អន្តរជាតិ
ចិន នឹងបង្កើនថវិកាការពារជាតិដល់ ២២៥ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៣
05, Mar 2023 , 2:00 pm        
រូបភាព
លោកស៊ី ជីនភីង ប្រធានាធិបតីចិន។ រូបភាព រដ្ឋាភិបាលហុងកុង
លោកស៊ី ជីនភីង ប្រធានាធិបតីចិន។ រូបភាព រដ្ឋាភិបាលហុងកុង
ចិន នឹងបង្កើនថវិកាលើការពារជាតិរហូតដល់ ២២៥ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៣ ពោលគឺកើនឡើង ៧,២ភាគរយ។ ចំនួនដ៏ច្រើនបែបនេះ បានធ្វើឱ្យចិននៅតែបន្តជាប្រទេសចំណាយថវិកាលើវិស័យការពារជាតិច្រើនជាងគេបំផុត បន្ទាប់ពីអាម៉េរិក។
 
 
ពីមួយឆ្នាំទៅមួយឆ្នាំ ចិនបានខិតខំពង្រឹងសមត្ថភាពកម្លាំងយោធា និងធ្វើទំនើបកម្មអាវុធរបស់ខ្លួនយ៉ាងខ្លាំង ក្នុងគោលបំណងធ្វើឱ្យកងទ័ពរបស់ខ្លួនក្លាយជាកម្លាំងប្រដាប់អាវុធលំដាប់ពិភពលោក ដូចបណ្តាប្រទេសអភិវឌ្ឍន៍ដទៃនៅត្រឹមឆ្នាំ២០២៧។ មិនតែប៉ុណ្ណោះ ការពង្រឹងសមត្ថភាពនេះ ធ្វើឡើងស្របពេលមានការដាក់សម្ពាធពីប្រទេសលោកខាងលិច និងអាម៉េរិក។ 
 
នៅក្នុងរបាយការណ៍មួយរបស់ក្រសួងហិរញ្ញវត្ថុចិន ដែលបានចេញផ្សាយនៅក្រៅកិច្ចប្រជុំសភាប្រចាំឆ្នាំ ចិននឹងចំណាយថវិកាការពារជាតិចំនួន ២២៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣។ បើធៀបនឹងឆ្នាំ២០២២ ដែលមានចំនួនប្រមាណ២១០ពាន់លានដុល្លារ ចិន បានបង្កើនការចំណាយលើវិស័យការពារជាតិប្រមាណ ៧,២ភាគរយ។ 
 
ចំនួនដ៏ច្រើននេះ បានធ្វើឱ្យចិន ក្លាយជាប្រទេសឈរនៅលំដាប់ទីពីរនៃការចំណាយថវិកាលើយោធាច្រើនជាងគេលំដាប់ទីពីរបន្ទាប់ពីអាម៉េរិក ដែលមានទំហំច្រើនជាង ៨០០ពាន់លានដុល្លារ។ 
 
ក្នុងការអានរបាយការណ៍នៃសមិទ្ធផលរដ្ឋាភិបាល លោក លី ខឹឈាំង នាយករដ្ឋមន្រ្តីចិន បានបញ្ជាក់ថា កម្លាំងប្រដាប់អាវុធចិន គួរតែប្តេជ្ញា ក្នុងការហ្វឹកហាត់នៅក្រោមលក្ខខណ្ឌប្រយុទ្ធ និងការត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ។ 
 
បន្ថែមពីនេះ លោកលី ក៏បានអំពាវនាវឱ្យមានការលើកតម្កើងការអភិវឌ្ឍទំនាក់ទំនងប្រកបដោយសន្តិភាពជាមួយតៃវ៉ាន់ និងពន្លឿនដំណើរការបង្រួបបង្រួមរវាងចិន និងតៃវ៉ាន់។ ក្នុងសុន្ទរកថានោះ នាយករដ្ឋមន្រ្តី ដែលជិតផុតអាណត្តិរូបនេះ ក៏បានព្រមានផងដែរថា ចិននឹងចាត់វិធានការឱ្យបានម៉ឹងម៉ាត់បំផុត ដើម្បីជំទាស់ឯករាជ្យភាពតៃវ៉ាន់៕ 
 

Tag:
 ចិន
  អាម៉េរិក
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com