អន្តរជាតិ
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជំរុញឱ្យអាស៊ានចេញចំណាត់ការតឹងរ៉ឹងដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា
03, Mar 2023 , 4:50 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ រូបភាព យកពីTwitter របស់លោកអាន់វ៉ា
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ រូបភាព យកពីTwitter របស់លោកអាន់វ៉ា
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងដំណើរទស្សនកិច្ចនៅហ្វីលីពីន បានជំរុញឱ្យអាស៊ានដាក់ចេញវិធានការម៉ឹងម៉ាត់ជាងមុនដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ដែលបានអូសបន្លាយ២ឆ្នាំ។ បើតាមប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា មិនមែនជាបញ្ហាផ្ទៃក្នុងទាំងស្រុងឡើយ។​


វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ជាប្រធានបទដ៏ក្តៅមួយសម្រាប់អាស៊ាន ដោយបញ្ហាមួយនេះ បានអូសបន្លាយ និងមិនទាន់មានច្រកចេញ។ កន្លងមក អាស៊ានបានដាក់ចេញការឯកភាព ៥ចំណុច និងជំរុញឱ្យមានកិច្ចពិភាក្សាថ្នាក់ជាតិនៅមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយដ៏ប្រសើរមួយ។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន ANC ដែលចេញផ្សាយនៅថ្ងៃទី៣ ខែមីនា អំឡុងពេលទស្សនកិច្ចនៅហ្វីលីពីន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានលើកឡើងពីបញ្ហានយោបាយមីយ៉ាន់ម៉ាជាថ្មី និងជំរុញឱ្យអាស៊ានដាក់ចេញវិធានការតឹងរ៉ឹងជាងមុន ដើម្បីស្វែងរកដំណោះស្រាយវិបត្តិនយោបាយ។ 
 
«យើងមិនបានឃើញបញ្ហានេះជាបញ្ហាផ្ទៃក្នុងទាំងស្រុងឡើយ។ ដូចនេះខ្ញុំអំពាវនាវឱ្យមិត្តនៅក្នុងអាស៊ាន ពិនិត្យមើលវិធានដែលយើងត្រូវអនុវត្តម៉ឹងម៉ាត់ជាងមុន»។ លោក អាន់វ៉ា បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា វាពិតជាសំខាន់ក្នុងការរក្សាទំនាក់ទំនងជាមួយកម្លាំងប្រដាប់អាវុធ ដោយសារពេលខ្លះរបបយោធា មិនយល់ពីការព្រួយបារម្ភផ្នែកស៊ីវិលឡើយ។
 
ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី បានបន្ថែមថា បណ្តាប្រទេសអាស៊ាន មិនអាចទទួលយកបានឡើយចំពោះអំពើឃោរឃៅ។ ត្រង់ចំណុចនេះ លោកអាន់វ៉ា បានជំរុញឱ្យស្វែងរកដំណោះស្រាយ ដើម្បីបង្ហាញថាអាស៊ានអាចបន្ធូរបន្ថយវិបត្តិនៅមីយ៉ាន់ម៉ាបាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីហ្វីលីពីនកន្លងទៅ លោកអាន់វ៉ា ក៏បានបញ្ជាក់ផងដែរថា អាស៊ាន គួរពិចារណាឡើងវិញលើចំណាត់ការក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ កន្លងមក ម៉ាឡេស៊ី បានទទួលប្រជាជនភៀសខ្លួនមីយ៉ាន់ម៉ាច្រើនជាង ២០ម៉ឺននាក់។
 
គួររំឭកថា យោធាមីយ៉ាន់ម៉ា បានសន្យារៀបចំការបោះឆ្នោតនៅក្នុងឆ្នាំ២០២៣។ ប៉ុន្តែនៅក្នុងខែកុម្ភៈកន្លងទៅ យោធាមីយ៉ាន់ម៉ា បានបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល៦ខែបន្ថែមទៀត៕ 
 

Tag:
 អាស៊ាន
  មីយ៉ាន់ម៉ា
  ម៉ាឡេស៊ី
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com