ជាតិ
អត្ថបទពាណិជ្ជកម្ម
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប នាំយុវជនធ្វើសកម្មភាពសប្បុរសធម៌នៅសាលាបឋមសិក្សាគោកស្នួល ខេត្តសៀមរាប
25, Feb 2023 , 2:29 pm        
រូបភាព
សកម្មភាពសប្បុរសធម៌ គឺជាផ្នែកមួយយ៉ាងសំខាន់ដែលបានរួមចំណែកជួយសម្រួលការរស់នៅរបស់មនុស្សដែលកំពុងជួបបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។  ក្នុងនោះ ប្រជាជនខ្មែរភាគច្រើន តែងប្រកាន់វប្បធម៌ចែករំលែក មានទឹកចិត្តល្អ ចេះជួយគ្នាទៅវិញទៅមក។ មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពសប្បុរសធម៌ គឺជាឱកាសដ៏អស្ចារ្យ និងវិសេសវិសាលមួយសម្រាប់បុគ្គលគ្រប់រូប និងជាពន្លឺថ្មីមួយដែលបណ្ដុះក្ដីសង្ឃឹមដល់មនុស្សដែលត្រូវការជំនួយពិតប្រាកដ។
 
ជាក់ស្តែងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប សហការជាមួយមូលនិធិម៉េងលី ជេ. គួច បានរៀបចំកម្មវិធីសម្បុរសធម៌ទៅកាន់សាលាបឋមសិក្សាគោកស្នួល ដែលស្ថិតនៅឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប កំពុងជួបប្រទះការខ្វះខាតសម្ភារប្រើប្រាស់ និងបរិក្ខាផ្សេងៗ នៅក្នុងបន្ទប់រៀននីមួយៗ។
 


ពាក់ព័ន្ធនឹងកម្មវិធីសប្បុរសធម៌ នៅថ្ងៃនេះ លោក សែម សំអាន ប្រធានគ្រប់គ្រងគម្រោងមូលនិធិ នៃមូលនិធិ ម៉េងលី ជេ. គួច បានឱ្យដឹងថា សម្រាប់ការឧបត្ថម្ភជូនដល់សាលាខាងលើរួមមាន ការជួយសាងសង់នូវអណ្តូងទឹកចំនួន១ ចែកជូនសម្ភារសិក្សាចំនួន២០០ កញ្ចប់ដល់សិស្សានុសិស្សនិងសម្ភារប្រើប្រាស់សម្លៀកបំពាក់មួយចំនួនធំ ចែកជូនដល់អាណាព្យាបាលសិស្សផងដែរ។ 
 
កញ្ញា គង់ លក្ខិណា នាយិកា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បានលើកឡើងថា ការឧបត្ថម្ភអណ្តូងទឹកស្អាតនេះ ដោយសារតែមើលឃើញថា សាលាបឋមសិក្សាគោកស្នួលនេះ មានកង្វះខាតទឹកស្អាតប្រើប្រាស់ជាខ្លាំង ដែលធ្វើឱ្យសិស្សានុសិស្សតម្រូវមកទឹកមកពីផ្ទះដើម្បីប្រើសម្រាប់លាងដៃ និងក្នុងបន្ទប់ទឹក មិនត្រឹមតែប៉ុណ្ណោះសម្ភារសិក្សារបស់គាត់ ក៏មានបញ្ហាប្រឈមផងដែរ។ 
 


យ៉ាងណាមិញ កញ្ញា បានបញ្ជាក់ថា សប្បុរសធម៌នេះ នឹងនាំមកនូវស្មារតីមនុស្សធម៌នៃការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់ ដើម្បីធ្វើឱ្យពិភពលោកនេះក្លាយជាកន្លែងកាន់តែល្អប្រសើរសម្រាប់មនុស្សគ្រប់គ្នា។ 
 
នាយិកាគង់ លក្ខិណា បានបញ្ជាក់យ៉ាងដូច្ន៖ «នេះជាការដាស់ស្មារតីមនុស្សធម៌នៃក្តីបារម្ភ និងសេចក្តីស្រឡាញ់ ដើម្បីធ្វើឱ្យពិភពលោកក្លាយជាកន្លែងកាន់តែល្អប្រសើរសម្រាប់មនុស្សគ្រប់គ្នា ហើយព្រឹត្តិការណ៍សប្បុរសធម៌នេះ នឹងមិនអាចប្រព្រឹត្តទៅបានទេ បើគ្មានកិច្ចខិតខំប្រឹងប្រែងនិងសហការពីសិស្សានុសិស្ស មាតាបិតា លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ដែលបានជួយក្នុងកម្មវិធីរៃអង្គាសថវិកានៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប។ »
 
សូមជម្រាបជូនថា ក្រៅពីសកម្មភាពចែកសម្ភារសិក្សា ដល់សិស្សានុសិស្ស និងការដាក់ឱ្យប្រើប្រាស់អណ្តូងទឹក គឺមានការចូលរួមសកម្មភាពផ្សេងទៀតដូចជា ការដាំដើមឈើ ការដើររើសសំរាម និងសម្អាតបរិស្ថានក្នុងបរិវេនសាលាទាំងមូល ជាពិសេសក៏មានការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការថែទាំសុខភាព និងអនាម័យខ្លួនប្រាណ ដោយលោកវេជ្ជបណ្ឌិត និន សុខរង្សី ប្រធានផ្នែកមជ្ឈមណ្ឌលសុខភាពសិស្ស និន សុខរង្សី ទៀតផង៕ 









































Tag:
 AIS
© រក្សាសិទ្ធិដោយ thmeythmey.com