ជាតិ
សម្តេច ហ៊ុន សែន ទុកពេលឱ្យអតីតបុគ្គលVOD ដាក់ពាក្យចូលក្របខណ្ឌរដ្ឋ ត្រឹមដំណាច់ខែនេះ
17, Feb 2023 , 9:48 pm        
រូបភាព
ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន
ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន
ប្រមុខរដ្ឋាភិបាល ហ៊ុន សែន ប្រកាសទុកពេលទទួលអតីតបុគ្គលិករបស់សារព័ត៌មានVOD ចូលបម្រើការងាររដ្ឋ នៅត្រឹមដំណាច់ខែកុម្ភៈ ខណៈមានបុគ្គលិក៨នាក់ហើយ បានដាក់ពាក្យចូលបម្រើការងាររដ្ឋ។


«ដើម្បីបញ្ចប់ការងារនេះ ខ្ញុំសូមកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង ១៧៖០០នាទី[ល្ងាច]ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៣»។ នេះជាសាររបស់សម្តេច ហ៊ុន សែន ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី១៧កុម្ភៈនេះ។

អត្ថបទទាក់ទង

ការរបស់សម្តេច ហ៊ុន សែន នាពេលនេះ អាចដោយសារតែអតីតបុគ្គលវិទ្យុVOD មិនសូវចាប់អារម្មណ៍ការងារក្នុងក្របខណ្ឌរដ្ឋ។ កាលពីថ្ងៃទី១៤ ខែកុម្ភៈ សម្តេច សម្រេចផ្តល់ក្របខណ្ឌការងាររដ្ឋជូនដល់អតីតបុគ្គលិកសារព័ត៌មានVOD ដើម្បីដោះស្រាយជីវភាពរបស់ពួកគេ បន្ទាប់ពីសារព័ត៌មាននេះត្រូវបានបិទ។

ប៉ុន្តែ រហូតមកទល់បច្ចុប្បន្ន គឺមានអតីតបុគ្គលVODត្រឹម៨នាក់ប៉ុណ្ណោះដែលបានដាក់ពាក្យចូលបម្រើការងាររដ្ឋ ខណៈមានអតីតបុគ្គលVODជាច្រើនទៀតមិនទាន់សម្រេចដាក់ពាក្យចូលធ្វើការងាររដ្ឋឡើយ។ នេះបើតាមការលើកឡើងរបស់សម្តេច ដោយបានបញ្ជាក់ថា៖«ក្របខ័ណរដ្ឋនៅពេលនេះ ត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបាន។ ប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡងខ្ញុំពិតជាមានការអរគុណ»។

សូមជម្រាបថា ក្រោយវិទ្យុVOD ត្រូវបានបិទការផ្សាយ តាមការសម្រេចរបស់ក្រសួងព័ត៌មានដែលបានដកអាជ្ញាបណ្ណ បានមួយថ្ងៃ ពោលគឺនៅថ្ងៃទី១៤កុម្ភៈ សម្តេច ហ៊ុន​ សែន ក៏សម្រេចផ្តល់ក្របខណ្ឌដល់បុគ្គលិកVOD ដែលមានបំណងចង់បម្រើការងារ៕


© រក្សាសិទ្ធិដោយ thmeythmey.com