កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Mbappe វិលចូលហ្វឹកហាត់ជាមួយ PSG វិញ ត្រៀមប៉ះ Bayern Munich
13, Feb 2023 , 3:09 pm        
រូបភាព
ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe បានវិលចូលរួមហ្វឹកហាត់ជាមួយក្រុម Paris Saint Germain វិញ​ ដើម្បីបង្កើនក្តីសង្ឃឹមដល់ក្រុមកាន់តែខ្លាំងសម្រាប់ការប្រកួត UEFA Champions League ទល់ Bayern Munich ។


PSG ត្រូវស្វាគមន៍ Bayern Munich សម្រាប់ជំនួបជើងទីមួយនៃវគ្គ ១៦ក្រុម Champions League នៅទឹកដីកីឡដ្ឋាន Parc des Princes នារាត្រីថ្ងៃទី១៤ ខែកុម្ភៈ វេលាម៉ោង ៣ អាធ្រត្រ [ម៉ោងនៅកម្ពុជា]។ 
 
បើតាមការចុះផ្សាយរបស់កាសែតកីឡាបារាំង L’Equipe ថ្ងៃទី១២ កុម្ភៈ រាយការណ៍ថា ​Mbappe កម្លាំងដ៏សំខាន់សម្រាប់ PSG បានបង្ហាញវត្តមានក្នុងទីលានហ្វឹកហាត់ជាមួយក្រុមឡើងវិញ បើទោះបីជារូបគេមិនអាចហ្វឹកហាត់ពេញលេញក្តី។ 
 
Mbappe ជួបបញ្ហារបួសសរសៃពួរតាំងពីថ្ងៃទី១ ខែកុម្ភៈ ដោយ PSG បានកំណត់ថាតារាបាល់ទាត់វ័យ ២៤ ឆ្នាំ នឹងអាចសម្រាករយៈពេល ៣សប្តាហ៍មុនពេលវិលត្រលប់មកជួយក្រុមវិញ។ ក្រៅពី Mbappe ក្នុងនោះ Lionel Messi ក៏កំពុងតែប្រឈមអវត្តមានលេងទល់ Bayern Munich ដែរ ដោយសារបញ្ហារបួសសរសៃពួរដូចគ្នា។
 
កាលពីថ្ងៃទី១១ កុម្ភៈ លោក Christophe Galtier អ្នកចាត់ការ PSG ធ្លាប់បាននិយាយថា សម្រាប់ Mbappe នឹងគ្មានបញ្ហាហាអ្វីឡើយចំពោះរបួស និងការវិលជួយក្រុមវិញ។
 
មួយរយៈពេលចុងក្រោយមកនេះ PSG ហាក់ធ្លាក់ទម្រង់លេងយ៉ាងខ្លាំង បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតា។ ភាគច្រើននៃកីឡាករ PSG ដែលមានឈ្មោះលេងនៅ World Cup សុទ្ធសឹងតែឆ្លងកាត់ការប្រកួតរយៈពេលវែង ហើយប្រឈមនឹងបញ្ហារបួសខ្លាំងក្រោយវិលមកកាន់ក្រុមវិញ។ 
 
ការប្រកួតចុងក្រោយបង្អស់របស់ PSG ចាញ់ក្រោមថ្វីជើងក្រុម AS Monaco នៃជំនួប Ligue ថ្ងៃទី១១ កុម្ភៈ ក្នុងលទ្ធផល ៣-១ ហើយក៏ជាបរាជ័យទី៤ សម្រាប់ពួកគេក្នុងរដូវកាលនេះ ពីគ្រប់ការប្រកួតទាំងអស់៕
 

Tag:
 Kylian Mbappe
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com