ជាតិ
សាច់ជ្រូក-សរីរាង្គជ្រូកបង្កក ជិត២តោន មានផ្ទុកវីរុសប៉េស្រ្តអាហ្វិក ត្រូវបានបំផ្លាញចោល 17, Feb 2023 , 6:17 pm
សាច់ជ្រូក-សរីរាង្គជ្រូកបង្កក ជិត២តោន មានផ្ទុកវីរុសប៉េស្រ្តអាហ្វិក ត្រូវបានដឹកយកទៅដុតចោលនៅទីលានចាក់សំរាម ក្នុងខណ្ឌដង្កោ។ រូបថត៖ ក.ប.ប
× សាច់ជ្រូក និងសរីរាង្គជ្រូកបង្កកនាំចូលកម្ពុជាចំនួន ១ ៧៦០គីឡូក្រាម ដែលមានផ្ទុកមេរោគជំងឺឆ្លង ប៉េស្រ្តអាហ្វិក (ASFV) ត្រូវបានមន្ត្រីជំនាញបំផា្លញចោល។ ការបំផ្លាញចោលនេះ គឺនៅទីលានចាក់សំរាមដែលស្ថិត នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម ចុះត្រួតពិនិត្យទីតាំងស្តុកទុកចែកចាយផលិតផលសាច់សត្វស្រស់ បង្កក ជាច្រើនកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញក៏រកឃើញសាច់ជ្រូក និងសរីរាង្គជ្រូកបង្កកនាំចូលពីបរទេសចំនួន៨៨ក្បាល ស្មើនឹងទម្ងន់១ ៧៦០គីឡូក្រាម មានផ្ទុកមេរោគជំងឺឆ្លង ប៉េស្រ្តអាហ្វិក (ASFV)។ នេះបើយោងតាមការចុះផ្សាររបស់អគ្គនាយកដ្ឋាន ក.ប.ប ដែលក្រោយរកឃើញសាច់មានផ្ទុកមេរោគឆ្លងទាំងនោះអាជ្ញាធរក៏យកទៅបំផ្លាញចោលភា្លមតែម្តង នាល្ងាចថ្ងៃទី១៧កុម្ភៈនេះ។
សូមជម្រាបថា ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឱ្យមានការចូលរួមសហការអនុវត្ត វិធានការត្រួតនិត្យសាច់ស្រស់ និងបង្កក ពិសេសសាច់និងផលិតផលពីសត្វជ្រូក ដើម្បីត្រួតពិនិត្យនូវហានិភ័យនៃជំងឺឆ្លងផ្សេងៗ៕ © រក្សាសិទ្ធិដោយ thmeythmey.com