ជាតិ
វីដេអូ
អន្សមអាំងរូបមន្តគ្រួសារកញ្ញា ស្រីពៅ មានរសជាតិឆ្ងាញ់ប្លែកពីតំបន់ដទៃ
19, Feb 2023 , 9:29 am        
រូបភាព
សៀមរាប៖ អន្សមចេកអាំង និងអន្សមចេកចំហុយ រូបមន្តគ្រួសារកញ្ញា ឈុន ស្រីពៅ កំពុងពេញនិយមពីពលរដ្ឋក្នុងភូមិព្រះដាក់ ក៏ដូចជាទេសចរទៅកម្សាន្តស្រុកបន្ទាយស្រី ដោយសារមានរសជាតិឆ្ងាញ់ ប្លែកពីតំបន់ដទៃ។ ក្នុងមួយថ្ងៃ ស្រីពៅ ថាអាចលក់ដាច់ចន្លោះពី១៥០ ទៅ១៧០អន្សម និងឈានដល់ជាង២០០អន្សមនាចុងសប្ដាហ៍។

 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាងកញ្ញា ផាត ដាណេ និងកញ្ញា ឈុន ស្រីពៅ ខាងក្រោមដូចតទៅ៖

 
 
អន្សមអាំង និងអន្សមចំហុយរបស់គ្រួសារកញ្ញា ឈុន ស្រីពៅ ដែលស្ថិតក្នុងភូមិព្រះដាក់ ស្រុកបន្ទាយស្រី មានរបៀបធ្វើប្លែកពីតំបន់ដទៃ ដោយគេយកអង្ករដំណើបទៅឆា ជំនួសការលញ់អង្ករធម្មតា។ ស្រីពៅ ប្រាប់ពីរបៀបធ្វើដូច្នេះថា ដំបូងត្រូវត្រាំអង្ករទុក១យប់ឱ្យរីកសិន ទើបយកមកឆាជាមួយដូងឱ្យឈ្ងុយមុនពេលវេចជាមួយចេក។ ការឆាអង្ករជាមុននេះ ជួយឱ្យអន្សមឆ្អិនសព្វល្អ និងរសជាតិឈ្ងុយឆ្ងាញ់ជាងអង្ករលញ់ធម្មតា។ 
 
វិធីធ្វើអន្សមឆ្ងាញ់នេះ យុវតីវ័យ២៣ឆ្នាំរូបនេះ រៀនចេះពីម្ដាយ ហើយទើបតែលក់បានរយៈពេល៣-៤ខែប៉ុណ្ណោះ។ ដ្បិតមានរសជាតិឆ្ងាញ់ ប្លែកពីតំបន់ដទៃ អន្សមអាំងរបស់អ្នកភូមិព្រះដាក់រូបនេះ លក់ដាច់អស់ចន្លោះពី១៥០ ទៅ១៧០អន្សមក្នុងមួយថ្ងៃ និងឈានដល់ជាង២០០អន្សមនាចុងសប្ដាហ៍។ ស្រីពៅ លើកឡើងថា៖«អន្សមអាំងលក់ដាច់ជាងអន្សមចំហុយ។ ហើយតម្លៃ១ពាន់ដូចគ្នា»។ 


 
កន្លែងលក់អន្សមរបស់ស្រីពៅ នៅជិតផ្សារព្រះដាក់ ដែលចាប់ផ្ដើមលក់ចន្លោះពីម៉ោង៦ ដល់ម៉ោង១០ព្រឹក ប៉ុន្តែក៏មានពេលខ្លះសល់ដល់ពេលរសៀលផងដែរ។ ស្រីពៅ បញ្ជាក់ថា អតិថិជនអន្សមអាំងរបស់នាងមានទាំងភ្ញៀវទេសចរ អ្នកធ្វើដំណើរឆ្លងកាត់ភូមិព្រះដាក់ និងអ្នកភូមិផងដែរ។ ស្រីពៅ មានបំណងចង់ពង្រីកការលក់របស់ខ្លួន ដោយចង់បន្ថែមអន្សមស្នូលត្រាវ ប៉ុន្តែខ្វះអ្នកជួយធ្វើ៕






 

Tag:
 អន្សមអាំង
 អន្សមចេក
 ភូមិព្រះដាក់
 ស្រុកបន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com