ជាតិ
សេដ្ឋកិច្ច
ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន អះអាងថា ផ្លែមៀនប៉ៃលិន កំពុងមានតម្រូវការខ្លាំង និងកើនតម្លៃ
23, Feb 2023 , 8:59 pm        
រូបភាព
ដោយ:
ផ្លែមៀនប៉ៃលិន កំពុងមានតម្រូវការនៅលើទីផ្សារអន្តរជាតិ ក្រោយពេលរដ្ឋាភិបាលកម្ពុជា ចុះកិច្ចព្រមព្រៀងជាមួយភាគីចិន ។ ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន អះអាងថា ផ្លែមៀនប៉ៃលិន កំពុងមានតម្រូវការខ្ពស់ និងកើនតម្លៃ។
 
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុកក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានលើកឡើងថា ដើម្បីនាំចូលផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារចិន កម្ពុជាបានឯកភាពគ្នាលើកម្រិតស្តង់ដារភូគាមអនាម័យ និងតម្រូវឱ្យគោរពតាមលក្ខណៈចំនួន ៧ចំណុច ទើបអាចនាំចូលបាន។

មន្រ្តីជំនាញរដ្ឋបាលខេត្តរូបនេះ បានចុះបណ្ដុះបណ្ដាលកសិករចំនួន៣០១នាក់ ក្នុងការដាំដំណាំឱ្យុស្របតាមស្ដង់ដារ GAP និងផ្សព្វផ្សាយមៀនប៉ៃលិនទូទាំងខេត្ត។ ខេត្តប៉ៃលិន បាននាំចេញមៀនប៉ៃលិនច្រើនជាងគេ។ 
 

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន។ រូបភាព៖​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
 
ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន ស្ដីពី«ភាព​ជោគជ័យ​ក្នុង​រយៈពេល ៥​ឆ្នាំ​ របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន» នៅថ្ងៃទី២៣ ខែកុម្ភៈ លោក សុផាត បានបន្ថែមថា បច្ចុប្បន្ន មានកសិករ១០៥នាក់ហើយ ដែលបានសុំចុះបញ្ជីដាំផ្លែមៀនប៉ៃលិន តាមស្តង់ដារ។ ក្នុងនោះ ក៏មានអ្នកទទួលបានវិញ្ញាបណ្ណប័ត្រ ចំនួន ៦៧ចម្ការ។ 
 
លោក សាយ សុផាត បានបញ្ជាក់ថា ៖«ការចុះបញ្ជីត្រូវធ្វើជាជំហានៗ ដោយត្រូវយកផ្លែមៀនទៅឱ្យអ្នកជំនាញត្រួតពិនិត្យពីស្ដង់ដារគុណភាពជាមុនសិន ទើបអាចចុះបញ្ជីឱ្យបាន»។ 
 
ចំពោះតម្លៃផែ្លមៀនប៉ៃលិន ដែលស្របតាមភូគាមអនាម័យ និងស្ដង់ដារ អាចលក់បានតម្លៃ ៣៣០០រៀលក្នុងមួយគីឡូក្រាម កើនតម្លៃ ៣៩០០រៀល ក្នុងមួយគីឡូក្រាម នៅឆ្នាំ២០២២។ សម្រាប់ឆ្នាំនេះវិញ មៀនប៉ៃលិន បានកើនតម្លៃចន្លោះពី ៤២០០រៀល ទៅ៤៥០០រៀលក្នុងមួយគីឡូក្រាម។ តម្លៃផ្លែមៀន ត្រូវបានកសិករដាំគោរពតាមស្ដង់ដារ នឹងមានតម្លៃកើនឡើងជាបន្តបន្ទាប់ ទៅតាមកិច្ចព្រមព្រៀងជាមួយអ្នកវិនិយោគ ដែលបានចុះទៅទិញដល់ចម្ការ ក្នុងខេត្តប៉ៃលិន។ លោក សុផាត លើកឡើងដូច្នេះ។
 
បើតាមលោក សាយ សុផាត នៅក្នុងខេត្តប៉ៃលិន មានចម្ការមៀនប៉ៃលិន ចំនួន ៣ ៣៦០ហិកតា ក្នុងនោះពលរដ្ឋ ៦៧៦នាក់ ដែលបានប្រកបរបដាំមៀននេះ។
 
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០២២ កម្ពុជា បាននាំមៀនប៉ៃលិន ទៅទីផ្សារអន្តរជាតិចំនួន ៣ ១៥៥តោន ក្នុងនោះចិនចំនួន ២ ៩៤២,៥១តោន វៀតណាមចំនួន ២១២,៦៤តោន និងហុងកុង ០,០៣តោន។ នៅឆ្នាំ២០២១ កម្ពុជាមានផ្ទៃដីដាំដុះមៀនសរុបចំនួន ១២៨៣៧ហិកតា និង ផ្ទៃដីប្រមូលផលមានចំនួន ១០៥៦៥ហិកតា ដោយជាមធ្យមអាចប្រមូលផលបាន ១៣១៤៩៨តោនក្នុងមួយឆ្នាំ៕ 
 
 

Tag:
 មៀនប៉ៃលិន
© រក្សាសិទ្ធិដោយ thmeythmey.com