កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់ទាត់លើតុ៖ អ្នកគ្រូ ងួន ច័ន្ទបូរមី ប្តេជ្ញាដឹកនាំកូនក្រុម ធ្វើឱ្យបានល្អនាស៊ីហ្គេម២០២៣
25, Feb 2023 , 8:29 am        
រូបភាព
អ្នកគ្រូ ងួន ច័ន្ទបូរមី ពេលហ្វឹកហាត់កំដៅសាច់ដុំ។
អ្នកគ្រូ ងួន ច័ន្ទបូរមី ពេលហ្វឹកហាត់កំដៅសាច់ដុំ។
ដោយ:
អ្នកនាង ងួន ច័ន្ទបូរមី គ្រូបង្វឹកកីឡាបាល់ទាត់លើតុ ប្តេជ្ញាដឹកនាំកូនក្រុមធ្វើឱ្យបានល្អ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ថ្វីដ្បិតកីឡាបាល់ទាត់លើតុជាប្រភេទកីឡាថ្មី ដែលទើបមាននៅកម្ពុជាក៏ដោយ តែយ៉ាងណា អ្នកគ្រូ ច័ន្ទបូរមី មិនហ៊ានប្រាថ្នាកម្រិតខ្ពស់ពេកនោះទេ ព្រោះកីឡា(Teqball)នេះ កម្ពុជាទើបដើរក្រោយគេ។
 
«ក្តីរំពឹងរបស់ខ្ញុំគឺមិនទាមទារឱ្យកីឡាករក្រុមនាងខ្ញុំដណ្តើមបានមេដាយ មាស ប្រាក់ ឬក៏សំរឹទ្ធនោះទេ គ្រាន់តែថាខ្ញុំនឹងព្យាយាមបង្វឹកកីឡាករ-កីឡាការិនីឱ្យអស់ពីសមត្ថភាព តាមលទ្ធភាពដែលយើងធ្វើទៅបានក្នុងរយៈពេលពី ២ទៅ៣ខែខាងមុខ»។ អ្នកនាង ងួន ច័ន្ទបូរមី បញ្ជាក់ក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗដូច្នេះ នៅថ្ងៃទី២២ ខែកុម្ភៈ នាទីលានហ្វឹកហាត់ ក្នុងបរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិ។
 

អ្នកគ្រូ ងួន ច័ន្ទបូរមី ដឹកនាំកូនក្រុមហាត់ទាញសរសៃកំដៅសាច់ដុំ។
 
ក្នុងពេលកំពុងបង្វឹកកូនក្រុមនោះ អ្នកគ្រូ ងួន ច័ន្ទបូរមី បន្ថែមថា កីឡាថ្មីនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងសីដក់ ក៏ដូចជាបាល់ទាត់ និងវាយកូនបាល់លើតុដែរ ទាំងការគិតពិន្ទុ បច្ចេកទេសលេង គឺសឹងតែដូចគ្នាតែម្តង។ ចំពោះកីឡាប្រភេទថ្មីនេះ អតីតកីឡាការិនីសីដក់ជម្រើសជាតិកម្ពុជា ចាន់បូរមី ថា កូនក្រុមខ្លួន នឹងធ្វើឱ្យបានល្អ សម្រាប់ស៊ីហ្គេម២០២៣នេះ។
 
អ្នកនាង ងួន ច័ន្ទបូរមី និយាយថា៖«យើងដឹងស្រាប់ហើយថាវាជាកីឡាប្រភេទថ្មី តែយើងបានត្រៀមរួចរាល់ហើយ នូវពេលដឹងថាកីឡានេះបានដាក់បញ្ចូលក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។ ទោះបីមានរយៈពេលខ្លី តែការហ្វឹកហាត់មើលឃើញថា មានការរីកចំរើនខ្លាំងដោយសារកីឡាករ-កីឡាការិនីយើងមានគ្រឹះស្រាប់»។
 
គួបញ្ជាក់ថា អត្តពលិកកីឡាបាល់ទាត់លើតុ(Teqball)ជម្រើសជាតិកម្ពុជាបច្ចុប្បន្ន មានកីឡាករ ៥រូប និងកីឡាការិនី ៥រូប កំពុងហ្វឹកហាត់នៅទីលានបាល់ទាត់លើតុ ក្នុងបរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិ៕
 

Tag:
 កីឡាបាល់ទាត់លើតុ
 ងួន ច័ន្ទបូរមី
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com