កីឡាអន្តរជាតិ
អន្តរជាតិ
Wu Yibing ក្លាយជាកីឡាករវាយកូនបាល់ចិនដំបូងគេ ឈ្នះពានរង្វាន់ ATP Tour
13, Feb 2023 , 7:29 pm        
រូបភាព
 Wu Yibing ក្លាយជាកីឡាករវាយកូនបាល់ចិនដំបូងគ្រងជើងឯក ATP Tour ក្រោយយកឈ្នះ John Isner នាជំនួបវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Dallas Open នាទីក្រុងដាឡាស សហរដ្ឋអាម៉េរិក ថ្ងៃទី១២ ខែកុម្ភៈ។


កីឡាករវ័យ ២៣ឆ្នាំ មកពីទីក្រុង Hangzhou ប្រទេសចិន បានប្រកួតវាយបកយ៉ាងល្អដើម្បីប្រជែងឈ្នះគូប្រកួតក្នុងលទ្ធផល ៦-៧(៤/៧) ៧-៦(៧/៣) និង ៧-៦ (១៤/១២) ក្នុងការប្រកួតដ៏តានតឹងរយៈពេលជាង ៣ម៉ោង។
 
ក្រោយការប្រកួតបានបញ្ចប់ Yibing បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង ហើយរូបគេបានចាត់ទុកជ័យជម្នះមួយនេះជាមោទកភាពដ៏ធំ ព្រមទាំងរំលឹកទៅកាន់ប្រទេសកំណើតថែមទៀត។
«ខ្ញុំបានបង្កើតប្រវត្តិសាស្ត្រនៅទីនេះ ហើយសម្រាប់ប្រទេសរបស់ខ្ញុំ ខ្ញុំពិតជាមានមោទកភាព។

ការប្រកួតនេះពិតជាតានតឹងខ្លាំង អ្វីដែលខ្ញុំបានជួប ខ្ញុំមិនដឹងឡើយថាវាពិតប្រាកដ ១០០ភាគរយ តែខ្ញុំបានធ្វើវាបានសម្រេច។»។ Yibing បាននិយាយបែបនេះក្រោយចប់ការប្រកួត។
 
កាលពីខែមីនាឆ្នាំ ២០២២ កន្លងទៅ Wu Yibing កីឡាករវាយកូនបាល់ចិនបានចាប់ផ្តើមការប្រកួតដោយមានចំណាត់ថ្នាក់ពិភពលោកទី ១,៨៦៩ ហើយមកដល់ពេលនេះរូបគេកើនកម្រិតចំណាត់ថ្នាក់ទី៩៧ ពិភពលោកបន្ទាប់ពីទទួលបានជ័យជម្នះដ៏ត្រជះត្រចង់មួយនេះ។
 
គូប្រកួតរបស់ Yibing កីឡាករ John Isner មានវ័យ ៣៧ឆ្នាំ ដែលជាដៃគូប្រកួតដ៏ចំណាស់។ Isner សញ្ជាតិអាម៉េរិក ធ្លាប់ឈ្នះពានរង្វាន់ ATP Tour នេះចំនួន ១៦លើករួចមកហើយ។ 
 
Wu Yibing បានចាប់ផ្តើមអាជីពក្នុងការប្រកួតកីឡាវាយកូនបាល់នេះចាប់តាំងពីឆ្នាំ ២០១៧ ហើយការបង្ហាញខ្លួនលើកដំបូងគេក្នុងកម្មវិធី Australia Open លើវិញ្ញាសារវាយឯកត្តជន។ កាលនោះកីឡាករចិនរូបនេះ​ ចាប់ផ្តើមភាពល្បីល្បាញ ក្រោយឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ 
 
កីឡាករវាយកូនបាល់វ័យក្មេងសញ្ជាតិចិនរូបនេះក៏បានចូលរួមប្រកួតក្នុងកម្មវិធី US Open ផងដែរកាលពីចុងឆ្នាំ ២០២២ កន្លងផុតទៅ៕
 

Tag:
 Tennis
  ATP Tour
  Wu Yibing
© រក្សាសិទ្ធិដោយ thmeythmey.com