អន្តរជាតិ
UN​ ថាយោធាមីយ៉ាន់ម៉ាបានបង្កឱ្យមានវិបត្តិសិទ្ធិមនុស្សមិនចេះឈប់ឈរ
04, Mar 2023 , 7:40 pm        
រូបភាព
របាយការណ៍មួយដែលចេញផ្សាយដោយអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី៣ ខែមីនាបានចោទយោធាមីយ៉ាន់ម៉ាថាបានបង្កឱ្យមានវិបត្តិសិទ្ធិមនុស្សជារៀងរហូតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍​មួយនេះ និងបានអំពាវនាវឱ្យយោធាបញ្ឈប់សកម្មភាពអំពើហិង្សាជាបន្ទាន់។


ចាប់តាំងពីរបបយោធាបានក្តោបអំណាចនៅឆ្នាំ២០២០​ មីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងភាពវឹកវរ ដោយមានចលនាតស៊ូប្រឆាំងនឹងយោធាជាច្រើន និងបង្កឱ្យមានការបង្រ្កាបយ៉ាងឃោរឃៅពីសំណាក់យោធារហូតមានការដាក់ទណ្ឌកម្មជាច្រើនពីបណ្តាប្រទេសលោកខាងលិច។ 
 
បើតាមរបាយការណ៍មួយដែលចេញផ្សាយដោយអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី ៣ ខែមីនា​ ចន្លោះពីថ្ងៃទី១​ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ UN បានរកឃើញថា អំពើហិង្សាបានកើតឡើងកាន់តែខ្លាំងនៅភាគពាយ័ព្យ និងភាគអាគ្នេយ៍មីយ៉ាន់ម៉ា ដោយសារតែការវាយប្រហារតាមអាកាសដោយមិនរើសមុខ និងការបាញ់ផ្លោងកាំភ្លើងធំ ការដុតភូមិជាច្រើនក្នុងគោលបំណងបណ្ដេញពលរដ្ឋ និងការមិនអនុញ្ញាតឱ្យមានការផ្ដល់ជំនួយ។ 
 
របាយការណ៍ក៏បានបន្ថែមថា យុទ្ធសាស្ត្រដែលយោធាមីយ៉ាន់ម៉ាបបានប្រើប្រាស់ រៀបចំឡើងក្នុងគោលបំណងកាត់ផ្តាច់ក្រុមប្រដាប់អាវុធប្រឆាំងយោធាពីការទទួលបានអាហារ ជំនួយហិរញ្ញវត្ថុ ការស៊ើបការណ៍សម្ងាត់ និងការប្រមូលផ្ដុំមនុស្សបន្ថែម។ 
 
«ការណ៍ដែលគ្មានការដាក់ទោសលើយោធាជាបន្តបន្ទាប់ បានបង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះកាតព្វកិច្ច និងគោលការណ៍អន្តរជាតិ»។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បាននិយាយបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ មុនបន្តជំរុញឱ្យឱ្យបញ្ឈប់សកម្មភាព​ជាបន្ទាន់ ដើម្បី​បញ្ចប់​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​នេះ។ 
 
កន្លងមក រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាធ្លាប់បាននិយាយថា ខ្លួនមានកាតព្វកិច្ចធានាសន្តិភាព និងសន្តិសុខ​ ហើយបានបដិសេធថាខ្លួនមិនបានប្រព្រឹត្តអំពើឃោរឃៅ តែកំពុងអនុវត្តយុទ្ធនាការស្របច្បាប់ប្រឆាំងនឹងភេរវករប៉ុណ្ណោះ៕

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com