អន្តរជាតិ
ចិនព្រមានចាត់វិធានការដាច់ខាតចំពោះការលក់អាវុធពីសំណាក់អាម៉េរិកឱ្យតៃវ៉ាន់
03, Mar 2023 , 11:34 am        
រូបភាព
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២ ខែមីនា។ រូបភាពក្រសួងការបរទេសចិន
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២ ខែមីនា។ រូបភាពក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning នៅថ្ងៃទី២ ខែមីនា បានព្រមានចាត់វិធានការយ៉ាងមុតមាំ ចំពោះការលក់អាវុធពីសំណាក់ក្រុងវ៉ាស៊ីនតោនឱ្យក្រុងតៃប៉ិ។ បើតាមមន្រ្តីក្រសួងការបរទេសចិនរូបនេះ ការលក់អាវុធឱ្យកោះតៃវ៉ាន់ ជាការបំពានគោលការណ៍ចិនតែមួយ។


ក្រសួងការបរទេសអាម៉េរិក នៅពេលកន្លងមក បានឯកភាពលក់អាវុធជាថ្មីដល់កោះតៃវ៉ាន់ ក្នុងទំហំ៦១៩លានដុល្លារ។ អាវុធទាំងនោះរួមមាន មីស៊ីលប្រឆាំងយន្តហោះបាញ់ពីអាកាសទៅអាកាសចម្ងាយមធ្យម (AMRAAM) ចំនួន ២០០ដើម និងមីស៊ីល AGM-88B ១០០ដើម។
 
ក្រោយការផ្តល់ភ្លើងបៃតងនេះ ក្រសួងការបរទេសចិន បានជំទាស់យ៉ាងខ្លាំង និងជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គោរពគោលការណ៍ចិនតែមួយ និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមានជាមួយគ្នា។ 
 
«យើងជំរុញឱ្យអាម៉េរិកគោរពគោលការណ៍ចិនតែមួយ, កិច្ចព្រមព្រៀងរួមគ្នាចំនួន ៣, បញ្ឈប់ការលក់អាវុធ និងកិច្ចសន្យាយោធាជាមួយតៃវ៉ាន់»។ លោកស្រី Mao Ning បានផ្តល់ចម្លើយបែបនេះទៅកាន់សំណួរអ្នកសារព័ត៌មាន ដែលបានសួរជុំវិញការលក់អាវុធរបស់អាម៉េរិក ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២ ខែមីនា។ 
 
ទន្ទឹមនេះ មន្រ្តីការបរទេសការបរទេសចិន បានព្រមានយ៉ាងខ្លាំងៗថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងចាត់វិធានការឱ្យបានមុតមាំ ដើម្បីការពារអធិបតេយ្យ និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន។ យ៉ាងណាមិញ មន្រ្តីក្រសួងការបរទេសចិនរូបនេះ មិនបានបញ្ជាក់ឱ្យបានច្បាស់លាស់ឡើយ ថាតើចំណាត់ការនោះមានលក្ខណៈបែបណា។ កន្លងមក ក្រុងប៉េកាំង បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនលក់អាវុធអាម៉េរិកជាបន្តបន្ទាប់ ក្រោមហេតុផលលក់អាវុធឱ្យកោះតៃវ៉ាន់។ 
 
ដោយអាម៉េរិកនៅតែបន្តលក់អាវុធឱ្យកោះតៃវ៉ាន់ លោកស្រី Mao បានបន្ថែមថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន ដែលមិនអាចកាត់ផ្តាច់បាន ហើយការព្យាយាមប្រើប្រាស់តៃវ៉ាន់ពីសំណាក់អាម៉េរិក ដើម្បីកៀបសង្កត់ចិន ជាដើមចមនៃភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។ 
 
សូមបញ្ជាក់ថា អាម៉េរិក មិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ឡើយ ប៉ុន្តែប្រទេសមហាអំណាចមួយនេះ អាចលក់អាវុធឱ្យក្រុងតៃប៉ិបាន ដើម្បីការពារខ្លួនពីការវាយប្រហារ ដោយផ្អែកលើច្បាប់ទំនាក់ទំនងតៃវ៉ាន់ ឆ្នាំ១៩៧៩៕​
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com