អន្តរជាតិ
អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន ប្តេជ្ញាប្រឆាំងការគំរាមបង្កដោយកូរ៉េខាងជើង និងចិន
14, Feb 2023 , 3:49 pm        
រូបភាព
អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន បានបញ្ជាក់ជាថ្មីពីការធ្វើការរួមគ្នា ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីសំណាក់មីស៊ីលរបស់កូរ៉េខាងជើង និងបញ្ហាប្រឈមបង្កដោយចិន ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិ និងតំបន់។
 
អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោកស្រី Wendy Sherman បានជួបជាមួយអនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងទីមួយ លោក Cho Hyun-dong និងសមភាគីជប៉ុន លោក Takeo Mori នៅក្រសួងការបរទេសអាម៉េរិក ក្នុងក្រុងវ៉ាស៊ីនតោន ដើម្បីជជែកពីកិច្ចសហប្រតិបត្តិ ការគំរាមពីសំណាក់កូរ៉េខាងជើង និងចិន នៅថ្ងៃទី១៣ ខែកុម្ភៈ។ 
 
ក្នុងជំនួបត្រីភាគីនេះ អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក បានថ្លែងថា ប្រទេសទាំងបី នឹងរួមគ្នាប្រឆាងនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង និងជំរុញឱ្យបោះបង់កម្មវិធីអាវុធ រួមទាំងគោរពកាតព្វកិច្ច ដែលមានចែងនៅក្នុងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ (UN)។ 
 
«កូរ៉េខាងជើង បន្តគំរាមកំហែងកូរ៉េខាងត្បូង ជប៉ុន ប្រទេសជិតខាង និងពិភពលោក ជាមួយនឹងការបាញ់មីស៊ីលបាលីស្ទិកមិនធ្លាប់មានពីមុនមកនៅក្នុងឆ្នាំ២០២២»។ លោកស្រី Sherman បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួមចេញនៅថ្ងៃទី១៣ ខែកុម្ភៈ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap នៅឆ្នាំមុន ក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលបាលីស្ទីកចំនួន ៦៩គ្រាប់ ខណៈឆ្នាំ២០២០ មានត្រឹម២៥គ្រាប់ប៉ុណ្ណោះ។ 
 
ចំណែកអនុរដ្ឋមន្រ្តីការបរទេសជប៉ុន បានយល់ឃើញថា ប្រទេសទាំងបី បានចែករំលែកពីការយល់ឃើញលើការបង្កើនការបាញ់មីស៊ីលបាលីស្ទិកពីសំណាក់កូរ៉េខាងជើង ដែលមិនធ្លាប់មានពីមុនមក និងបង្កឱ្យមានការគំរាមកំហែងដល់សហគមន៍អន្តរជាតិ។ 
 
ជាមួយការគំរាមកំហែងបែបនេះ អនុរដ្ឋមន្រ្តីការបរទេសជប៉ុន បានបន្តថា ការសម្របសម្រួលរវាងភាគីបី គឺពិតជាសំខាន់មិនត្រឹមតែជួយថែរក្សាសន្តិភាព រួមទាំងស្ថិរភាព នៅក្នុងតំបន់ និងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការប្តេជ្ញាចំពោះយុទ្ធសាស្រ្តតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហផង។ 
 
ស្របគ្នានេះសមភាគីកូរ៉េខាងត្បូង លោក Cho បានបញ្ជាក់ជាថ្មីពីកិច្ចខិតខំ ក្នុងការរំសាយកម្មវិធីនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ លើសពីនេះ លោក Cho​ បានប្តេជ្ញាធ្វើការជាមួយសម្ព័ន្ធមិត្តអាម៉េរិក រួមទាំងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីជាមួយអាម៉េរិក និងជប៉ុន ដើម្បីឆ្លើយតបនឹងការគំរាមកំហែងពីសំណាក់ក្រុងព្យុងយ៉ាង។ 
 
ក្រៅពីបញ្ហានៅឧបទ្វីបកូរ៉េ ប្រទេសទាំងបី ក៏បានសន្យាប្រឆាំងនឹងបញ្ហាប្រឈម ដែលបង្កដោយចិនផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍រួមនោះ លោកស្រីឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិក បានអះអាងថា ក្រុងវ៉ាស៊ីនតោន ក្រុងសេអ៊ូល និងក្រុងតូក្យូ និងសម្ព័ន្ធមិត្តផ្សេងទៀត នឹងរារាំងសកម្មភាពរបស់ចិន ដែលបង្កបញ្ហាប្រឈមដល់សណ្តាប់ធ្នាប់អន្តរជាតិ និងតំបន់។ 
 
បើតាមលោកស្រី Sherman ប្រទេសទាំងពីរ នឹងធ្វើការរួមគ្នា ដើម្បីរក្សាសន្តិភាព​ និងស្ថិរភាពនៅលើច្រកសមុទ្រតៃវ៉ាន់។ យ៉ាងណាមិញ ជប៉ុង អាម៉េរិក និងកូរ៉េខាងត្បូង ក៏ស្វះស្វែងរកកិច្ចសហប្រតិបត្តិការជាមួយចិនផងដែរ ជុំវិញបញ្ហាបម្រែបម្រួលអាកាសធាតុ សុខភាពសកម្ម និងការមិនរីកសាយភាពអាវុធនុយក្លេអ៊ែរជាដើម៕ 
 

Tag:
 ចិន
  ជប៉ុន
  អាម៉េរិក
  កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com