កីឡាអន្តរជាតិ
អន្តរជាតិ
Europa League ៖ Christensen ព្រមាន ​Barca អំពីភាពគ្រោះថ្នាក់របស់ Rashford
16, Feb 2023 , 8:29 am        
រូបភាព
រូបភាព៖ Manchester United
រូបភាព៖ Manchester United
​ខ្សែការពារ Andreas Christensen ព្រមានក្រុម Barcelona ដែលខ្លួនប្រកបអាជីពជាមួយ ឱ្យប្រុងប្រយ័ត្នអំពីភាពគ្រោះថ្នាក់ Marcus Rashford របស់ខ្សែប្រយុទ្ធក្រុម​ Manchester Uniteed។ អតីតខ្សែការពារ Chelsea ក៏បានអបអរសាទលោករ Erik ten Hag សម្រាប់ការងារដឹកនាំលេចធ្លោនៅ Manchester United ផងដែរ។


ក្រុម Barcelona នឹងត្រូវបើកទ្វារកីឡដ្ឋាន Camp Nou ស្វាគមន៍ក្រុមបិសាចក្រហម Man Utd នៃជំនួបជើងទី១ វគ្គ១៦ក្រុម ពានរង្វាន់ UEFA Europa League នៅថ្ងៃទី១៦ ខែកុម្ភៈ វេលាម៉ោង ១២និង៤៥នាទី​អាធ្រាត្រ [ម៉ោងនៅកម្ពុជា]។
 
ការប្រកួតសរុបគ្រប់កម្មវិធីចំនួន ១៥លើកចុងក្រោយសម្រាប់ក្រុមដឹកនាំដោយលោក Ten Hag មាន ១២លើកទទួលបានជ័យជម្នះ។ បិសាចក្រហមកំពុងមានទម្រង់លេងល្អគួរឱ្យភ្ញាក់ផ្អើល ខណៈដែលខ្សែប្រយុទ្ធ Marcus Rashford កាន់តែលេចធ្លោ។
 
តារាបាល់ទាត់វ័យ ២៥ឆ្នាំ សញ្ជាតិអង់គ្លេស ស៊ុតគ្រាប់បាល់បញ្ចូលទីឱ្យ Man United ចំនួន ១៣គ្រាប់ចាប់តាំងពីក្រោយ World Cup មក ហើយ Christensen ដែលធ្លាប់ប្រកួតប្រជែងគ្នានៅទឹកដីអង់គ្លេសបាននិយាយថា គេនឹងទទួលបានការធ្វើតេស្តដ៏លំបាកមួយពី Rashford នៅទឹកដី ​Camp Nou។
 
«រូបគេកំពុងស្ថិតក្នុងទម្រង់លេងល្អខ្លាំង ខ្ញុំចូលចិត្តគាត់ ខ្ញុំស្រលាញ់នូវអ្វីដែលគេបានលេង គោលដៅរបស់គេគឺពិតជាមានគ្រោះថ្នាក់ ហើយព្រមទាំងជាកីឡាករដ៏មានថាមពលខ្លាំង។»។ ​Christensen បាននិយាយក្នុងវីដេអូដែលបានបង្ហោះដោយក្រុម Barca នៅលើបណ្តាញសង្គមបែបនេះ។
 
រដូវកាលនេះ Rashford ស៊ុតបាល់បញ្ចូលទីឱ្យបិសាចក្រហមចំនួន ២១គ្រាប់ ហើយដែលរូបគេផ្ទាល់ទទួលបានការបង្វឹកពីសំណាក់លោក Ten Hag ដែលទើបមកដឹកនាំ Man United ដូចគ្នា។ 
 
ការមកកាន់ទឹកដី Old Traffor លោក Ten Hag បានជួយកែប្រែស្ថានភាពអាក្រក់របស់ Man Utd បន្ទាប់ពីលោក Ralf Rangnick ដែលបរាជ័យក្នុងការកសាងក្រុមក្នុងរយៈពេលដ៏ខ្លី ចាប់តាំងលោក Ole Gunnar Solskjaer ត្រូវបានបណ្តេញចេញពីតំណែងអំឡុងពាក់កណ្តាលរដូវកាល ២០២១-២២។ 
 
ក្រោយឃើញភាពរីកចំរើនរបស់ក្រុម Man United ក្រោមការដឹកនាំរបស់ Ten Hag អតីតខ្សែការពារ Chelsea បាននិយាយដូច្នេះថា៖«ពួកគេមានគុណភាពដ៏អស្ចារ្យ ហើយការលេងពួកគេឥលូវពិតជាល្អខ្លាំង។ ខ្ញុំគិតថា Ten Hag បានកែប្រែពួកគេទៅកាន់កម្រិតផ្សេងមួយទៀត វានឹងក្លាយការប្រកួតដ៏លំបាក ប៉ុន្តែខ្ញុំគិតថាយើងក៏កំពុងតែមានភាពល្អប្រសើរដូចគ្នា ការប្រកួតនេះនឹងក្លាយជារឿងដ៏អស្ចារ្យ។»។
 
បច្ចុប្បន្នសម្រាប់ Man United កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៣នៃតារាង Premier League ហើយពួកគេនឹងត្រូវជួបតតាំងជាមួយ Newcastle United ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup នៅថ្ងៃទី២៦ ខែកុម្ភៈ​។ Man United សម្លឹងរកការឈ្នះពានរង្វាន់លើកដំបូងក្រោយខកខានរយៈពេល ៥ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៦-១៧មក។ 
ចំណែកក្រុម Barcelona វិញបច្ចុប្បន្នកំពុងក្លាយជាក្រុមស្ថិតនៅកំពូលតារាង La Liga ដែលនាំមុខដាច់ក្រុមលេខ ២ Real Madrid ដល់ទៅ ១១ពិន្ទុ៕
 
 

Tag:
 Europa League
  Barcelona
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com