អន្តរជាតិ
ប្រមុខការទូតក្រុម Quad ថ្កោសទោសរុស្ស៊ីដែលគំរាមប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន
03, Mar 2023 , 9:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសនៃភាពជាដៃគូសន្តិសុខចតុភាគី (Quad)។ រូបភាពយកពី Twitter រដ្ឋមន្រ្តីការបរទេសអាម៉េរិក​អាន់តូនី ប្លីងខិន
រដ្ឋមន្រ្តីការបរទេសនៃភាពជាដៃគូសន្តិសុខចតុភាគី (Quad)។ រូបភាពយកពី Twitter រដ្ឋមន្រ្តីការបរទេសអាម៉េរិក​អាន់តូនី ប្លីងខិន
រដ្ឋមន្រ្តីការបរទេសភាពជាដៃគូសន្តិសុខចតុភាគី (Quad) នៅថ្ងៃទី៣ ខែមីនា បានថ្កោសទោសរុស្ស៊ី ដែលបានគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងសង្រ្គាមនៅអ៊ុយក្រែន និងចាត់ទុកជាសកម្មភាពហាមឃាត់។ ទន្ទឹមនេះ ភាពជាដៃគូសន្តិសុខចតុភាគី ក៏បានជំទាស់សកម្មភាពជាឯកតោភាគីរបស់ចិននៅក្នុងតំបន់ផង។
-
រដ្ឋមន្រ្តីការបរទេសភាពជាដៃគូសន្តិសុខចតុភាគី ដែលមានអាម៉េរិក ឥណ្ឌា អូស្រ្តាលី និងឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៣ ខែមីនា ជុំវិញបញ្ហាជាច្រើន ដោយក្នុងនោះមានការរិះគន់រុស្ស៊ីដែលបានគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន។ 
 
«រដ្ឋមន្រ្តីការបរទេស Quad បានឯកភាពថា ការប្រើប្រាស់ ឬការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺមិនអនុញ្ញាតឡើយ»។ រដ្ឋមន្រ្តីការបរទេសភាពជាដៃគូសន្តិសុខចតុភាគី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួម ក្រោយកិច្ចប្រជុំនៅក្រុងញូវដែលី។ 
 
ទន្ទឹមនេះ ប្រមុខការទូតនៃបណ្តាប្រទេសទាំងបួន យល់ស្របពីភាពចាំបាច់នៃភាពត្រឹមត្រូវ និងសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន ដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ។ បន្ថែមពីនេះ រដ្ឋមន្រ្តីទាំងបួន បានអះអាងថា សណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់ ត្រូវតែគោរពអធិបតេយ្យ បូរណភាពដែនដី តម្លាភាព និងសេចក្តីសម្រេចលើជម្លោះប្រកបដោយសន្តិភាព។ 
 
ក្នុងកិច្ចប្រជុំដែលមានរដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក S. Jaishankar ជាអ្នកដឹកនាំនេះ ក្រុមប្រទេស Quad បានប្តេជ្ញាការពារសិទ្ធិសេរីភាព នីតិរដ្ឋ បូរណភាពដែនដី ការដោះស្រាយជម្លោះដោយមិនប្រើប្រាស់កម្លាំងទ័ព រួមទាំងសិទ្ធិសេរីភាពនៃការហោះហើរ និងធ្វើដំណើរតាមផ្លូវទឹកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផង។ 
 
លើសពីនេះ អាម៉េរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី បានជំទាស់ការប៉ុនប៉ងជាឯកតោភាគី ក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ដែលមានភាពសំខាន់សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះ។ ត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេសទាំង ៤ ទំនងសំដៅដល់សកម្មភាពរបស់ចិន ដែលតែងគំរាមកំហែងសកម្មភាពយោធាលើតៃវ៉ាន់ និងនៅក្នុងសមុទ្រចិនខាងត្បូង។ 
 
ក្នុងកិច្ចពិភាក្សា Raisina ធ្វើឡើងនៅក្នុងថ្ងៃដដែល រដ្ឋមន្រ្តីទាំង ៤ បានបញ្ជាក់ជាថ្មីថា ក្រុមប្រទេស Quad មិនបានសះស្វែងរកជម្លោះជាមួយចិនឡើយ ប៉ុន្តែវាជាការឱ្យតម្លៃប្រជាធិបតេយ្យ អភិបាលកិច្ចល្អ តម្លាភាព សុខភាពសកល និងការជួយសង្រ្គោះក្នុងពេលមានគ្រោះមហន្តរាយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
រដ្ឋមន្រ្តីការបរទេសជប៉ុន លោកយ៉ូស៊ីម៉ាសា ហាយ៉ាស៊ី បានសង្កត់ធ្ងន់ថា ក្នុងលក្ខខណ្ឌចិនគោរពច្បាប់ និងបទដ្ឋានអន្តរជាតិ វានឹងមិនមានបញ្ហាជម្លោះរវាងចិន និងក្រុមប្រទេស​ Quad ឡើយ។ ចំណែកសមភាគីអាម៉េរិក លោក អាន់តូនី ប្លីងខិន បាននិយាយការពារថា ភាពជាដៃគូសន្តិសុខចតុភាគី មិនត្រូវបានបង្កើតឡើង ដើម្បីរារាំងការអភិវឌ្ឍចិន ឬទាមទារឱ្យប្រទេសណាមួយគាំទ្រខ្លួន ឬចិនឡើយ៕
 
 

Tag:
 រុស្ស៊ី
  Quad
  អ៊ុយក្រែន
  អាម៉េរិក
  ជប៉ុន
  រុស្ស៊ី
  ឥណ្ឌា
  អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com