ជាតិ
ទេពហត្ថកោសល្យ ជា យុទ្ធា ប្ដេជ្ញា​ខំបន្ត​​អភិរក្ស​ក្បាច់​អង្គរ​​​​ជូន​ជាតិ ​ក្រោយ​មាន​ងារ​ជា​មរតកមនុស្ស​រស់​
15, Feb 2023 , 11:20 am        
រូបភាព
រូប​ពី​ហ្វេសប៊ុក Ramo ជាង​ចម្លាក់
រូប​ពី​ហ្វេសប៊ុក Ramo ជាង​ចម្លាក់
ភ្នំពេញ​៖ ក្រោយ​ពី​ទទួ​ល​បាន​គោរមងារ ទេព​ហត្ថ​កោសល្យ​​ពី​ព្រះ​រាជា ព្រឹទ្ធាចារ្យ​មករតក​មនុស្ស​រស់​​ ជា យុទ្ធា ប្ដេជ្ញា​​​​បន្ត​ប្រឹង​ប្រែង​ ថែរក្សា អភិរក្ស​ និងខំ​​​​ឆ្លាក់​ស្ពាន់ក្បាច់​អង្គរបន្ថែម​ទៀត ដើម្បី​ទុក​​​ជា​មរតក​សម្រាប់​​ជាតិ​។


ព្រឹទ្ធាចារ្យ​ ជា យុទ្ធា​ បាន​មាន​ប្រសាសន៍​​ប្រាប់​សារព័ត៌មាន​ថ្មី​ៗ​ថា ​លោក​ពិតជា​មាន​ចិត្ត​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង នៅ​ពេល​ដឹង​ថា ព្រះ​ករុណា​ព្រះ​បាទ​ នរោត្តម​ សីហមុនី ប្រោស​ព្រះ​រាជ​ទាន​គោរម​ងារ​​មរតក​មនុស្ស​រស់​ដល់​លោក​។ លោក​ថា ជាការ​តប​ស្នង​​​ព្រះ​គុណ​ព្រះ​ករុណា ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​ លោក​នឹង​ប្រឹង​ប្រែង​ឆ្លាក់​ក្បាច់​អង្គរបន្ថែម​ទៀត ​ដើម្បី​ទុក​ជា​មរតក​សម្រាប់​ជាតិ​។
  

 រូប​ពី​ហ្វេសប៊ុក Ramo ជាង​ចម្លាក់

«ខ្ញុំ​ធ្លាប់​ធ្វើជាង​តាំង​ពីក្មេង​ រហូត​ដល់​ស្កូវ​ក្បាល អាយុ​កាន់​តែ​ច្រើន មិន​ធ្លាប់​មាន​អ្នក​ណា​ ផ្ដល់​ជា​កិត្តិយស​ដល់​ខ្ញុំ​ទេ។ ប៉ុន្តែ​សព្វថ្ងៃនេះបាន​រដ្ឋ និង​ព្រះ​រាជា ប្រទាន​គោរមងារ​ដល់​ខ្ញុំ​។​ ខ្ញុំ​មាន​សេច​ក្ដី​ត្រេក​អរ​ណាស់។ ខ្ញុំ​មាន​សេចក្ដី​ត្រេក​អរ​មែន​ណា​ក្មួយ​។​ ​ខ្ញុំ​ក៏​មាន​កិត្តិយស​ នៅ​ក្នុង​ថ្នាក់​ជាតិ​នឹង​គេ​ដែរ»។ នេះ​គឺ​ជា​អារម្មណ៍​របស់​លោក ជា យុទ្ធា ដែ​ល​មាន​ជន្មាយុ​៦៩​ឆ្នាំ​។
 
ទេពហត្ថកោសល្យ ជា យុទ្ធា គឺ​ជា​ជាង​ចម្លាក់​ ដែល​ល្បី​ល្បាញ​ខាង​ទឹក​ដៃ​ចម្លាក់​ស្ពាន់ដ៏​​​ល្អ​វិចិត្រ​ ពិសេស​ក្បាច់​អង្គរ​ ដែល​​បច្ចុប្បន្ន​កម្រមាន​ជាង​ណា​អាច​ធ្វើ​បាន លើ​ចម្លាក់​ស្ពាន់​​។ មរតក​​មនុស្ស​រស់​រូប​នេះ អះអាង​ថា លោក​ខំប្រឹង​ប្រែង​តស៊ូអភិរក្ស​ក្បាច់​ចម្លាក់​អង្គរ​ ដែល​ជា​​កេរ​ដូន​តាកុំ​ឱ្យ​បាត់​បង់ ក៏​ព្រោះ​មិន​ចង់​ឱ្យ​បរទេស​មើល​ស្រាល​ជាតិ​ខ្មែរ​។ 
 
លោក​បន្ថែម​ដូច្នេះ៖«ខ្ញុំ​មិន​ចង់​កុំ​ឱ្យ​គេ​ថា យើង​ជា​កូន​ខ្មែរ ឆ្លាក់​ក្បាច់​ដូន​តា​យើង​មិន​កើត​ តែ​បែរ​ជា​ជាតិ​​ដទៃ ដែល​គេ​លួច​យើង​ទៅ គេ​បែរ​ជា​អាច​ធ្វើ​បាន​នោះ​ទេ​»។ 
  

រូប​ពី​ហ្វេសប៊ុក Ramo ជាង​ចម្លាក់

ព្រឹទ្ធាចារ្យ​ដែល​មាន​កូន​ប្រុស​ទី​២​​ស្នង​ដំណែង​រូប​នេះ ​ថាជំនាញ​​ឆ្លាក់​ស្ពាន់​​ មិន​សូវ​មាន​អ្នក​ចង់​រៀន​ឡើយ ដ្បិត​​មុខ​របរ​នេះ​​ ចំណាយ​ពេល​យូរ​ទម្រាំ​រក​ប្រាក់​បាន​ ហើយ​ពិបាក​រៀន​ផង​។ លោក​ថាចម្លាក់​ខ្លះ ចំណាយ​ពេល​​ដល់​ទៅ​១​ឆ្នាំ ទម្រាំ​ឆ្លាក់​រួច​រាល់​​ ពិសេស​​ក្បាច់​អង្គរ​ ព្រោះ​ត្រូ​វ​ការ​​ការ​​ផ្ចិច​ផ្ចង់​ខ្លាំង​។​​ 
 
«ឆ្លាក់​ពី​ស្ពាន់​ហត់​ខ្លាំង​ ព្រោះ​ធ្វើដោយ​ដៃ។ ដែក​ឆ្លាក់​អន់ នឹង​នាំ​ឱ្យ​ចម្លាក់​អន់​ដែរ។ របរ​នេះ​មិន​សូវ​មាន​អ្នក​ចង់​រៀន​ទេ ព្រោះ​​ទម្រាំ​រក​ប្រាក់​បាន​​។ ចម្លាក់​សំណង់​ ចម្លាក់​ឈើ មានគេ​​​ធ្វើ​ច្រើន​ហើយ​ ប៉ុន្តែ​ស្ពាន់​មិន​សូវ​មាន​អ្នក​ធ្វើ​ច្រើន​ទេ​។ សព្វ​ថ្ងៃ​សម្បូរ​ក្បាច់​ភ្ញីទេស​ ប៉ុន្តែ​មិន​សូវ​មាន​ក្បាច់​អង្គរ​ទេ ព្រោះ​ពិបា​ក​ឆ្លាក់»​។ នេះ​​គឺ​ជា​ការ​ពន្យល់​បន្ថែម​​របស់​ព្រឹទ្ធាចារ្យ ជា​ យុទ្ធា​។
 
មរតកមនុស្ស​រស់ ជា យុទ្ធា ដែល​បច្ចុប្បន្ន​មាន​ជន្មាយុ​៦៩​ឆ្នាំ ​មាន​​​​ស្រុក​កំណើត ​នៅ​ភូមិ​សាលា​កាត់​សក់ ឃុំ​វិហារហ្លួង ស្រុកពញាឮ ខេត្ត​កណ្ដាល។ លោក​បាន​ចូល​រៀន​​ ឆ្លាក់គ្រឿង​ប្រាក់​ ក្នុង​អំឡុង​​ឆ្នាំ​១៩៦៦-១៩៦៧  ​​គឺ​តាំង​ពី​លោក​អាយុ​ប្រមាណ​១២​ឆ្នាំ ជា​មួយ​ឪពុក​ធំ​​​ឈ្មោះ​ គង់ ប៊ុន ហើយ​នោះ​គឺ​​ជា​គ្រូ​ដំបូង​របស់​លោក​។ ក្រោយ​រៀនចេះ​​ លោក ជា យុទ្ធា បាន​យក​ជំនាញ​ឆ្លាក់នោះ ​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​។ ប៉ុន្តែ​​បាន​តែ​មួយរយៈ​ពេល​ខ្លី​ ប្រទេស​ក៏​ធ្លាក់​ក្នុង​ភាព​វឹក​វរ​ ដោយ​សារ​សង្គ្រាម​។
  

រូប​ពី​ហ្វេសប៊ុក Ramo ជាង​ចម្លាក់

​​ក្រោយ​សម័យ​សង្គ្រាម​ខ្មែរ​ក្រហម​ដួលរលំ គឺ​នៅ​អំឡុង​ឆ្នាំ១៩៨៧-១៩៨៨ លោ​កចាប់​ផ្ដើមប្រកប​របរ​​​ឆ្លាក់​ឡើង​វិញ​ ​និង​រៀន​បន្ថែម​ជា​មួ​យ​គ្រូ​មួ​យ​រូប​ទៀត​ឈ្មោះ នេត្រ ឆោម​។ ក្នុង​ជីវិត​សិក្សា​ជំនាញ​ឆ្លាក់​ លោក​ យុទ្ធា មាន​​គ្រូ​តែ​២​រូប​ខាង​លើ​​ប៉ុណ្ណោះ ដោយ​គ្រូ​ដំបូងបាន​លាចាក​លោក ​​ក្នុង​សម័យ​សង្គ្រាម​ និង​គ្រូ​ចុង​ក្រោយ​ទទួល​មរណភាព ​ក្នុង​អំឡុង​ឆ្នាំ​១៩៩០​។ ​ការ​សិក្សាជំនាញ​ឆ្លាក់​​របស់​លោក ​ពុំ​បាន​ចូល​សាលា​បណ្ដុះ​បណ្ដាល​ មាន​សញ្ញាបត្រ​​អ្វី​ឡើយ​​ គឺ​ត្រឹម​តែ​រៀ​ន​នៅ​ផ្ទះ​ជា​មួយ​គ្រូ​ផ្ទាល់​តែ​ប៉ុណ្ណោះ។
 
លោក​ ជា យុទ្ធា ថា​ពី​ដើម​ឡើយ​គ្រួសារ​របស់​លោក​គឺ​ជា​កសិករ​ក្រី​ក្រ​។​ ដោយសារ​តែ​មាន​ក្ដី​ស្រឡាញ់​ខាងច​ម្លាក់​ ហើយ​ដោយ​មាន​ឪពុក​ធំ​ ​ជា​ជាង​ចម្លាក់​ស្រាប់​នោះ លោក​បាន​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៩(សម័យ​នោះ សិស្ស​ចូល​រៀន​ដំបូង​​ថ្នាក់​ទី​១២​) ទៅ​រៀន​ឆ្លាក់​ពី​ឪពុកធំ​វិញ​​។​ 
 
លោក​មានបង​ប្អូន​៦​នាក់​ស្រី​២​ ដោយ​ម្នាក់(ប្រុស) ​បាន​ស្លាប់​ក្នុង​សម័យ​សង្គ្រាម​។ បង​ប្រុសទី​១​​ ពី​ដើម​ជា​ជាង​ចម្លាក់ ប៉ុន្តែ​បាន​បោះ​បង់របរ​នេះ​​ ទៅ​ធ្វើ​ជា​ប៉ូលិស​វិញ​​។ ឯ​បងប្រុស​​ទី​២ ​ក៏ជា​​ជាង​ចម្លាក់​ដែរ ហើយ​ក៏​បោះ​បង់​ចោល​ ទៅ​ធ្វើ​ជា​ប៉ូលិល​ដូច​គ្នា​។ បំណែក​លោក ជា យុទ្ធា ដើម​ឡើយជា​ជាង​ចម្លាក់ ក្រោយ​មក​​ចូល​ធ្វើ​​ប៉ូលិស​ដែរ។ ប៉ុន្តែ​លោកបាន​​បោះ​បង់​មុខរបរ​ជា​ប៉ូលិស​វិញ ​​ក្នុង​ឆ្នាំ​១៩៨៥​ ដោយ​មក​ចាប់​មុខរបរ​ធ្វើ​ស្រែ​ចម្ការ​ ​ក្នុងបំណង​​បាន​នៅ​ក្បែរ​មើល​ថែ​ម្ដាយ​​ចាស់​។ ក្រោយ​មក​នៅ​ឆ្នាំ​១៩៨៧-១៩៨៨ លោក​ចាប់​ផ្ដើម​មុខ​របរ​ឆ្លាក់​ស្ពាន់​ជា​ថ្មី រហូត​ដល់​បច្ចុប្បន្ន​។ 
  

រូប​ពី​ហ្វេសប៊ុក Ramo ជាង​ចម្លាក់

ព្រឹទ្ធាចារ្យ ជា យុទ្ធា ​មាន​កូន​៤​នាក់​។ កូន​ទី​១ ធ្វើ​គ្រូ​បង្រៀន​អង់​គ្លេស។ កូន​ទី​២​ជា​ជាង​ចម្កាក់ ដែល​ត្រូវ​ស្នង​ស្នាដៃ​ពី​ឪពុក ព្រោះ​គេ​មាន​ទេព​កោសល្យ​ខ្ពស់​ខាង​គំនូរ និង​ចម្លាក់​​។​ កូន​ទី​៣ គឺ​ជា​​គ្រូ​បង្រៀន​កម្រិត​បរិញ្ញាបត្រ​។ និង​កូន​ទី​៤ ជា​អាជីវករ​។ 
 
សព្វ​ថ្ងៃ​នេះ​ព្រឹទ្ធាចារ្យ ​​បង្រៀនចម្លាក់​ស្ពាន់ទៅ​​​ចៅ​ម្នាក់​ និង​ក្មួយ​ម្នាក់​។ មរតក​មនុស្ស​រស់​រូប​នេះ រំលឹកថា កន្លង​មក លោក​ធ្លាប់​ទទួល​បាន​សិស្សស្រី​ប្រុស​​មួយ​ចំនួន​ដែរ ប៉ុន្តែ​ដោយ​សារ​តែ​កាល​នោះ​ មិន​សូវ​មាន​ទីផ្សារ​ ហើយ​តម្លៃ​​ចម្លាក់​ស្ពាន់​នៅ​ទាប​ផង​ សិស្ស​ទាំង​នោះ​ក៏​ឈប់​រៀន​ ហើយ​នាំ​គ្នា​ទៅ​ធ្វើ​សំណង់​ និង​ធ្វើ​ការ​ងារ​រោង​ចក្រ​​អស់​ទៅ​។ មក​ដល់​ពេល​នេះ ដោយ​សារ​តែ​ចម្លាក់​ប្រាក់​ មាន​តម្លៃ​ជាងមុខ​ លោ​ក​មាន​បំណង​ហៅ​សិស្ស​ទាំង​នោះ​មក​រៀន​វិញ​។ ទោះ​ជា​យ៉ាង​ណា​ លោក​ក៏​បញ្ជាក់​ផង​ដែរ​ថា ការ​បង្រៀន​ដល់​សិស្ស លោក​​គិត​​ប្រាក់​កម្រៃ​ថ្លៃ​កម្លាំង​​បង្រៀន​ដែរ​ ដ្បិត​អី​ការ​បង្រៀន​ត្រូវ​ការ​ចំណាយក​ម្លាំងច្រើន​​ និងពេល​វេលា​យូរ​។
 
បើ​និយាយ​ពី​ទីផ្សារ​ចម្លាក់​ស្ពាន់​របស់​លោក ជា យុទ្ធា សព្វ​ថ្ងៃ​នេះ​សម្បូរ​ប្រជា​ជន​ធម្មតា​បញ្ជា​ទិញ ដោយ​​​ខាង​ហាងពុំ​សូម​​បញ្ជា​ទិញ​ឡើយ​៕
  

រូប​ពី​ហ្វេសប៊ុក Ramo ជាង​ចម្លាក់

Tag:
 ចម្លាក់​
  ចម្លាក់​បុរាណ​
  វប្បធម៌​
  មរតក​មនុស្ស​រស់​
  គោរមងារ​
  ព្រះ​រាជា​
  អង្គរ​
  ក្បាច់​
© រក្សាសិទ្ធិដោយ thmeythmey.com