អន្តរជាតិ
មេដឹកនាំអាម៉េរិកនិងអាល្លឺម៉ង់ ប្តេជ្ញាបន្តទណ្ឌកម្មរុស្ស៊ីចំពោះសង្គ្រាមនៅអ៊ុយក្រែន
04, Mar 2023 , 3:20 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងអធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្ហូល នៅថ្ងៃទី៣ ខែមីនាបានប្តេជ្ញាដាក់ទណ្ឌកម្មលើរុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែន ស្របពេលដែលមន្ត្រីសហភាពអឺរ៉ុបព្រមានដាក់ទណ្ឌកម្មចិនដូចគ្នា បើហ៊ានផ្ដល់សព្វាវុធដល់រុស្ស៊ី។

 
បើតាមមន្ត្រីរដ្ឋបាលវ៉ាស៊ីនតោន ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងអធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល បានជួបជជែកគ្នាជាលក្ខណៈឯកជននៅក្នុងការិយាល័យពងក្រពើនៅសេតវិមានអស់រយៈពេលជាងមួយម៉ោង។ ការពិភាក្សារបស់មេដឹកនាំទាំងពីរបានផ្តោតសំខាន់លើសារសំខាន់នៃការបន្តសាមគ្គីភាពជាសកលជាមួយប្រជាជនអ៊ុយក្រែន និងការប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការផ្តល់ជំនួយផ្នែកសន្តិសុខ មនុស្សធម៌ សេដ្ឋកិច្ច និងនយោបាយដល់អ៊ុយក្រែន។
 
លោក បៃឌិន បានថ្លែងអំណរគុណដល់មេដឹកនាំអាល្លឺម៉ង់សម្រាប់ភាពជាអ្នកដឹកនាំដ៏រឹងមាំ មានស្ថិរភាព និងផ្ដល់ការគាំទ្រជាបន្តបន្ទាប់ដល់អ៊ុយ​ក្រែន​។ ឯលោក ស្ហូល បានលើកឡើងថា វាជារឿងសំខាន់ដែលសម្ព័ន្ធមិត្តបង្ហាញការគាំទ្រដល់ទីក្រុង កៀវ ដរាបណាមានការចាំបាច់។
 
មុនពេលកិច្ចជំនួបនេះ មន្ត្រីអាម៉េរិកបាននិយាយថា ចំណុចពិភាក្សា រួមមានស្ថានភាពនៃសង្រ្គាមនៅអ៊ុយក្រែន និងរបៀបឆ្លើយតប ប្រសិនបើចិនផ្តល់ជំនួយយោធាដល់រុស្ស៊ី។
 
ទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមពិភាក្សាជាមួយសម្ព័ន្ធមិត្តពីការដាក់ទណ្ឌកម្មដែលអាចកើតមានលើចិន ប្រសិនបើទីក្រុងប៉េកាំងហ៊ានផ្តល់ជំនួយគាំទ្រផ្នែកយោធាដល់រុស្ស៊ីសម្រាប់វាយប្រហារលើអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ស្រង់សម្តីមន្ត្រីអាម៉េរិកនៅសប្តាហ៍នេះ។ 
 
តាមប្រភពដដែល ទីក្រុងវ៉ាស៊ីនតោនបានអះអាងថា​ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះចិនកំពុងពិចារណាផ្តល់អាវុធដល់រុស្ស៊ី ទោះបីជាមន្ត្រីអាម៉េរិកមិនទាន់មានព័ស្តុតាងបញ្ជាក់ពីរឿងនេះក្តី។ យ៉ាងណាមិញ ចិនបាន​បដិសេធការចោទប្រកាន់នេះ។ 
 
នៅក្នុងសន្និសីទដាច់ដោយឡែកមួយ មន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុបក៏បានលើកឡើងថា ចិននឹងឆ្លងបន្ទាត់ក្រហម ប្រសិនបើចិនផ្តល់អាវុធដល់រុស្ស៊ី ហើយសហភាពអឺរ៉ុបនឹងឆ្លើយតបជាមួយនឹងទណ្ឌកម្ម។ លើសពីនេះ អធិការបតីអាល្លឺម៉ង់ ក៏បានផ្ញើការព្រមានខ្លាំងៗទៅចិននាពេលថ្មីៗនេះ មិនឱ្យផ្តល់សព្វាវុធដល់ទីក្រុងម៉ូស្គូ និងបានអំពាវនាវឱ្យទីក្រុងប៉េកាំងដាក់សម្ពាធលើរុស្ស៊ី៕

Tag:
 (អាម៉េរិក
  អាល្លឺម៉ង់)
© រក្សាសិទ្ធិដោយ thmeythmey.com