អន្តរជាតិ
អាម៉េរិក​ បន្ថែមទណ្ឌកម្មលើ​អ៊ីរ៉ង់​​
03, Mar 2023 , 2:32 pm        
រូបភាព
រដ្ឋបាលអាម៉េរិក នៅថ្ងៃទី២ ខែមីនា បានប្រកាសដាក់​ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ដោយកំណត់​គោលដៅ​លើការលក់​ប្រេង និងសារធាតុគីមីចម្រាញ់ពីប្រេងឥន្ធនៈ ស្របពេលកិច្ចចរចា​ការទូត​រវាងទី​ក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​តេអេរ៉ង់លើសំណុំរឿងមីស៊ីល​នៅ​តែបន្ត​ជាប់គាំង។


«អាម៉េរិកប្តេជ្ញាកាត់បន្ថយយ៉ាងខ្លាំងនូវការនាំចេញថាមពលរបស់អ៊ីរ៉ង់ ហើយនឹងដាក់ទណ្ឌកម្មអ្នកដែលពាក់ព័ន្ធពាណិជ្ជកម្មប្រេង និងសារធាតុគីមីចម្រាញ់ប្រេងឥន្ធនៈរបស់អ៊ីរ៉ង់»។ ក្រសួងការបរទេសអាម៉េរិកបានលើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២ ខែមីនា ដោយប្រកាសពីការដាក់ទណ្ឌកម្មបន្ថែម។ 
 
ការដាក់ទណ្ឌកម្មថ្មីនេះ នឹងប៉ះពាល់ដល់ក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅវៀតណាម ក្រុមហ៊ុនពីរដែលមានមូលដ្ឋាននៅចិន ក្រុមហ៊ុនពីរទៀតនៅអ៊ីរ៉ង់ និងមួយនៅអេមីរ៉ាតអារ៉ាប់រួម។ អាម៉េរិកចោទក្រុមហ៊ុនទាំងនេះថា ជាប់ពាក់ព័ន្ធក្នុងការដឹកជញ្ជូន ឬលក់ប្រេង និងសារធាតុគីមីបានមកពីប្រេងឥន្ធនៈរបស់អ៊ី​រ៉ង់​។ ទណ្ឌកម្មនេះនឹងរួមបញ្ចូលការបង្កកទ្រព្យសម្បត្តិរបស់អង្គភាពទាំងនេះនៅអាម៉េរិក ក៏ដូចជាការហាមប្រាមមិនឱ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុនផ្សេងទៀតនៅអាម៉េរិក។ 
 
ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃដដែល ក្រសួងការបរទេសអាម៉េរិកបញ្ជាក់ថា វិធានការទាំងនេះបានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់អាម៉េរិកដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ហើយអាម៉េរិកនឹង​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចាត់​វិធានបន្ថែមប្រឆាំង​នឹង​អ្នក​ដែល​ព្យាយាមប្រឆាំងនឹងទណ្ឌកម្មអាម៉េរិកឡើយ។ 
 
គួរបញ្ជាក់ថា អ៊ីរ៉ង់បានប្រឈមមុខនឹងទណ្ឌកម្មដ៏ច្រើនសន្ធឹកសន្ធាប់ពីអាម៉េរិកចាប់តាំងពីឆ្នាំ២០១៨ មក នៅពេលលោក ដូណាល់ ត្រាំ ដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរពហុភាគីដែលកំណត់អ៊ីរ៉ង់ឱ្យកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មអន្តរជាតិ។ 
 
លើសពីនេះ ទំនាក់ទំនងរវាងអាម៉េរិក និងអ៊ីរ៉ង់បានប្រែកាន់តែស្មុគស្មាញក្រោយការបង្រ្កាបលើការតវ៉ាប្រឆាំងរដ្ឋាភិបាល​នៅអ៊ីរ៉ង់និងការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនថា ទីក្រុងតេអេរ៉ង់បានផ្គត់ផ្គង់​យន្តហោះដ្រូនដល់រុស្ស៊ីប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន៕
 

Tag:
 អាម៉េរិក
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com