កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកថា មិនអាចដកចេញ និងបែងចែកអត្តពលិកបានទេ ឆ្លើយតបការរិះគន់លើអត្តពលិករុស្សី 23, Feb 2023 , 8:29 pm
× គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ (IOC) និយាយថាកីឡាអូឡាំពិកមិនអាចបែងចែក និងដកចេញអត្តពលិកណាមួយបាននោះទេ ខណៈខ្លួនការពារគម្រោងក្នុងការអនុញ្ញាតអត្តពលិករុស្ស៊ី និងបេឡារុសប្រកួតជម្រុះ សម្រាប់ការប្រកួតព្រឹត្តិការណ៍អូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤។
ក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃទី២២ កុម្ភៈ IOC បានលើកឡើងថា ការប្រកួតកីឡាមានតួអក្សរនៃការបង្រួបបង្រួម ដែលលើកកម្ពស់សន្តិភាព។ សេចក្តីថ្លែងការណ៍នេះ ស្របពេលរុស្ស៊ីបានបើកការវាយលុកចូលប្រទេសអ៊ុយក្រែន ជិតរយៈពេល១ឆ្នាំហើយ គិតតាំងពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២។
ជាង ១ខែមកនេះស្ថាប័នអូឡាំពិកអន្តរជាតិ រងការប្រឆាំងជាច្រើនពីសំណាក់ប្រទេសតំបន់អឺរ៉ុប បន្ទាប់ពីបានបង្ហាញគម្រោងដែលផ្តល់ឱកាសអត្តពលិករុស្ស៊ី និងបេឡារុស អាចវិលចូលការប្រកួតអូឡាំពិកវិញ តាមរយៈការប្រកួតជម្រុះដណ្តើមកៅអីពីតំបន់អាស៊ី។ អត្តពលិករុស្ស៊ី និងបេឡារុសត្រូវប្រកួតក្រោមរូបភាពទង់អូឡាំពិក និងទង់អត្តពលិក ដោយហាមមិនឱ្យប្រើទង់ និងភ្លេងជាតិរុស្ស៊ី និងបេឡារុស។
«កីឡាអូឡាំពិកមិនអាចទប់ស្កាត់សង្រ្គាម និងបញ្ឈប់ជម្លោះនោះទេ ឬក៏មិនអាចដោះស្រាយបញ្ហាប្រឈមខាងនយោបាយ រឿងរ៉ាវសង្គមទាំងអស់ ដែលកើតមានក្នុងពិភពលោកយើងនេះបានដែរ។ នេះគឺអាណាចក្រនៃនយោបាយ ប៉ុន្តែកីឡាអូឡាំពិកអាចធ្វើជាគំរូ សម្រាប់ពិភពលោកដែលមនុស្សគ្រប់គ្នាគោរពច្បាប់ដូចគ្នា និងគោរពគ្នាទៅវិញទៅមក ហើយអូឡាំពិកអាចបើកទ្វារសម្រាប់ពួកគេក្នុងការសន្ទនា និងការសាងសន្តិភាព។ អូឡាំពិកមិនអាចដកចេញ ឬបែងចែកអត្តពលិកបាននោះទេ។»។ IOC បាននិយាយបែបនេះ។
រឿងរ៉ាវនៃជម្លោះបញ្ហារឿងអត្តពលិករុស្ស៊ី ប្រទេសអ៊ុយក្រែន និងប្រទេសលោកខាងលិចជាច្រើន បានទាមទារឱ្យបន្តហាមឃាត់អត្តពលិកមកពីប្រទេសទាំងពីរ មិនឱ្យប្រកួត Paris 2024 ប្រសិនបើក្នុងប្រទេសអ៊ុយក្រែននៅមានទ័ពរបស់រុស្ស៊ី។
កាលពីថ្ងៃទី២១ កុម្ភៈកន្លងទៅ ប្រទេសជាង ៣០ ដែលរួមមានអាម៉េរិក អង់គ្លេស និងបារាំង បានបង្ហាញជំហរគាំទ្រឱ្យបន្តហាមឃាត់អត្តពលិករុស្ស៊ី និងបេឡារុស ពីការប្រកួតព្រឹត្តិការណ៍អន្តរជាតិនានា។ អ៊ុយក្រែនបានព្រមានធ្វើពហិការពីការប្រកួត Paris 2024 បើមានអត្តពលិកមកពីរុស្ស៊ីចូលរួម។
ចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការវាយលុកចូលអ៊ុយក្រែនដែលមានរយៈពេលជិត ១ឆ្នាំរួចមក អត្តពលិកមកពីរុស្ស៊ី និងបេឡារុស ត្រូវបានហាមឃាត់មិនឱ្យចូលរួមការប្រកួតអន្តរជាតិនានា ព្រមទាំងការប្រកួតក្នុងប្រទេសក៏ត្រូវបានលុបចោលដែរ។
ប្រទេសតំបន់ Nordic រួមមានប្រទេសឡេតូនី លីទុយអានី អេស្តូនី និងប៉ូឡូញ បានអំពាវនាវឱ្យស្ថាប័នកីឡាអន្តរជាតិនានា បន្តហាមឃាត់អត្តពលិករបស់រុស្ស៊ី និងបេឡារុស ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក៏ដូចជាកម្មវិធីប្រកួតដទៃផ្សេងទៀត ខណៈសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ដែលបង្កឡើងដោយរុស្ស៊ី កំពុងតែបន្តយ៉ាងក្តៅកគុក៕
© រក្សាសិទ្ធិដោយ thmeythmey.com