ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វីដេអូ
លោក យ៉ង សាំងកុមារ៖ បញ្ហា​ធំ​របស់​កសិករ​ធ្វើ​ស្រែ គឺ​ប្រាក់ចំណេញ!
14, Feb 2023 , 9:59 pm        
រូបភាព
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ ស្រូវ​អង្ករ ជា​វិស័យ​ចម្បង​មួយ​ក្នុង​វិស័យ​កសិកម្ម។ ប្រជាកសិករ​ដែល​ប្រកប​របរ​ធ្វើ​ស្រែ តែង​តែ​ជួប​បញ្ហា​នៅ​ពេល​ប្រមូល​ផល​ស្រូវ។ បើតាម​លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម បញ្ហា​ធំមួយ​ ​ដែល​កសិករ​ធ្វើ​ស្រែ​ជួបប្រទះ​ គឺ​បញ្ហា​ប្រាក់ចំណេញ និង​ការ​ចំណាយ​ខ្ពស់​។


ដើម្បី​ជ្រាបច្បាស់ សូម​អញ្ជើញ​ទស្សនា​បទសម្ភាស​រវាង​អ្នកស្រី ញឹក ស្រីល័ក្ខ អ្នក​សារព័ត៌មាន​ថ្មីៗ ជា​មួយ​លោក យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ដូចតទៅ៖
 
 
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លើក​ឡើងថា បញ្ហា​ប្រឈមធំ​មួយ​​ដែល​កសិករ​ធ្វើ​​ស្រែ​ជួប​ប្រទះ​ គឺ​បញ្ហា​ប្រាក់​ចំណេញ​។ «កសិករ​ខ្លះ ធ្វើ​ស្រែ​សម្រាប់​តែ​បរិភោគ​ គាត់​មិន​សូវ​ខ្វល់​រឿង​ចំណេញ​ឬ​ខាត​ទេ។ ប៉ុន្តែ​មាន​កសិករ​ជាច្រើន ផលិត​ស្រូវ​សម្រាប់​លក់​ ដើម្បី​បាន​ប្រាក់ចំណេញ​ និង​សង​បំណុល​ផ្សេងៗ»​។ នេះ​ជា​ការ​បញ្ជាក់របស់​លោក យ៉ង សាំង​កុមារ ដោយ​បន្ត​ថា​ អ្វី​ដែល​លោក​ត្រូវ​យក​ចិត្ត​ទុកដាក់ គឺ​ជំរុញ​ឱ្យ​កសិករ​ផលិត​ស្រូវ​ឱ្យ​បាន​ច្រើន​ ​មាន​ថ្លៃ​ដើម​ទាប និង​​ទីផ្សារ​មាន​ស្ថិរភាព​។
 
ការ​ធ្វើស្រែ​​របស់​ប្រជា​កសិករ​នៅ​តែ​​ជួប​បញ្ហា​​នៅ​ពេល​ប្រមូល​ផល​។ ជាក់​ស្ដែង កាល​ពី​ចុង​ឆ្នាំ​២០២២ កសិករ​ជាច្រើន បា​ន​សម្រុក​ប្រមូលផល​ស្រូវក្នុង​ពេល​តែមួយ​ ដែល​ធ្វើ​ឱ្យ​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​។ ជុំ​វិញ​បញ្ហានេះ លោក យ៉ង សាំង​កុមារ អះអាងថា​ កន្លង​មក​​មាន​តួអង្គជា​ច្រើន​បាន​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម ផលិតកម្ម​ និ​ងទី​ផ្សារ​ស្រូវ​អង្ករ​។ 
  
រូបភាពពីលោក យ៉ង សាំងកុមារ
 


បើតាម​រដ្ឋលេខាធិការ​រូបនេះ ការ​សហការគ្នា​រវាង​កសិករផលិតស្រូវ, ភាគី​រោង​ម៉ាស៊ីន, ឈ្មួញ​កណ្ដាល, អ្នក​ផ្គត់ផ្គង់ជី និង​ពូជ​ នៅ​មាន​ការ​ខ្វះខាត​ច្រើន។ លោក យ៉ង សាំង​កុមារ បន្តថា​ ដើម្បី​ឱ្យ​កសិករ​ និង​ភាគី​រោង​ម៉ាស៊ីន ចុះ​សម្រុង​​គ្នា គឺ​ត្រូវ​ធ្វើ​ការ​ជាមួយ​រោង​ម៉ាស៊ីន ដោយ​ក្ដោប​ឱ្យ​ច្បាស់​ពី​បរិមាណស្រូវ​ដែល​រោងម៉ាស៊ីន​ទទួល​ទិញ។​ 
 
បណ្ឌិត​កសិកម្ម​រូបនេះ លើកឡើង​បែបនេះ៖ «​យើង​ត្រូវ​ដឹង​ថា​រោងម៉ាស៊ីន​ត្រូវការ​ស្រូវ​ប៉ុន្មានតោន ហើយ​ពូជ​អ្វី។ បន្ទាប់​មក​ទើប​ទំនាក់ទំនង​ជាមួយ​កសិករ​ តើ​កសិករ​ណាខ្លះ​ផលិត​ពូជអ្វី​ ហើយ​ផ្សារ​ភ្ជាប់ជាមួយ​រោងម៉ាស៊ីន ដែល​តួអង្គ​អាច​ធ្វើការ​ជាមួយ​គ្នា​​ ដោយកំណត់ស្ដង់ដារ, ​ពូជ, គុណភាព និង​បរិមាណ​​ជាដើម​»។ 
  

រូបភាពពីលោក យ៉ង សាំងកុមារ
 
ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​ កសិករ​គួរ​ដាំ​ពូជណា​ដែល​ទីផ្សារ​ត្រូវការ។ ជាមួយ​គ្នានេះ រោងម៉ាស៊ីន ក៏ត្រូវ​មាន​ភាព​ច្បាស់លាស់ ដោយ​មាន​កិច្ចសន្យា​ជាមួយ​កសិករ​ក្នុង​ការ​ប្រមូល​ទិញ​ស្រូវពូជណាមួយ​។​ ការណ៍​ធ្វើ​បែបនេះ ជួយ​សម្រួល​ដល់​រោងម៉ាស៊ីនឱ្យ​ទទួលបាន​ពូជ​សុទ្ធល្អ ដើម្បី​ងាយស្រួល​ចូល​ក្នុង​ទីផ្សារ​។ 
 
អ្នកជំនាញ​កសិកម្ម លោក យ៉ង សាំង​កុមារ បញ្ជាក់ថា កន្លង​មក​ ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ មា​ន​​បញ្ហា​​ដោយសារ​គុណ​ភាព​ពូជ និង​​ស្ដង់ដារភាព​សុទ្ធ​របស់​ស្រូវ​ធ្លាក់ចុះ។ ដូច្នេះ​ទាម​ទារ​ឱ្យ​កសិករ​ជ្រើសរើស​ពូជ​សមស្រប និង​មិន​លើក​ទឹក​ចិត្ត​កសិករ​ឱ្យ​ទុក​ពូជ​ច្រើន​ជំនាន់​​ឡើយ។​
 
ដោយ​មើល​ឃើញ​ពី​ទុក​លំបាក​របស់​កសិករ​ រដ្ឋលេខាធិការរូបនេះ មាន​បេសកកម្ម​​ជួយ​គាំទ្រ​ ដែល​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​រោង​ម៉ាស៊ីន និង​កសិករផលិត​ស្រូវចំណី រួមទាំង​ស្រូវ​ពូជ។ លោក យ៉ង សាំងកុមារ ត្រូវការ​ពេល​៥ឆ្នាំ ដើម្បី​ឱ្យ​គម្រោង​នេះ ជោគជ័យ​នៅ​ទូទាំង​ប្រទេស៕​
 
រូបភាពពីលោក យ៉ង សាំងកុមារ
 

 

Tag:
 កសិកម្ម​
  យ៉ង សាំង​កុមារ​
  ស្រូវ
  អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com