ជាតិ
ខេត្តព្រះសីហនុ នឹងមានរថយន្តសាធារណៈសម្រាប់ពលរដ្ឋ
18, Feb 2023 , 9:59 am        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ រូបភាព៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ រូបភាព៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
ដោយ:
រដ្ឋបាលខេត្តព្រះសីហនុ គ្រោងដាក់ដំណើរការរថយន្តក្រុងសាធារណៈសម្រាប់ប្រជាពលរដ្ឋ ជាពិសេសសិស្សសាលា និស្សិត ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។ បើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដំណើរការនៃសេវារថយន្តសាធារណៈនេះ គឺមានលក្ខណៈដូចទៅសេវាកម្មរថយន្តសាធារណៈនៅរាជធានីភ្នំពេញ ដែរ។
 
រដ្ឋបាលខេត្តខេត្តព្រះសីហនុ នឹងទទួលបានរថយន្តក្រុងចំនួន៦០គ្រឿង ពីក្រុមហ៊ុនប៊ូយ៉ុងរបស់ប្រទេសកូរ៉េខាងត្បូង  ដែលក្នុងនោះ មានរថយន្តមួយចំនួន នឹងដាក់ឱ្យប្រើប្រាស់ជាសេវាសាធារណៈសម្រាប់ដឹកសិស្ស និស្សិតដោយឥតគិតថ្លៃ  រួមទាំងដឹកប្រជាពលរដ្ឋ។ លោក គួច ចំរើន ថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តព្រះសីហនុ» កាលពីថ្ងៃទី១៥ ខែកុម្ភៈ។

បើតាមលោក គួច ចំរើន គោលដៅនៃការដាក់ឱ្យដំណើរការរថយន្តសាធារណៈ គឺដើម្បជួយកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ និងបញ្ឈប់សកម្មភាពរបស់សិស្សសាលា ដែលតែងតែស្ទាក់សុំរថយន្តអ្នកដំណើរ ឡានដឹកទំនិញធំៗ ជាមធ្យោបាយធ្វើដំណើរបន្តទៀត។ កន្លងមក មានសិស្សសាលានៅកំពង់សិលា បានកាក់រថយន្តអ្នកដំណើរ ឬឡានធំៗ ដើម្បីសុំជិះទៅសាលារៀន និងត្រឡប់ទៅផ្ទះវិញ ដោយសារផ្ទះរបស់ពួកគេនៅឆ្ងាយពីសាលារៀន។ 
 
លោក គួច ចំរើន អះអាងថា អាជ្ញាធរខេត្តព្រះសីហនុ ត្រៀមចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប៊ូយ៉ុង ដើម្បីទទួលបានឡានក្រុងចំនួន៦០គ្រឿង នាពេលឆាប់ៗ។ លោកអភិបាលខេត្តព្រះសីហនុ បាននិយាយដូច្នេះ៖ «បើទទួលបានរថយន្តក្រុងហ្នឹង! ខ្ញុំនឹងរៀបចំដូចនៅរាជធានីភ្នំពេញ ជាមធ្យោបាយដឹកជញ្ជូនសាធារណៈ ហើយដឹកសិស្ស និស្សិតដោយឥតគិតថ្លៃ»៕ 
 

Tag:
 រថយន្តក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com