អន្តរជាតិ
WHO ជំរុញឱ្យប្រទេសនានាបង្ហាញព័ត៌មានទាក់ទងប្រភពដើមនៃជំងឺកូវីដ-១៩
04, Mar 2023 , 11:30 pm        
រូបភាព
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៣​ ខែមីនាបានជំរុញប្រទេសទាំងអស់បង្ហាញព័ត៌មានដែលខ្លួនបានដឹងទាក់ទិននឹងប្រភពដើមនៃជំងឺកូវីដ-១៩។ ការអំពាវនាវនេះ បានកើតឡើងបន្ទាប់ពីអាម៉េរិកអះអាងថា ជំងឺកូវីដ-១៩ ទំនងជាលេចធ្លាយចេញពីមន្ទីរពិសោធន៍របស់ចិន​។


នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) លោក Christopher Wray នាពេលថ្មីៗនេះបានប្រាប់ទូរទស្សន៍ Fox News ថាជំងឺកូវីដ-១៩ ទំនងជាផ្ទុះចេញពីមន្ទីរពិសោធន៍នៅទីក្រុងវូហាន ដែលជាមន្ទីរពិសោធន៍ស្រាវជ្រាវមេរោគដ៏ធំរបស់ចិន។ ការចោទប្រកាន់នេះ បានធ្វើឱ្យចិនបង្ហាញការខឹងសម្បារជាខ្លាំង ដោយបានច្រានចោលការចោទប្រកាន់នេះ។ 
 
បន្ទាប់ពីមានរបាយការណ៍ជាហូរហែរពីប្រទេសផ្សេងៗទាក់ទងនឹងប្រភពដើមនៃជំងឺកូវីដ-១៩​ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៣​ ខែមីនា​បានស្នើឱ្យប្រទេសទាំងអស់ចែករំលែកព័ត៌មានជាមួយខ្លួនដើម្បើស្រាវជ្រាវឱ្យកាន់តែស៊ីជម្រៅ។ 
 
«ប្រសិនបើប្រទេសណាមួយមានព័ត៌មានពីប្រភពដើមនៃជំងឺរាលដាលនេះ វាជារឿងចាំបាច់ដែលព័ត៌មាននោះត្រូវចែករំលែកជាមួយ WHO និងសហគមន៍វិទ្យាសាស្ត្រអន្តរជាតិ»។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយបែបនេះនៅថ្ងៃទី៣​ ខែមីនា។ 
 
ប្រធានអង្គការ WHO ក៏បានបន្ថែមថា ការចែករំលែកព័ត៌មាននេះមិនមែនដើម្បីស្តីបន្ទោសឬដាក់បន្ទុកលើប្រទេសណាមួយឡើយ ប៉ុន្តែដើម្បីជំរុញការយល់ដឹងពីរបៀបដែលជំងឺនេះបានកើតឡើង ដើម្បីការពារនិងឆ្លើយតបទៅនឹងជំងឺនេះ ក៏ដូចជាជំងឺរាតត្បាតនាពេលអនាគត។ លើសពីនេះ លោក Tedros ក៏បានសង្កត់ធ្ងន់ថា WHO មិនបានបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ប្រភពនៃជំងឺរាតត្បាតនេះនៅឡើយទេ។ 
 
ប្រមុខ WHO បន្តអំពាវនាវឱ្យចិនមានតម្លាភាពក្នុងការចែករំលែកទិន្នន័យ ស៊ើបអង្កេតចាំបាច់ និងចែករំលែកលទ្ធផល។ 
 
បើតាមទិន្នន័យពី WHO គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈនេះ មនុស្សប្រមាណ៧៥៨លាននាក់បានឆ្លងជំងឺកូវីដ-១៩ ខណៈមនុស្សជិត៧លាននាក់បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។ យ៉ាងណាមិញ WHO អះអាងថាចំនួនអ្នកស្លាប់ពិតប្រាកដអាចច្រើនជាងនេះ៕

Tag:
 (WHO)
© រក្សាសិទ្ធិដោយ thmeythmey.com