ជាតិ
សិល្បះ
មហោស្រពភាពយន្តអឺរ៉ុបលើកទី១៤ នឹងជួយពង្រឹងទំនាក់ទំនងកម្ពុជា និងអឺរ៉ុប បន្ថែមទៀត
18, Feb 2023 , 2:39 pm        
រូបភាព
ពិធីសម្ពោធជាផ្លូវការ មហោស្រពភាពយន្តអឺរ៉ុប លើកទី១៤ នៅបរិវេណសួនច្បារ នៃវិទ្យាស្ថានបារាំង កាលពីថ្ងៃទី ១៧ ខែកុម្ភៈ។
ពិធីសម្ពោធជាផ្លូវការ មហោស្រពភាពយន្តអឺរ៉ុប លើកទី១៤ នៅបរិវេណសួនច្បារ នៃវិទ្យាស្ថានបារាំង កាលពីថ្ងៃទី ១៧ ខែកុម្ភៈ។
ភ្នំពេញ៖ សហភាពអឺរ៉ុប និងរដ្ឋជាសមាជិក, មជ្ឈមណ្ឌលវប្បធម៌ជាដៃគូ ព្រមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកសម្ពោធជាផ្លូវការនូវ មហោស្រពភាពយន្តអឺរ៉ុប លើកទី១៤ របស់ខ្លួន នៅបរិវេណសួនច្បារនៃវិទ្យាស្ថានភាសាបារាំង កាលពីថ្ងៃទី ១៧ ខែកុម្ភៈ។ ពិព័រណ៍មហោស្រពនេះ ត្រូវគេចាត់ទុកថា ជាការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងអឺរ៉ុប កាន់តែរឹងមាំថែមទៀត។

 
ពិធីនេះ មានការចូលរួមពី ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក Carmen Moreno, អគ្គរដ្ឋទូតបារាំងលោក Jacques Pellet អគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំវៀតណាមលោក Olesandr Gaman និងលោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ 
 
ក្នុងរាត្រីនោះ ក៏មានការចាក់បញ្ចាំងខ្សែភាពយន្តអ៊ុយក្រែន រឿង «Mother of Apostles» ដែលជាភាពយន្តដកស្រង់ពីរឿងពិត និយាយអំពីស្ត្រីជាម្តាយតាមស្វែងរកកូនប្រុសរបស់ខ្លួន នាពេលយន្តហោះមនុស្សធម៌របស់ពួកគេ ត្រូវបានបាញ់ទម្លាក់ គ្រាដែលរ៉ុស្ស៊ីចូលឈ្លានពាន អ៊ុយក្រែន។
 
លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកោតសសើរដល់សហគមអឺរ៉ុប ដែលបានផ្ដួចផ្ដើម រៀបចំឱ្យមានព្រឹត្តិការណ៍មហោស្រពភាពយន្តអឺរ៉ុប នៅកម្ពុជា។ អឺរ៉ុប គឺជាដៃគូដ៏សំខាន់មួយ ក្នុងដំណើរការកសាងប្រទេសកម្ពុជា។ ពីមួយឆ្នាំទៅមួយឆ្នាំ ទំនាក់ទំនងទ្វេភាគី មានភាពប្រសើរឡើងជាលំដាប់ទាំង វិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ 


 
ចំណែក វិស័យភាពយន្តវិញ ជាច្រើនឆ្នាំមកនេះ អឺរ៉ុប បាននាំយកភាពយន្តល្អៗ ជាច្រើនមកចាក់បញ្ចាំង នៅកម្ពុជា ដែលអាចឱ្យពលរដ្ឋខ្មែរ បានស្វែងយល់ពីវប្បធម៌ ទំនៀមទម្លាប់ និងការរស់នៅរបស់ប្រជាជនអឺរ៉ុប ផងដែរ។ 
 
ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុក ការរៀបចំមហោស្រពភាពយន្តអឺរ៉ុប នៅពេលនេះ គឺជាការលើកកម្ពស់ទំនាក់ទំនង រវាងកម្ពុជា និងអឺរ៉ុប ឱ្យកាន់ប្រសើរទៅមុខទៀត។ ចាប់ពីឆ្នាំ ២០២៣នេះតទៅ កម្ពុជានឹងត្រៀមខ្លួនស្វាគមន៍ផលិតករអឺរ៉ុប ដែលមកថតភាពយន្ត នៅកម្ពុជា ដែលបើកឱកាសផ្សព្វផ្សាយពីទីតាំងសក្ដានុពលរបស់កម្ពុជា ទៅកាន់សហភាពអឺរ៉ុប។ 
ពិធីសម្ពោធមហោស្រពភាពយន្តអឺរ៉ុប លើកទី១៤នេះ ក៏បានអញ្ជើញ អ្នកដឹកនាំរឿង និងអ្នកនិពន្ធដ៏ល្បី ពីអឺរ៉ុប គឺលោក Simon Gillard មកកម្ពុជាផងដែរ ដើម្បីបង្រៀនវគ្គខ្លី ពីការផលិតភាពយន្តឯកសារ។ ក្នុងអំឡុងពេលបង្រៀន ផលិតករភាពយន្តរូបនេះ នឹងចែករំលែកការយល់ដឹង ព្រមទាំងបទពិសោធន៍ ក្នុងការតាក់តែងបង្កើតឡើងនូវទឹកដៃភាពយន្តដែលល្អប្រណិត និងបើឱកាសឱ្យក្រុមនិសិត្សដែលចូលរួមប្រឹក្សាមួយទល់នឹងមួយ ដើម្បីពិភាក្សាអំពីគម្រោងផលិតភាពយន្តរបស់ពួកគេ និងភាពស្មុគស្មាញ នៃការនាំយករឿងរ៉ាវពិត មកផលិតជាខ្សែភាពយន្ត។


 
សូមជម្រាបថា ការបញ្ចាំងភាពយន្តក្នុងឱកាសនៃមហោស្រពភាពយន្ត អឺរ៉ុប-កម្ពុជា ឆ្នាំ២០២៣នេះ នឹងធ្វើឡើងនៅទីតាំងចំនួន៤ ក្នុងរាជធានីភ្នំពេញ រួមមានរោងភាពយន្ត Major Cineplex ផ្សារទំនើបអ៊ីអន១ វិទ្យាស្ថានភាសាបារាំង ផ្ទះមេត្តា និងមជ្ឈមណ្ឌលបុប្ផាណា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ។ 
 
ភាពយន្តខ្នាតធំសរុបចំនួន២៦រឿង និងកម្មវិធីផ្សេងៗជាច្រើន កំពុងរង់ចាំសាធារណជនចូលរួម។ ការបញ្ចាំងភាពយន្តខ្នាតខ្លីពិសេស សរុបចំនួន១៨ រឿង ធ្វើឡើងនៅទីតាំងចំនួន២ គឺនៅមជ្ឈមណ្ឌលបុប្ផាណា និង Hops Craft Beer Garden នៅថ្ងៃទី ២៥ និង ២៦ ខែកុម្ភៈ៕ 







Tag:
 ភាពយន្ត
  មហោស្រពភាពយន្តអឺរ៉ុប
  កម្ពុជា-អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com