កីឡាអន្តរជាតិ
អន្តរជាតិ
Messi រងការគំរាមកំហែង ខណៈមានមនុស្ស​ ​២នាក់ បាញ់រះចូលផ្សារទំនើបរបស់ក្រុមគ្រួសារប្រពន្ធខ្លួន
03, Mar 2023 , 4:12 pm        
រូបភាព
មនុស្ស ២នាក់បានជិះម៉ូតូ ហើយបានបាញ់ប្រហារសំដៅទៅក្នុងផ្សារទំនើបមួយកន្លែង ដែលត្រូវបានគេស្គាល់ថាជារបស់ក្រុមគ្រួសារប្រពន្ធខ្សែប្រយុទ្ធ Lionel Messi អ្នកស្រី Antonela Roccuzzo ក្នុងទីក្រុង Rosario ខេត្ត Santa Fe នៃប្រទេសអាហ្សង់ទីន។ នេះបើតាមរបាយការណ៍ពីសំណាក់អភិបាលក្រុង នាព្រឹកថ្ងៃទី២ ខែមីនា។


ជនបង្កទាំង ២នាក់នោះ បានផ្ញើសារគំរាមកំហែងទៅកាន់ Messi ប្រធានក្រុមអាហ្សង់ទីន និងជាកីឡាករឈ្នះពានកីឡាករល្អប្រចាំពិភពលោកចំនួន ៧ដង ដោយបានសរសេរអក្សរនៅលើទ្វារខាងក្រៅផ្សារទំនើបដូច្នេះថា៖«Messi យើងនឹងរង់ចាំអ្នក! (Pablo) Javkin ក៏ជាជនបំពានច្បាប់ គេមិនអាចជួយអ្វីអ្នកបាននោះទេ។»។​
  


ក្រោយមានហេតុការណ៍ដ៏តក់ស្លុតនេះកើតឡើង លោក Pablo Javkin ដែលជាអភិបាលក្រុង Rosario បានស្តីបន្ទោសទៅកាន់ក្រុមមន្ត្រីការពារសន្តិសុខ ដែលមិនអាចរារាំងនិងប្រយុទ្ធប្រឆាំង ទៅនឹងអំពើឩក្រិដ្ឋកម្មដែលបង្កឡើងពីជនល្មើសនេះ។​ ​
 
​«ខ្ញុំបាននិយាយជាមួយនឹងក្រុមគ្រួសារ Roccuzzos ហើយពួកគេមានការព្រួយបារម្ភខ្លាំង។ លោក Javkin បាននិយាយប្រាប់អ្នកកាសែតនៅខាងក្រៅផ្សារទំនើប ដែលត្រូវរងការវាយប្រហារ។
 
បើតាមរូបភាពពីកញ្ចក់ទូរទស្សន៍ បានបង្ហាញសំណល់គ្រាប់កាំភ្លើង នៅលើផ្លូវដើរ ក្នុងទីកន្លែងធ្វើជំនួញ ដែលជាកម្មសិទ្ធិរបស់ក្រុមគ្រួសារ​ Roccuzzo។ នៅចំពីមុខផ្សារទំនើបនោះ ត្រូវបានគេរកឃើញមានស្លាក់ស្នាមគ្រាប់កាំភ្លើងបាញ់ចំនួន ១៤គ្រាប់ ហើយទីតាំងផ្សារទំនើបមួយនោះ ត្រូវបានបិទទ្វារមិនដំណើរការ​។


 
បើតាមការបញ្ជាក់ពីសំណាក់រដ្ឋមន្ត្រីសន្តិសុខក្នុងខេត្ត Santa Fe លោក Claudio Brilloni អាជ្ញាធរនៅមិនទាន់សន្មត់មូលហេតុច្បាស់លាស់ណាមួយនៅឡើយ ទាក់ទងនឹងការបាញ់បោះនេះ។ ហើយបើតាមទីភ្នាក់ងារសារព័ត៌មាន Rosario ក្រុមគ្រួសារ Roccuzzos មិនធ្លាប់រងការគំរាមកំហែងអ្វីពីមុនមកនោះទេ។
 
ទីក្រុង Rosario ជាទីក្រុងដ៏សំខាន់មួយរបស់ប្រទេសអាហ្សង់ទីន ។ ទីក្រុងនេះមានកំពង់ផែដ៏សំខាន់ ក្នុងការដឹកជញ្ជូនទំនិញដ៏សំខាន់ ដោយក្នុងមួយថ្ងៃ មានកប៉ាល់រាប់សិបគ្រឿង បានដឹកគ្រាប់ធញ្ញជាតិរាប់ពាន់តោន ទៅកាន់ប្រទេសផ្សេងៗលើពិភពលោក នារយៈប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ ទីក្រុងនេះក៏ជាទីក្រុងទីមួយ ដែលសម្បូរទៅដោយ ករណីឃាតកម្ម ដោយក្នុងនោះបង្កឡើងពីសំណាក់ក្រុមក្មេងទំនើង និងក្រុមជួញដូរគ្រឿងញ្ញៀន។ នេះបើតាមរបាយការណ៍នៃបណ្តឹងរបស់តុលាការ ។
 
ការវាយប្រហារនេះ បានកើតឡើងរយៈពេល ២សប្តាហ៍ មុនពេលដែលក្រុមជម្រើសជាតិអាហ្សង់ទីន នឹងប្រកួតមិត្តភាពក្នុងប្រទេស បន្ទាប់ពី Messi បានជួយក្រុមឱ្យឈ្នះជើងឯក World Cup 2022 ក្នុងប្រទេសកាតា។​
 
អាហ្សង់ទីននឹងត្រូវស្វាគមន៍ក្រុម Panama នៅថ្ងៃទី២៣ ខែមីនា ក្នុងទីក្រុង ​Buenos Aires និងការប្រកួតទីពីរក្នុងខេត្ត Santiago del Estero ទល់ក្រុម Curacao នៅថ្ងៃទី២៨ មីនា។ ការប្រកួតទាំងពីរមិនបានធ្វើឡើងនៅក្នុងទីក្រុង Rosario ឡើយ៕
 
 

Tag:
 Lionel Messi
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com