ២-១ ហើយបានធ្លាក់ចេញពីការប្រកួត។ របួសសរសៃពួរជើង Messi ក៏បានកើតឡើងអំឡុងពេលប្រកួតនោះ។
«[…] Leo មានអារម្មណ៍ថាឈឺត្រង់សាច់ដុំ រូបគេនឹងវិលត្រលប់មកហ្វឹកហាត់នៅថ្ងៃទី១៣ វិញ។ រូបគេនៅមិនទាន់ប្រាកដចិត្តនៅឡើយទេថានឹងអាចលេងទល់ Bayern ហើយយើងដឹងថា Leo ពិតជាមានសារៈសំខាន់ខ្លំាងណាស់សម្រាប់ការប្រកួតរបស់យើង ប៉ុន្តែគ្មានវត្តមានគេ យើងនឹងលេងតាមបែបផ្សេងទៀតដែលមានភាពរឹងមាំដូចគ្នា។ ជាក់ស្តែងការធ្វើដំណើរទៅកាន់ Monaco ដោយគ្មាន Leo គឺជារឿងមួយរំខានបំផុតសម្រាប់យើង។»។ នេះបើតាមសម្តីលោក Christophe Galtier គ្រូបង្វឹក PSG និយាយក្នុងសន្និសីទកាសែត។
មកដល់ពេលនេះ PSG បានបាត់បង់កីឡាករសំខាន់ៗចំនួន ២សប្តាហ៍រួចមកហើយ ដូចជា Kylian Mbappe ក៏រងរបួស ហើយជំនួប UEFA Champions League ក្នុងពេលខាងមុខ រូបគេក៏មិនអាចលេងបានដែរ។ បើតាមការអះអាងរបស់លោក Galtier កីឡាករ Achraf Hakimi ក៏កំពុងតែមានបញ្ហារបួសសរសៃពួរនេះដែរ ហើយកំពុងក្លាយជារឿងប្រឈមមុខខ្លាំងសម្រាប់ក្រុម។
រដូវកាលនេះ Lionel Messi រកបានគ្រាប់បាល់ចំនួន ១០គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត ១០គ្រាប់ ក្នុងក្របខណ្ឌ Ligue 1។
បច្ចុប្បន្ន PSG ជាក្រុមស្ថិតនៅលំដាប់កំពូលតារាងមាន ៥៤ពិន្ទុ ឆ្លងកាត់ការប្រកួតចំនួន ២២លើក និងមានកម្រិតពិន្ទុឃ្លាតពីក្រុមលំដាប់លេខ ២ Marseille ដល់ទៅ ៨ពិន្ទុ ហើយក្រុម Monaco ឈរលេខ ៤ មាន ៤៤ពិន្ទុ៕
Tag:
Lionel Messi
Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com