ជាតិ
ដើមឆ្នាំ២០២៣ អន្ទាក់សត្វព្រៃ កើនឡើងខ្លាំងនៅសហគមន៍ការពារព្រៃឈើប្រាំបីមុម
18, Feb 2023 , 7:19 pm        
រូបភាព
សកម្មភាពដោះអន្ទាក់ នៅសហគមន៍ការពារព្រៃឈើប្រាំបីមុម។ រូបភាពដោយលោក គ្រឿន បាន។
សកម្មភាពដោះអន្ទាក់ នៅសហគមន៍ការពារព្រៃឈើប្រាំបីមុម។ រូបភាពដោយលោក គ្រឿន បាន។
ដោយ:
ភ្នំពេញ៖ បញ្ហាអន្ទាក់បានក្លាយជាក្តីបារម្ភដល់សុវត្ថិភាពសត្វ ដែលកំពុងរស់នៅក្រៅដីសហគមន៍ និងជាហានិភ័យសម្រាប់ជីវិតរបស់សត្វព្រៃកាន់តែខ្លាំង។ ត្រឹមរយៈពេល៣២ថ្ងៃ នៅដើមឆ្នាំ២០២៣ អន្ទាក់ប្រមាណ២០០ ត្រូវបានដោះចេញពីសហគមន៍ការពារព្រៃឈើប្រាំបីមុម ខេត្តកំពង់ស្ពឺ ។
 
សហគមន៍ព្រៃឈើប្រាំបីមុម ក្នុងខេត្តកំពង់ស្ពឺ ជាព្រៃត្រូវបានការពារ និងអភិរក្សសត្វព្រៃដូចជា សត្វ ទន្សោង ខ្ទីង ក្ងោក ជ្រូកព្រៃ ប្រើស-ល-។ ដីព្រៃសហគមន៍នេះមានផ្ទៃដីសរុប ១ ២២១ហិកតា ស្ថិតក្នុងភូមិថ្នល់កែង ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ 

លោក សឿង ឡាយ ប្រធានសហគមន៍ការពារព្រៃឈើប្រាំបីមុម

លោក សឿង ឡាយ ប្រធានសហគមន៍ការពារព្រៃឈើប្រាំបីមុម បានប្រាប់សារព័ត៌មានThmeyThmey25ថា នៅឆ្នាំ២០២២ អន្ទាក់ថយចុះបន្តិច ប៉ុន្ដែបែរជាកើនឡើងនៅដើមឆ្នាំ២០២៣។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា នៅក្នុងមួយអាទិត្យក្រុមការងារចុះល្បាតស្ទើរគ្រប់ថ្ងៃ មូលហេតុដោយសារអន្ទាក់មានកាន់តែច្រើន នៅក្រៅដីសហគមន៍។ 
 
អ្នកដាក់អន្ទាក់ភាគច្រើន ជាអ្នកជុំវិញតំបន់នោះ ហើយមានខ្លះក៏ជាអ្នកធ្វើការនៅក្នុងចម្ការអំពៅក្បែរៗនោះផងដែរ។ ប្រធានសហគមន៍ខាងលើ កំពុងបារម្ភថា កាលណាអន្ទាក់កើន នោះហានិភ័យសម្រាប់សត្វក៏កាន់តែច្រើនដែរ។ ជាមួយគ្នានេះ កាលពីឆ្នាំ២០២២ មានសត្វទន្សោងមិនតិចជាង៤ក្បាលឡើយ ដែលរងរបួសក្នុងអំឡុងពេលរកចំណី។
 
«កន្លងមកក្រុមការងាររបស់រដ្ឋបាលព្រៃឈើ និងក្រុមMUតែងចូលរួមជួយដោះអន្ទាក់ចេញពីព្រៃជារឿយៗ»។ នេះជាការលើកឡើងរបស់លោក សឿង ឡាយ។ 

លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គ​ការសម្ព័ន្ធមិត្តសត្វព្រៃ រូបភាពដោយ លោកទ្រី ស៉ីថេង

ទន្ទឹមនោះ លោក និក ម៉ាក ជានាយកថែរក្សា និងសង្គ្រោះសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើកឡើងថា  ក្នុងនាមលោកជាអ្នកធ្វើការងារទាក់ទងនឹងការការពារ និងអភិរក្សសត្វ ពិតជាមានកង្វល់ខ្លាំង ព្រោះនេះជាសញ្ញានៃគ្រោះថ្នាក់សម្រាប់ជីវិតសត្វព្រៃ។ លោកថា អន្ទាក់ពិតជាសាហាវណាស់ វាអាចសម្លាប់ ឬធ្វើឱ្យសត្វពិការបានទាំងសត្វតូច និងសត្វធំ។ 
 
លោក និក ម៉ាក ថ្លែងដូច្នេះ៖ «យើងព្យាយាមជួយឧបត្ថម្ភទៅសហគមន៍បន្តិចបន្តួច ដើម្បីផ្ដល់លទ្ធភាពក្នុងការការពារ ជីវិតសត្វព្រៃតាមសហគមន៍ និងសកម្មភាពអភិរក្សសត្វគ្រប់ប្រភេទដែលរស់នៅក្នុងព្រៃធម្មជាតិ ពីការប្រមាញ់របស់ជនឆ្លៀតឱកាសមួយចំនួន»។ 
 
សូមបញ្ជាក់ថា រយៈពេល១២ ខែក្នុងឆ្នាំ២០២២ មានអន្ទាក់ ចំនួន៤៤១ ត្រូវដោះបានពីសហគមន៍ព្រៃឈើប្រាំបីមុម៕

សកម្មភាពដោះអន្ទាក់ នៅសហគមន៍ការពារព្រៃឈើប្រាំបីមុម។ រូបភាពដោយលោក គ្រឿន បាន។
 
 

Tag:
 អន្ទាក់
  តំបន់ការពារ
  ទន្សោង
© រក្សាសិទ្ធិដោយ thmeythmey.com